បទចម្រៀងប្រចាំខែ

TuneList - Make your site Live

អត្ថបទថ្មីៗ

Monday, August 1, 2011

កម្រងរឿងខ្លី ៖ ប្អូនស្រីសង្សារ




        »៣១ មករា ២០១១
          ក្រោមពន្លឺ ព្រះទិនករ ដ៏ភ្លឺចិញ្ចាង ចិញ្ចាំង ទេសភាព ខៀវស្រស់ ស្រងាត់អម ទៅដោយព្រៃភ្នំ មាន សាលាមួយដែលមាននិសិត្សជាច្រើនបានមកជួបជុំគ្នានៅក្នុងសាលាដើម្បីប្រារព្ឋពិធីបុណ្យមួយ
ដែលជា ប្រពៃណីរបស់សាលា ក្រុមនិសិត្សមួយ ចំនួនមានភារៈកិច្ចត្រូវធ្វើ ក្នុងពិធីបុណ្យ មានអ្នក ខ្លះកាន់សំភារៈ កីឡា អ្នកខ្លះកាន់ទង អ្នកខ្លះកាន់សំភារៈផ្សេងទៀតសម្រាប់ចូលរួមពិធីបុណ្យនេះ ក្នុងចំនោមក្រុម និសិត្សទាំងនោះមានយុវជន យុវតីពីរនាក់កាន់ទងជាមួយគ្នា ទាំងដែលពួកគេ មិន ដែលស្គាល់គ្នាពីមុនមក សោះ ប៉ុន្តែថ្ងៃនេះពួកគេបានមកកាន់ទងជាមួយគ្នា ហើយបានស្គាល់គ្នា តាមរយៈកែវភ្នែករបស់កម្លោះ​យើង ពិធីបុណ្យក៏ចាប់ផ្តើមប្រារព្ឋយ៉ាងអធឹកអធឹម យុវជន យុវតីជាសិស្សដែលសិក្សាក្នុងសាលាបាន ចូលរួមប្រគួតប្រជែង ក្នុងការប្រគួតកីឡាគ្រប់ប្រភេទ ពិធីបុណ្យបានប្រព្រឹត្តទៅពេញមួយព្រឹក ហើយ ក៏បានបញ្ចប់ទៅយ៉ាងឆាប់រហ័ស ក្រោមភាព សប្បាយរីករាយ កម្លោះ ក្រមុំដែលកាន់ទងជាមួយគ្នាក៏ បានស្គាល់គ្នា ហើកម្លោះយើងក៏ បានសុំ លេខទូរស័ព្ទរបស់ស្រីដើម្បីសុំធ្វើជាមិត្តភក្ក័ មាណវីគិតយ៉ាងយូរ ទើបសម្រេចចិត្តអោយ លេខ ទូរស័ព្ទ របស់នាងទៅអោយកម្លោះ
     ពេលវេលាកន្លងទៅយ៉ាងឆាប់រហ័ស ពួកគេទាំងពីរក៏ចាប់ផ្តើមទាក់ទងគ្នាតាមរយៈទូរស័ព្ទ ជារៀង រាល់ថ្ងៃ រហូតដល់ថ្ងៃមួយកម្លោះមេឃបានប្រាប់ថា គេស្រលាញ់ស្រីអូន ធ្វើអោយបេះដូង របស់ក្រមុំ កម្រើក ព្រោះតែស្រីមិនដែលលឺពាក្យនេះពីមុនមក នាងសុំពេលកម្លោះគិតពីរឿងនេះ មុននឹងសម្រេច ចិត្តប្រាប់ទៅកម្លោះវិញ ពួកគេចេះតែនិយាយទូរស័ព្ទជាមួយគ្នា ទីបំផុតស្រីអូន ក៏បាក់ចិត្តស្រលាញ់ មេឃដែរ ពួកគេតែងតែទូរស័ព្ទរកគ្នាជារៀងរាល់ថ្ងៃ ហើយប្រើពាក្យ ស្នេហាផ្អែមល្អែមជាមួយគ្នា ក្តី ស្រលាញ់របស់ពួកគេក៏ចាប់ផ្តើមកើតឡើង ខណៈពេលដែល ពួកគេនៅក្បែរគ្នាមួយរយៈ
          »១៤ កុម្ភះ ២០១១
          ចាប់ផ្តើមថ្ងៃថ្មីនេះ ជាថ្ងៃដែលពិសេសបំផុតសម្រាប់យុវជន យុវតីដែលចង់បង្ហាញក្តី ស្រលាញ់​របស់ខ្លួនចំពោះមនុស្សដែលខ្លួនស្រលាញ់ ដូចជា ឪពុកម្តាយ លោកគ្រូអ្នកគ្រូ មិត្តភក័្ក និង សង្សារផងដែរ កម្លោះមេឃបានទិញកាដូមួយសម្រាប់ស្រីអូន ដើម្បីបង្ហាញនូវក្តីស្រលាញ់របស់គេ ចំពោះស្រី ស្រី អូនទទួលកាដូពីមេឃ​ហើយក្តីស្រលាញ់របស់ពួកគេកាន់តែមិនអាចផ្តាច់បាន ពេលបុណ្យនៃក្តីស្រលាញ់ បានបញ្ចប់ទៅ  
          ថ្ងៃមួយខណៈពេលនិយាយទូរស័ព្ទជាមួយគ្នា មេឃបានសួរស្រីអូនថា​៖
          » ស្រីអូន ! បើបងប្រាប់ថា បងមានសង្សារហើយ តើអូនឈឺចាប់អត់ ?
          ក្នុងបេះដូងពោពេញទៅដោយក្តីស្រលាញ់ និងគិតថាមេឃនិយាយលេង ស្រីក៏តប
          » អត់ទេ ! បងកុំនិយាយលេងអី !
           មេឃក៏លែងហ៊ាននិយាយរឿងហ្នឺងទៀត ពួកគេក៏នាំគ្នាជជែកពីរឿងផ្សេង ស្រីអូនមិន ដែលគិត ថាមេឃកុហកគេម្តងណាឡើយ ទោះបីជាពួកគេមិនដែលសូវបាននិយាយជាមួយគ្នា ទល់មុខក៏ដោយ ត្បិតតែសាលារបស់ពួកគេដាច់ដោយឡែកពីគ្នាក៏ដោយ ប៉ុន្តែពួកគេនៅតែរក្សាក្តី ស្រលាញ់អោយគ្នាទៅ វិញទៅមក ហើយពេលខ្លះ នៅពេលចេញពីសាលា មេឃក៏ចាំទទួលស្រី អូនទៅផ្ទះជាមួយគ្នា
              ខែក្រោយមក ពាក្យថាមេឃមានសង្សារហើយក៏បានលេចលឺដល់មិត្តភក័្ករបស់ស្រីអូន ហើយពួកនាងក៏បានយករឿងនោះមកប្រាប់ធីតាថា​ មេឃមានសង្សារហើយ ប៉ុន្តែស្រីមិនជឿ រហូតដល់មិត្តភ័ក្កនៅជុំវិញខ្លួនតែងតែលើករឿងនេះមកប្រាប់ជាញយពេក ទើបស្រីដាច់ចិត្តសាក ល្បងសួរទៅមេឃ ខណៈពេលមេឃទូស័ព្ទមកស្រី
              » បងមេឃ ! អូនសួររឿងមួយបានទេ ?
              កម្លោះក៏ងតបវិញទាំងឆ្ងល់
            » ស្រីអូនមានរឿងអ្វីសួរមកចុះ !
            ស្រីអូនក៏វាចាសួរពីរឿងដែលមិត្តភក្ក័តែងតែប្រាប់នោះទៅមេឃ
             » បងប្រាប់អូនតាមត្រង់ណា តើបងធ្លាប់មានសង្សារហើយរឺនៅ មុនពេលបងស្រលាញ់អូន ?
           មេឃរារែកក្នុងចិត្តមួយសន្ទុះ ទើបហ៊ានវាចាប្រាប់ស្រី
            » គឺបងធ្លាប់មានហើយ ! ពួកយើងទាក់ទងគ្នារយៈពេលប្រាំឆ្នាំមកហើយ ប៉ុន្តែបងអត់បាន ស្រលាញ់នាងនោះទេ ! ប៉ាម៉ាក់ពួកយើងក៏ដឹងថាពួកយើងមានទំនាក់ទំនងជាមួយគ្នា ហើយក៏ដឹង ថាគេស្រលាញ់ ! ហេតុអីក៏អូនសួរបងបែបនេះ ?
          » អូនលឺមិត្តភក្ក័ប្រាប់ ប៉ុន្តែអូនមិនដែលជឿនោះទេ ទើបអូនយកសំនួរដែលតែងតែចាកដោត ចិត្តរបស់អូន ! បើបងមានគេហើយ ហេតុអីក៏បងមកស្រលាញ់អូនទៀត ? បងផ្តល់ក្តីស្រលាញ់ អោយអូនធ្វើអី
       លឺសម្លេងស្រីអូនទ្រង់យំ មេឃក៏និយាយឡើងអះអាងភ្លាម
          ​ » ស្តាប់បងណា៎ ស្រីអូន ! គេជាអ្នកមកស្រលាញ់បង បងអត់បានស្រលាញ់គេនោះទេ ! មនុស្សដែលបងស្រលាញ់គឺ ស្រីអូន ! អូនយល់ទេ ?
          ​ » បងស្រលាញ់អូន ? ចុះគេម្នាក់នោះ ?
          » បងអត់បានស្រលាញ់គេទេ ! អូនលឺអត់ ?
      ពួកគេប្រកែកគ្នាមួយសន្ទុះ ក៏លឺសម្លេងស្រីអូនចាប់ផ្តើមយំ មេឃក៏ព្យាយាមនិយាយលួង លោមស្រី ហើយវាចាសួរមាណវីថា ៖
          » បងសួរស្រីអូនរឿងមួយបានទេ? រាល់ថ្ងៃនេះ ស្រីអូនមានស្រលាញ់បងទេ ?
          បាត់សម្លេងស្រីអូនយ៉ាយូរ ព្រោះស្រីកំពុងយំ មួយសន្ទុះ ទើបលឺសម្លេងក្រមុំតប ៖
          » បើអូនមិនស្រលាញ់ អូនក៏មិនយំព្រោះបង អូនក៏មិនបារម្ភពីបង ហើយអូនក៏មិនសួរបង បែបនេះ ដែរ !
          » បើអូនស្រលាញ់បង អូនតូ្រវតែជឿបង ហើយសន្យាចាំបងបីឆ្នាំណា ពេលបងរៀបចប់ មានការ​ងារធ្វើ ពួកយើងនឹងមានពេលនៅជាមួយគ្នា ! អូនចាំបងបានទេ?
          ព្រោះតែចិត្តស្រលាញ់មេឃមិនអាចបំភ្លេចបាន ស្រីអូនក៏ឆ្លើយថា ៖
          » អូនចាំបងជានិច្ច !
         ពីមួយថ្ងៃទៅមួយថ្ងៃហាក់បីដូចជាលឿនណាស់សម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តេសម្រាប់ស្រី អូនវិញ ហាក់បីដូចជាយូរណាស់ ។ ផ្កាព្រៃដ៏ក្រពុំមួយទងនេះកំពុងតែរងចាំទឹកសន្សើម មកប្រោះ
ព្រំជិវិតអោយមានតែភាពស្រស់ស្អាត និងរង់ចាំថ្ងៃមួយដែលមានមនុស្សម្នាក់មកថែផ្កានេះជំនួស ម្ចាស់សួនដែលបានដាំ ។
          ថ្ងៃមួយ រឿងលេចឡើងរវាងមេឃមានសង្សារចេះតែល្បីរន្ទឺ មិត្តភក័្ករបស់ស្រីអូនចេះតែ រលឹកស្រីអោយគិតបានវែងឆ្ងាយមុននឹងលង់ស្រលាញ់មេឃច្រើនជាងនេះ ។ ព្រោះតែចិត្ត ស្រលាញ់មេឃ ស្រីអូនមិនដែលខ្វល់ពីសម្តីរបស់មិត្តភក្ក័របស់នាងបន្តិចណាឡើយ នាងខ្វល់តែ ម្យ៉ាងគឺថែរក្សាក្តីស្រលាញ់របស់នាងសម្រាប់មេឃតែប៉ុណ្ណោះ ។ ពួកគេនៅតែនិយាយទូរស័ព្ទ ជាមួយគ្នាជារៀងរាល់យប់ ។
          អារម្មណ៍ផ្កាព្រៃមួយទងនេះចាប់ផ្តើមខ្លាចស្រពោន ខ្លាចទឹកសន្សើមលែងមកប្រោះព្រំ ខ្លាចទឹកសន្សើមធ្វើអោយស្រីឈឺចាប់ ត្បិតទឹកសន្សើមមានម្នាក់ថែរក្សារួចហើយនោះ ។ ផ្កាព្រៃ នេះគិតហើយ គិតទៀត ព្រោះតែនាងទើបតែស្គាល់គេ ចំនែកនារីម្នាក់នោះគឺគេបានស្គាលើគ្នា រយៈពេលប្រាំឆ្នាំមកហើយ ។ គិតហើយគិតទៀត ស្រីអូនក៏សម្រេចចិត្តឈឺចាប់ឥឡូវ ប្រសើជាង ឈឺចាប់នៅពេលក្រោយ ។ ខណៈពេលកំពុងនិយាយទូរស័ព្ទជាមួយមេឃ ធីតាក៏លៃពេលយក រឿងនោះមកនិយាយ ៖
          » បងមេឃ ! អូនគិតថា ទំនាក់ទំនងរបស់យើង ប្រហែលជាមិនអាចទៅរួចនោះទេ ! បង​​​​​​​ទើបតែស្គាល់ខ្ញុំ បងថាបងស្រលាញ់ខ្ញុំ ! ចំណែកគេស្រលាញ់បងប្រាំឆ្នាំហើយ តើបងគិតយ៉ាង ណា ? អូនមិនអាចធ្វើអញ្ចឹងបានទេ ! អូនខ្លាចឈឺចាប់នៅពេលក្រោយ ហើយអូនក៏មិនចង់ឃើញ នាងឈឺចាប់ដែរ !
          លឺសម្តីស្រីអូនបែបប្លែក មេឃក៏សួរស្រី ៖
          » នេះស្រីអូនចង់និយាយពីអ្វីហ្នឹង ? បងមិនយល់នោះទេ ?
          » អូនគិតថា ពួយើងបែកគ្នាទៅល្អជាង ! ស្នេហាយើងកុំបន្តទៀតអី ! ពីមុនបងទុកអូនជា សង្សារ ប៉ុន្តែអូនសុំអោយបងទុកអូនជាប្អូនស្រីបានហើយ ! អូនមិនចង់ឈឺចាប់នៅពេលក្រោយ នោះទេ !
          ចប់ពាក្យសម្តីស្រី ដូចហែកបំបែកបេះដូងកម្លោះយើងអោយបែកជាចម្រៀកខ្ទេចខ្ទី បេះដូង ដែលពោពេញទៅដោយក្តីស្រលាញ់ ពេលស្តាប់លឺពាក្យបែកដែលស្រីពោល ហើយអោយកម្លោះ ហៅត្រឹមប្អូនស្រី តើបេះដូងអ្នកឈឹយ៉ាងណា ? ហេតុអ្វីក៏អ្នកធ្វើបែបនេះទៅវិញ ? ប៉ន្តែកម្លោះគិត បែបនេះ ក៏មិនត្រូវដែរ ។ អ្នកគិតថា​ពេលស្រីពោលពាក្យបែកនេះ ធ្វើអោយនាងសប្បាយចិត្ត ណាស់មែនទេ ? អ្នកគិតខុសហើយ បេះដូងស្រីក៏មិនខុសពីអ្នក ។ បេះដូងដែលធ្លាប់ប្រើពាក្យ ស្រលាញ់ បេះដូងដែលធ្លាប់ថែរក្សាក្តីស្រលាញ់បែរជាពិការដើរមិនរួច ទឹកភ្នែកឈឺចាប់ដែលធ្លាប់ លាក់ទុកក៏បានបង្ហូរចុះ ក្រោមរបួសបេះដូងឈឺចាប់ដ៏ធ្ងន់ធ្ងរនេះ ។
          សម្លេងកម្លោះយើងចាប់ផ្តើមអួលបន្តិចហើយ ៖
          » បាន ! បើអូនគិតថា អូនធ្វើបែបនេះ អូនមិនឈឹចាប់នៅពេលក្រោយ អូនមិនខូចឈ្មោះ នៅក្រោយ បងនឹងធ្វើ ! ប៉ុន្តែបងចង់អោយអូនដឹងថា មនុស្សប្រុសដែលធ្លាប់ស្រលាញ់អូនម្នាក់ នេះមិនអាចកែប្រែក្តីស្រលាញ់បានឡើយ ! បងនឹងទុកអូនជាប្អូនស្រី !
          ធីតាខំលាក់អារម្មណ៍ លាក់ទឹកភ្នែក ហើយវាចាតបកម្លោះ ៖
          » អរគុណដែលបងធ្វើតាមខ្ញុំ ! ពីថ្ងៃនេះតទៅ បងនឹងខ្ញុំជាមនុស្សទីទៃពីគ្នា ហើយពីថ្ងៃនេះ តទៅបងគឺជាបងប្រុសរបស់ខ្ញុំតែប៉ុណ្ណោះ ! មិនមែនជាសង្សារដូចមុនទៀតទេ !
          ផុតសម្តី ស្រីអូនក៏បិទទូរស័ព្ទ ស្រីសងំយំ ទាំងចិត្តពើតផ្សា បេះដូងបែកខ្ទេចខ្ទី ក្តីស្រលាញ់ ក៏ត្រូវបែងចែក ទីបំផុតក្តីស្រលាញ់នេះក៏ត្រូវប្រែប្រួល ។ តើអ្នកណាសាងវាឡើង ? ហេតុអ្វីក៏ធ្វើ អោយពួកគេឈឺចាប់បេបនេះ ? តើពាក្យថាសង្សារពីមុនទៅណាបាត់ហើយ ?
          ទីបំផុតផ្កាព្រៃមួយទងនេះ បានត្រឹមតែរង់ចាំសន្សើមមកប្រោះព្រំ ផ្កាព្រៃនៅតែជាផ្កាព្រៃ ដដែល ហើយនៅតែជាផ្កាព្រៃដែលត្រូវមើលថែដោយម្ចាស់សួនដូចពីមុន ។
          ចាប់ពីថ្ងៃនោះមក ទំ​នាក់ទំនងរបស់ពួកគេបានត្រឹមតែពាក្យខ្ញុំដែលត្រូវប្រើជាមួយគ្នាតែ ប៉ុណ្ណោះ ប៉ុន្តែពួកគេនៅតែរក្សាក្តីស្រលាញ់របស់ពួកគេទុកជារៀងរហូត មិនទាន់ផ្តល់ទៅអោយ អ្នកណាផ្សេងឡើយ ហើយពាក្យថា ប្អូនស្រីសង្សារ និងបងប្រុសសង្សារក៏បានលេចឡើងចំពោះ ពួកគេទាំងពីររហូតមក …………………………
ព្រះសីហនុ ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០១១
និពន្ធដោយ ៖ ហៀង ធារ៉ា 
( ព្រះអាទិត្រតូច )



No comments: