បទចម្រៀងប្រចាំខែ

TuneList - Make your site Live

អត្ថបទថ្មីៗ

Thursday, June 20, 2013

» កម្រងប្រលោមលោក​​ ៖ ហែកមេឃតាមស្នេហ៍អូន​ ( ១ )



                 ក្រោមអាកាសធាតុដ៏ស្រទន់នៃថ្ងៃរសៀល អមជាមួយសម្លេងរលកសមុទ្រដ៏ពិរោះ រដំ  កម្លោះនាយ​សមុទ្រម្នាក់កំពុងតែមមាញឹកជញ្ជូនដូងក្រអូបចេញពីឡានទ្រុងមួយដែលដឹកមកពីចម្ការ ។ ត្បិតខ្លួនជាកម្លោះ តែគេមិន ញញើតខ្លួនរកស៊ីជួញដូរដូចមនុស្សស្រីឡើយ ព្រោះវាជាអាជីពប្រចាំត្រកូល របស់នាយ ។ មួយថ្ងៃកម្លោះលក់ដូង ក្រអូប អស់ស្ទើរតែពាក់កណ្តាល់ឡាន ដោយសារតែសម្តីដ៏ពិរោះ សណ្តំឲ្យក្រមុំកំពង់សោម និងភ្ញៀវជាតិ អន្តរជាតិចូលទិញ ដូងគេគ្មានលួសថ្ងៃ ។ ជាមួយរូបរាងដ៏ខ្ពស់ ស្រឡះ ចញ្ចើមក្រាស់ ចង្កាព្រែក មុខញញឹកស្រស់ដូចតួកុន សូម្បីតែក្មេងៗ ក៏តែងតែហៅនាយកម្លោះ ថា ប្រុសសង្ហារប្រចាំមាត់សមុទ្រដែរ ។ 

                     កំពុងតែមមាញឹក ស្រាប់តែសម្លេងដ៏ស្រួយស្រេះដូចសារិកាបានបន្លឺដាស់អារម្មណ៍ នាយយើងឲ្យភ្ញាក់ឡើង ដោយបាននិយាយថា ៖ 
                    ​ - ​បងរាជ ! សុំដូងក្រអូបមួយណា៎ ! 
                    ​ កម្លោះរាជលើដៃជូតញើស រួចក៏តប ៖
                     - បាទបាន ! សុំចាំតិចណា៎ ! 
                     នាយក៏ទាញកាំបិតមកព្រឡះដូងចេញពីធ្លាយ រួចកាប់សំបកជូនស្រីស្អាតយើងដែល កំពុងតែឈរសម្លឹង មើលនាយមិនដាក់ភ្នែក ។ ខណៈមាណពកំពុងកាប់ដូង នាងក្រមុំក៏សួរ ៖ 
                     - បងរាជ ! ល្ងាចនេះទំនេរដែរទេ ? 
                     រាជកាប់បណ្តើរ ក៏សួរតបបណ្តើរ ៖ 
                     - មានការអ្វីមែនទេ នី ? 
                     - ចាស៎ ! គឺនីចង់បបួលបងរាជទៅមើលខនស៊ឺតនៅមហោស្រពយប់នេះនឹងណា៎ ! លឺថាមានតារា ល្បីៗមកទៀតផង ទើបសួរបងរាជថា ទំនេរទេ ? 
                     កាប់ដូងរួច កម្លោះក៏ស៊កទុយោតូចមួយចូលទៅក្នុងដូង រួចលើកហុចទៅឲ្យក្រមុំទាំង វាចាតបថា ៖ 
                    - ឲ្យបងសុំទោសនីផង ! យប់នេះបងចង់សម្រាក បងមិនអាចទៅលេងខនស៊ឹត ជាមួយនីបានទេ !  ចាំថ្ងៃក្រោយចុះណា៎ ! បងលក់ដូងនៅទីនេះរហូត ដូច្នេះនីចង់បបួលបងពេលណាក៏បាន តែថ្ងៃនេះបងសុំចុះណា៎ ! 
                   មាណវីទទួលដូងពីដៃនាយកម្លោះទាំងកែវភ្នែកត្របាញ់រករាជមិនដាក់ រួចលើលដូងក្រេប តិចៗក៏តបវាចា ៖
                   - សម្តីម្ចាស់ដូងផ្អែមយ៉ាងនេះ ចុះទម្រាំទឹកដូងវិញផ្អែមយ៉ាងណាទៅ ? ក្រអូបហើយ ផ្អែមទៀតផង ! នីស្គាល់តែរសជាតិ និងក្លិនដូង តើពេលណាទើបបានស្គាល់ក្លិនម្ចាស់ដូងទៅ ? 
                   - នីនិយាយធ្វើដូចបងជាដូងច្ចឹង ! 
                   - នីនិយាយមែនណា៎ ! បងរាជសន្យាជាមួយខ្ញុំហើយ ! ពេលណាទំនេរ បងត្រូវតែទៅជាមួយ នីណា៎ !  
                   - បាទ ! សន្យាគឺសន្យា ! តែពេលនេះ បើអស់ការហើយ បងសុំទៅធ្វើការបន្តហើយណា៎ ! 
                   - អូហ៍..... ! ឈប់សិនបងរាជ ! នេះលុយថ្លៃដូងណា៎ បង ! 
                   កម្លោះទទួលលុយ ! 
                   - អរគុណណា៎ នី ! 
                   - ចាស៎ !
                   រាជចាប់ធ្វើការបន្ត ធីតាយើងនៅតែមិនអស់ចិត្ត ឈរសម្លឹងមើលនាយយើងមួយ សន្ទុះធំទើបដាច់ចិត្ត ដើរកាន់ដូងចេញទៅ ។  មាណពទម្លាក់ដូងអស់ពាក់កណ្តាល រសៀលក៏កាន់តែទន់ ទាបទៅ កម្លោះក៏រៀបចំបិទកន្លែងលក់ រួចដឹកដូងដែលនៅសល់ទៅផ្ទះគេនៅម្តុំតោពីរ ។ 

                   ព្រះសូរិយាក្រហមច្រាលទម្លាក់ខ្លួនបន្តិចម្តងៗ ទៅក្រោមរលកសមុទ្រ ភ្ញៀវជាតិ អន្តរជាតិជាច្រើន កំពុងតែផ្តិតយករូបភាពដ៏ស្រស់ស្អាតនោះទុកគ្រប់គ្នា ។ ចំណែកកម្លោះយើងរៀបចំ ឡានទុករួចរាល់ ក៏រៀបចំខ្លួនងូតទឹក មុនពេលរៀបចំធ្វើអាហារ ។ ជីវិតកម្លោះ រស់នៅម្នាក់ឯងគ្មានឪពុក ម្តាយធ្វើឲ្យកម្លោះចេះរស់នៅ រកស៊ីដោយខ្លួនឯង តាំងពីអាយុ ១២ ឆ្នាំ ។ គេបានបាត់បង់ឪពុកម្តាយ តាំង ពីគេនៅអាយុ ១១ ឆ្នាំ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ខណៈពួកគាត់ទៅយកដូងពីចម្ការមក កំពង់សោម​ ហើយឡានរបស់គាត់ក៏បានក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យពួកគាត់ស្លាប់ ជាមួយបង ស្រីម្នាក់ ទៀតរបស់រាជ ។ មកដល់ពេលនេះ វាកន្លងហួស ១៥ ឆ្នាំទៅហើយ ចំណែកឯកម្លោះរាជក៏មិនបោះបង់ ចោលមុចរបរប្រចាំត្រកូល នាយដែរ ។ ត្បិតតែការជួញដូរលក់ដូងក្រអូបដែលទទួលគេមិនបានប្រាក់ ចំណូលខ្ពស់ តែនាយក៏អាចរស់ស្រួលដោយគ្មានគិតអ្វីទៀតដែរ ។ 

                  គិតគូររៀបចំរួចរាល់បាយហើយ កម្លោះយើងអង្គុយស្តាប់ចម្រៀងយ៉ាងព្រងើយ ! ទោះបីជាគេ មានអាយុច្រើនបន្តិចមែន ប៉ុន្តែបទចម្រៀងដែលគេស្តាប់សុទ្ធតែមនោសច្ចេតនាថ្មី​ ពេញនិយមបំផុត ! រាជស្រម៉ៃដល់ សម្តីរបស់ក្រមុំនី នាយក៏នឹកអស់សំណើច ព្រោះនេះស្ទើរតែជិត ពេញមួយឆ្នាំទៅហើយ ដែលគេមិនដែល បានភ្លក់រសជាតិ ទឹកដូងដែលខ្លួនលក់នោះទេ ។ គេក៏ដើរ តម្រង់ ទៅឡានដើម្បី សាកមើលទឹកដូង តើវាផ្អែមដូចពាក្យក្រមុំនីនិយាយដែរទេ ? រឺគ្រាន់តែជាពាក្យ បញ្ជោរ មកលើកម្លោះយើងទេ ។ រាជជំទើតជើងរកមើលដូងណារៀងធំបន្តិចទើបអាចគ្រប់គ្រាន់ សម្រាប់នាយ តែកំពុងសម្លឹង គេភ្ញាក់ស្ទើររត់ ព្រោះស្រមោលសរមួយស្ទង់ៗកំពុងតែបង្ហាញរូបនៅ ក្នុងឡាននាយ ។ គេញីភ្នែកពីរបីដង ក្រែងលរគេស្រង្វាំង ប៉ុន្តែស្រមោលនោះនៅតែ មិនឆ្ងាយពីភ្នែក គេ ទើបនាយយើងដាច់ចិត្ត បង្ហើបមាត់សួរ ទាំងចិត្តលួចបុកពោះតិចៗ មិនដឹងថា ជាចោរ រឺ ខ្មោច ? 
                  - អ្នកណាគេណ្នឹង ? 
                  គ្រាន់តែលឺសម្លេងកម្លោះ ស្រមោលនោះក៏ចាប់ផ្តើមកម្រើកដោយងើបមុខតិចៗ រាជក៏ ស្រែកសួរម្តងទៀត ទាំងចិត្តរឹតតែភ័យ ៖
                  - ខ្ញុំសួរថា អ្នកណាគេ ? ហេតុអីក៏ឡើងមកលើឡានរបស់ខ្ញុំ ? គិតចង់លួចផ្លែដូងរបស់ខ្ញុំមែនទេ ? 
                  កាន់តែសួរ ស្រមោលនោះកាន់តែងើបមុខឡើងបន្តិចម្តងៗ ពេលក្រឡេកមុខចំ កម្លោះនាយសមុទ្រស្រាប់ តែស្រែកឡើងទាំងរន្ធត់ ៖
                  - ខ្មោច....................! 
                  ពេលរាជស្រែកខ្លាំងទៅៗ ស្រមោលសរនោះស្រាប់តែស្រែកថា ខ្មោចតាមមាណពយើង ដែរ ។ កម្លោះរាជក៏ឈប់ស្រែក តែសម្លេងនោះនៅតែបន្លឺថា ខ្មោចមិនឈប់ នាយយើងក៏ស្រែកបញ្ឃប់ ៖ 
                  - ឯងជាអ្នកណា ? ឯងមិនមែនជាខ្មោចទេ ចុះហេតុអីក៏ឯងឡើងទៅលើឡានរបស់ យើង ? ឯងជាចោរមែនទេ ? ចោរ.......................... ! 
                  សភាពការណ៍កាន់តែចម្លែក ពេលដែលរាជស្រែកថា ចោរ ស្រមោលនោះក៏បន្លឺសម្លេង ស្រែកតាម កម្លោះថា ចោរដូចគ្នា ! រាជក៏ឈប់ស្រែក ឯគេនៅតែបន្តស្រែក ។ រាជក៏ចាប់ផ្តើមសង្ស័យ ស្រមោលនោះ នាយសួរម្តងទៀតទាំង គម្រាមថា ៖ 
                  - តើឯងជាអ្នកណាឲ្យប្រាកដ ? ជាចោររឺក៏ខ្មោច ? ឆាប់ចុះពីលើឡានខ្ញុំភ្លាម ! បើឯងមិន ចុះទេ ខ្ញុំនឹងទូរស័ព្ទទៅផ្តឹងប៉ូលីសភ្លាម ! 
                  ទោះរាជព្យាយាមយកពាក្យប៉ូលីសមកគម្រាម ក៏ស្រមោលនោះមិនព្រមកម្រើកជាលើទី ពីរ មាណពយើងក៏ គម្រាមម្តងទៀត ទាំងដកទូរស័ព្ទចុច ៖ 
                  - ខ្ញុំអត់និយាយលេងទេ ! បើឯងមិនចុះមកទេ ខ្ញុំនឹងទូរស័ព្ទទៅផ្តឹងប៉ូលីសពិតមែន ហើយ ! ចុះរឺមិនចុះ ! ខ្ញុំចុចមែនណា៎ ! អាឡូ ! លោកប៉ូលីស ! មានចោរចោលផ្ទះខ្ញុំលោកប៉ូលីស ! 
                  គ្រាន់តែលឺពាក្យថា លោកប៉ូលីស ស្រមោលនោះភ័យស្លន់ស្លោស្រែកឡើងឃាត់ កម្លោះយើងភ្លាម ៖ 
                 - ឈប់សិន ! ខ្ញុំមិនមែនជាចោរទេ ! 
                 បានចោរចាញ់បោកពាក្យប៉ូលីស រាជក៏ដាក់ទូរស័ព្ទចុះ ហើយស្រមោលមនុស្សនោះក៏ លោតចុះពីឡាន ជាមួយបង្វេចខោអាវមួយបង្វេចក្នុងដៃ ។ ប្រៀបដូចទេពធីតានាពេលរាត្រី វង់ភ័ក្រ្ក ដូចដួងចន្ទ្រា រោមភ្នែកងរខ្ទើត បបូរមាត់ស្តើងដូចស្រទាប់ផ្កា ធ្វើឲ្យកម្លោះរាជភ្លឹកមើលមិនដាក់ភ្នែក ។ ទោះបីជាសម្រស់ស្រស់ ស្អាតក៏មិនអាចធ្វើឲ្យចិត្ត រាជធ្វេសប្រហែសបានដែរ នាយត្រៀមខ្លួនជាស្រេច បើនាងម្នាក់ នេះជាចោរមែន ប្រាកដជាមិនរួចពីដៃកម្លោះឡើយ ។ 
               - នាងជាអ្នកណា ? ឡើងឡានដូងរបស់ខ្ញុំមានគោលបំណងអ្វី ? រឺមួយជាចោរ ? 
               នារីម្នាក់នោះទម្លាក់បង្វេចខោអាវចុះ រួចសម្លឹងមុខមាណពយ៉ាងមុត ទាំងតបថា ៖ 
               - នែ៎​លោក ! រៀនស្មានមនុស្សក្នុងបំណងល្អខ្លះបានទេ ? ខ្ញុំមិនទាន់បាននឹងលួចអ្វីលោក បានបន្តិចផង ហេតុអីក៏ចោទខ្ញុំថា ជាចោរ ? 
               - ធ្វើម៉េចខ្ញុំជឿទៅ ! នេះឡើងឡានខ្ញុំតាំងពីអង្កាល់ក៏មិនដឹង ! សម័យនេះទុកចិត្តមនុស្ស តែសំបកក្រៅមិនបានទេ ! 
               - តែខ្ញុំជាមនុស្សស្រី ធ្វើចោរម៉េចនឹងបានទៅ ? មានគិតខ្លះទេ ? 
               - ទុកចិត្តម៉េចនឹងបានទៅ ! មនុស្សស្រីក៏អាចធ្វើចោរបានដែរ ! សម័យនេះ ចោរស្រី សាហាវជាង ចោរប្រុសទៅទៀត ! ខ្ញុំនឹងផ្តឹងប៉ូលីសថា នាងជាចោរ ហើយចោលផ្ទះរបស់ខ្ញុំបំណងលួច របស់មានតម្លៃក្នុងផ្ទះខ្ញុំ ! 
               រាជលើកទូរស័ព្ទបម្រុងតេទៅប៉ូលីស ស្រីម្នាក់នោះក៏ចាប់ដៃកម្លោះឃាត់ ៖ 
               - ខ្ញុំមិនឲ្យលោកទូរស័ព្ទទៅប៉ូលីសទេ ! នេះខ្ញុំមិនមែនជាចោរទេ ! ឆាប់ឲ្យទូរស័ព្ទមកនេះ ! 
               - មិនឲ្យទេ ! នេះជាទូរស័ព្ទរបស់ខ្ញុំ ! ឆាប់លែងដៃទៅ ! 
               - មិនលែងទេ ! បើលោកមិនព្រមឈប់ទូរស័ព្ទទៅផ្តឹងប៉ូលីសថាខ្ញុំជាចោរទេ ខ្ញុំនឹងមិនព្រម លែងដៃពីទូរស័ព្ទនេះឡើយ ! 
               រាជព្យាយាមទាញតូរស័ព្ទចេញពីដៃក្រមុំម្នាក់នោះ ប៉ុន្តែមិនស្រួលដូចកម្លោះគិតឡើយ ព្រោះនាងមិនព្រម លែងដៃពីទូរស័ព្ទនោះដូចគ្នា ។ ពួកគេប្រទាញប្រទង់គ្នាដណ្តើមទូរស័ព្ទ ទាំងនាយ​ រាជពោលឡើងថា ៖ 
                - នេះនៅហ៊ាននិយាយថា ខ្លួនមិនមែនជាចោរទៀត ! ឃើញច្បាស់ហើយថា កំពុងតែដណ្តើម ទូរស័ព្ទខ្ញុំ ! បើមិនមែនជាចោរ ហៅថាអ្វីវិញទៅ​ ? ឆាប់លែងដៃទៅស្រីចោរដាច់ដាប ! 
                - នេះហ៊ានហៅខ្ញុំថា ជាស្រីចោរដាច់ដាបទៀតហ្អេស៎ ! អាប្រុសឆ្កួតលែងដៃទៅ ! 
                - ខ្ញុំមិនលែងទេ ! នាងទេដែលត្រូវលែងដៃពីទូរស័ព្ទរបស់ខ្ញុំ ! លែងដែភ្លាមទៅ ! 
                រាជទាញកញ្ឆក់ទូរស័ព្ទពីស្រីម្នាក់នោះមួយទំហឹង ធ្វើឲ្យនាងជ្រុលជំហរមកលើនាយទាំង មូល កម្លោះក៏ធ្លាក់ ទូរស័ព្ទពីដៃ ហើយបែរជាស្រវ៉ាអោបនាងក្រមុំពេញដៃទៅវិញ ។ កែវភ្នែកទាំងគូរ របស់នាង ត្របាញ់ប៉ះកែវភ្នែកកម្លោះ យើងប្រៀបដូចកាំរន្ទះខែវស្សា ។ ដៃស្រីទាំងគូរស្រវ៉ាអោបកររាជ យ៉ាងស្អិត ចំណែកដៃកម្លោះក៏អោបចង្កេះស្រីមិនរបេះ ។ មាណពសម្លឹងវង់ភ័ក្ក្រដ៏ផូរផង់ស្រីមិនដាក់ ធ្វើឲ្យថ្ពាល់នាងក្រមុំឡើងក្រហមព្រឿងៗ ។ មួយសន្ទុះ ធីតាក៏ប្រឡះខ្លួនចេញពី ដៃកម្លោះរាជ រួចច្រាណ នាយកម្លោះដួលទៅលើដីពេញទំហឹង ។ 
                 - អាឆ្កួត ! នេះប្រឡំអោបខ្ញុំមែនទេ ? ឯងសមតែស្លាប់ !
                 រាជអុកគូថទៅត្រូវនឹងដំថ្មនៅនឹងដី ស្រែកលឺសូរអូយ........ 
                 - នែ៎នាង ! នេះបើមិនបានខ្ញុំជាអ្នកទប់នាងទេ នាងប្រហែលជាមិនមានធ្មេញដើម្បីទុកស៊ី បាយនោះទេ ! នេះនៅមានមុខមកចោទខ្ញុំ ហើយច្រាណខ្ញុំពេញទំហឹងទៀត ! 
                 - មិនដឹងទេ ! អ្នកណាឲ្យឯងយកដៃរបស់ឯងមកអោបចង្កេះខ្ញុំធ្វើអី ! សមមុខហើយ ! 
                 - នាង.............. ! អូយ៍.................... នេះគ្មានចិត្តទេមែនទេ ! ឃើញខ្ញុំឈឺទេ ហេតុអីក៏ មិនជួយលើខ្ញុំឡើង? 
                 ឃើញកម្លោះធ្វើមុខដូចជាឈឺខ្លាំង ស្រីក៏មិនដាច់ចិត្តឈរមើល ស្រីឈរអែរអង់បន្តិចក៏ ដើរចោលទៅ បោះដៃជួយលើកកម្លោះឡើង ។ មិនស្មានថា ទឹកមុខនោះជាអន្ទាក់ព្រានសោះ គ្រាន់តែ ចាប់ដៃស្រីបាន រាជក៏ទាញនាងផ្តួលវិញមួយទំហឹងលឺសូរព្រុស........... ក្រមុំស្រែកអ៊ូយភ្លាមមួយរំពិច តែរាជក្រោកឈរ ធ្វើព្រងើយងាក់មិនខ្វល់សម្លេងស្រែកស្រី ។ នាងក្រមុំស្រែកសួរ ៖ 
                 - នែ៎លោក ! នេះលោកឆ្កួតអីណ្នឹង ! ខ្ញុំខំមានចិត្តចង់ជួយលើកលោក តែលោកបែរជាធ្វើ បាបខ្ញុំបែបនេះ ! សមជាមនុស្សប្រុសដែលទេ ? អូយ៍................ឈឺណាស់ ! 
                 មិនខ្វល់ថាស្រីស្រែកឈឺប៉ុណ្ណាក៏នាយកម្លោះធ្វមិនដឹងហើយបែរជានិយាយចំអក ៖
                 - នាងជាអ្នកបង្រៀនខ្ញុំទេ ! ចោរស្រីដូចជានាងទាល់តែបែបនេះទើបសមមុខ ! ពេលនេះ ខ្ញុំស្រួលទូរស័ព្ទ ទៅប្រាប់ប៉ូលីសហើយ !
                  ចម្លែកណាស់ ពេលលឺថានាយយើងបម្រុងទូរស័ព្ទទៅប្រាប់ប៉ូលីស ក្រមុំក៏បែរជា និយាយស្លូតគួរឲ្យអាណិត ទៅកាន់រាជ ៖ 
                  - ខ្ញុំសុំអង្វរក៏បានដែរ សូមកុំទូរស័ព្ទទៅប៉ូលីសអី ! បើលោកមិនជឿថា ខ្ញុំជាមនុស្ស ស្មោះត្រង់ទេ សម្លាប់ខ្ញុំក៏បានដែរ តែសូមកុំប្រាប់ប៉ូលីស ! 
                  លឺវាចាស្រី រាជក៏ស្រាប់តែទន់ចិត្តដាក់ទូរស័ព្ទចុះ រួចសម្លឹងមើលមុខនាងក្រមុំដ៏គួរឲ្យ អាណិតដែលកំពុង តែអង្គុយច្របាច់ករជើង !   
                  - ខ្ញុំមិនមែនជាចោរដូចលោកកំពុងតែគិតនោះទេ ! បើមិនជឿចាប់ខ្ញុំក៏បាន ! 
                  ធីតាខំក្រោកឈរឡើង តែបែរជាដួលទៅវិញ ព្រោះករជើងស្រីក្រិច ពេលកម្លោះរាជ គ្រវែងនាងមួយទំហឹង មុននេះ ។ ស្រីស្រែកអូយ៍ឡើងរន្ធត់ ធ្វើឲ្យនាយកម្លោះរាជទប់ចិត្តឈរមើលមិន​ បានក៏ស្ទុះចោល ទៅលើកនាងឡើង ទាំងនិយាយថា ៖ 
                  - មិនបាច់ទេ ! ពេលនេះខ្ញុំជឿនាងសិនចុះ ! មិនខ្វល់ថា នាងជាមនុស្សល្អរឺអាក្រក់នោះ ទេ តែពេលនេះនាងមិនអាចរត់រួចទៅ ដូច្នេះបើនាងជាចោរមែនក៏មិនអាចរត់រួចដែរ ! 
                  ខណៈឃើញកម្លោះលើកគ្រានាងឡើង ស្រីហាក់បីដូចជារន្ធត់អស់ព្រលឹង ឯអារម្មណ៍ក៏ មិននៅមួយកន្លែង នេះជាអ្វីទៅ ? ស្រីហាក់បីដូចជាមានអារម្មណ៍ខុសប្លែកពីធម្មតា ពេលបានកម្លោះ នាយសមុទ្រម្នាក់នេះចាប់ចង្កេះ ហើយគ្រានាងឡើងពីដីដើរតម្រង់ចូលក្នុងផ្ទះគេ ។ 
                  រាជដាក់នាងអង្គុយលើកៅអី រួចក៏ដើរទៅបើកប្រអប់មួយយកប្រេងកូឡាមកលាបឲ្យ ស្រី នាងក្រមុំតាមមើលកម្លោះមិនដាក់ភ្នែក តើគេគិតធ្វើអ្វីនាង ? រាជដាក់ខ្លួនអង្គុយចុះរួចចាប់ករជើង នាងក្រមុំឡើង ស្រីស្រែកភ្លាម ៖ 
                  - លោកគិតធ្វើអីណ្នឹង? 
                  រាជតបទាំងមិនសម្លឹងមលមុខស្រីឡើយ ៖ 
                  - គឺលាបប្រេងកូឡាឲ្យនាងនឹងណា៎ ! កុំភ័យថា ខ្ញុំធ្វើអីនាងឲ្យ បើខ្ញុំចង់មែន ក៏នាងរត់ មិនរួចដែរ ព្រោះជើងនាងក្រិចហើយ ! 
                  មាណពមិននិយាយច្រើនក៏ចាប់លាបជើងស្រី ហើយឈ្លីដោយម្រាមដៃតិចៗនៅកន្លែង ក្រិច ឯមាណវីនៅ ស្ងៀមលែងនិយាយអ្វីទាំងអស់ ! លាបរួចនាយមាណពក៏ដើរចូលទៅក្នុងផ្ទះបាត់ ទុកឲ្យស្រីអង្គុយនៅម្នាក់ឯងលើកៅអី ចោលកែវភ្នែកសម្លឹងមើលជុំវិញផ្ទះ ។ ស្រីសម្លឹងប៉ះរូបថតមួយ យ៉ាងធំដែលព្យួរ នៅជញ្ជាំងដែលថតជុំគ្នាមានមនុស្សបួន នាក់ ហើយក្នុងនោះក៏មានក្មេងប្រុសម្នាក់មុខ ដូចនាយកម្លោះដែលលាបថ្នាំឲ្យនាង តែនាងចម្លែកថា ហេតុអ្វីក៏ផ្ទះនេះ ឃើញមានតែគេ ចុះមនុស្សបី នាក់ទៀតទៅណា ? 
         
                   បាត់ស្រមោលរាជមួយសន្ទុះ ស្រាប់តែចេញមកវិញ ជាមួយចានពីរក្នុងដៃ ម្ខាងមាន ចានបាយ និងម្ខាងទៀតមានចានពងទាចៀន ! កម្លោះរាជដាក់ចានទាងពីរទៅលើតុដែលស្រីអង្គុយ រួចចោលសំដីទៅស្រី ៖ 
                   - ញ៉ាំបាយទៅ ! ខ្ញុំលឺក្រពះនាងថ្ងូរខ្លាំងណាស់ ! 
                   - លោកលឺពីអង្កាល់ ? 
                   - មិនបាច់ចង់ដឹងថា ខ្ញុំលឺពីពេលណានោះទេ គ្រាន់តែដឹងថា ខ្លួននាងឃ្លានទៅបាន ហើយ ! ញ៉ាំរឺមិនមិន.............
                   - ញ៉ាំ ! 
                   ​មាណវីទាញចានបាយដាក់ពីមុខ ឯមាត់នៅតែរអ៊ូ ៖ 
                   - បើដាច់ចិត្តធ្វើល្អហើយ ហេតុអ្វីក៏មិនធ្វើម្ហូបណាឆ្ងាញ់ជាងពងទាចៀននេះតិចទៅ ?
                   - សំណាងហើយផ្ទះខ្ញុំមានពងទាចៀនឲ្យញ៉ាំ ! បើនៅគុកមានតែបាយក្រហម ! 
                   - នេះនៅគម្រាមខ្ញុំទៀត ! ខ្ញុំនិយាយលេងតើ ! 
                   - ឈប់និយាយច្រើនទៅ ! ញ៉ាំហើយនឹងអាលបានត្រឡប់ទៅវិញទៅ ខ្ញុំនឹងអាលបាន ដេកពួន ! ស្អែកខ្ញុំត្រូវការធ្វើការទៀត ! 
                   មិនបង្អង់យូរ កំពុងតែឃ្លានស្រាប់ផង ស្រីមិនសំចៃមាត់ នាងក្រមុំបួងគ្មានសល់បាយ មួយគ្រាប់ក្នុងចាន ប្រុងហាមាត់សុំគេថែមបាយ តែស្រីអៀនទើបបិទក្រពះប៉ុណ្នឹងសិន ! រាជយកទឹក មកឲ្យ ស្រីក្រេបមិនសល់មួយតំណក់ ! រួចរាល់កម្លោះក៏សួរ ៖ 
                   - នេះអាចទៅបានហើយរឺនៅ ? ខ្ញុំត្រូវការដេក ! 
                   លឺរាជសួរបែបនេះ ស្រីហាក់នៅអែអង់ ៖ 
                   - គឺ......... ! 
                   - គឺខ្ញុំត្រូវការដេក ! ខ្ញុំមិនចាប់នាងឲ្យប៉ូលីសទេ ព្រោះខ្ញុំរវល់រកស៊ី គ្មានពេលឡើងតុលា ការ ដោះស្រាយបញ្ហាជាមួយនាងទេ ! ចាត់ទុកថា ថ្ងៃនេះខ្ញុំស៊យ ជាប់មនុស្សស្រីមាត់អាក្រក់ចុះ ! 
                    - លោក.........! 
                    - ទៅបានហើយរឺនៅ ? 
                    - គឺ............. គឺខ្ញុំសុំគេងនៅទីនេះមួយយប់ផងបានទេ ! ខ្ញុំមិនដឹងថា ទៅណាទៀតទេ នេះម៉ោងជិត ១០ ទៅហើយ ឯទឹកដីនេះក៏ខ្ញុំមិនសូវស្គាល់ ! 
                    - មិនបានទេ ! ខ្ញុំមិនហ៊ានទុកចោរក្នុងផ្ទះទេ ! ស្រួលមិនស្រួលស្អែកឡើងប៉ូលីសមក ដល់ផ្ទះខ្ញុំ ហើយចោរថា ខ្ញុំរួមគំនិតជាមួយចោរ មិនជាប់គុកអត់ប្រយោជន៍ហើយ ! មិនខ្វល់ថានាងមក ពីណា ជាអ្នកណា ខ្ញុំមិនឲ្យនាងដេងនៅទីនេះទេ ! 
                     នាយកម្លោះទាយដៃនាងក្រមុំចេញទៅក្រៅផ្ទះទាំងជើងនាងនៅឈឺនៅឡើយ ! 
                     - ខ្ញុំប្រាប់លោកហើយ ថាខ្ញុំមិនមែនជាចោរទេ ! ហេតុអីលោកមិនជឿខ្ញុំ ? 
                     - មនុស្សចូលផ្ទះគេទាំងយប់បែបនេះ ទុកចិត្តម៉េចបានទៅ ? យ៉ាងណាខ្ញុំមិនទុកនាង ឲ្យនៅក្នុងបរិវេណផ្ទះ ​ខ្ញុំជាដាច់ខាត ! នាងចង់ទៅណាក៏ទៅៗ លើកលែងផ្ទះរបស់ខ្ញុំ ! 
                     រាជអូសស្រីទៅដាក់មុខផ្ទះ កម្លោះរៀបនឹងបិទរបង មាណវីក៏និយាយ ៖
                    ​ - លោក........
                     - មិនអីទេ ! បាយមួយពេលនេះចាត់ទុកថា ខ្ញុំធ្វើបុណ្យចុះ ! មិនបាច់និយាយពាក្យ អរគុណទេ ! គុណស្រ័យតិចតួចខ្ញុំមិនគិតគូរ ! រាត្រីសួស្តីណា៎ ! 
                     រាជក៏បិទរបងទ្វារផ្ទះទាំងមិនបានគិតដល់អារម្មណ៍ស្រីថា ចង់និយាយអ្វីឡើយ ! នាយមាណពដើរចូលទៅក្នុងផ្ទះបាត់ បន្សល់ទុកឲ្យនាងក្រមុំតាមមើលតាមប្រឡោះរបង ។ ធីតាកម្សត់ ដាក់ខ្លួនអង្គុយចុះ ដៃអោបបង្វេចជាប់ រួចបន្លឺសម្លេងតិច"ប្រាប់ខ្លួនឯង ៖ 
                      - ឯងអស់មធ្យោបាយកែវ ! បើទៅមុខក៏មិនដឹងទៅទីណា កន្លែងណាក៏ឯងមិនស្គាល់ អ្នកណាក៏គេមិន ទុកចិត្តមនុស្សប្លែកមុខឯងដែរ ! កណ្តាលអាធ្រាតបែបនេះ ទោះបីដើរទៅមុខ បើជួប មនុស្សមិនល្អ គេចាប់ធ្វើស្អីក៏ដឹង ! មានតែដេកនៅទីនេះហើយ ! អាមនុស្សចិត្តអាក្រក់ មិនទាន់ស្តាប់ ហេតុផលផងក៏ដេញ គ្នាចេញពីផ្ទះទាំងយប់អាធ្រាត បែបនេះ ! ហេតុអីក៏ខ្ញុំជួបតែមនុស្សចិត្តអាក្រក់ បែប​នេះ ! 
               
                      ស្បៃអន្ទកាលគ្រប់ដណ្តប់ពេញពាសភពផែនដី យប់កាន់តែជ្រៅ សន្សើមកាន់តែធ្លាក់ កម្លោះរាជគេង លើពូកដណ្តប់ភួយយ៉ាង កក់ក្តៅសុខស្រួយ មិនបានខ្វល់ថា ធីតាកែវដែលនាយបាន ដេញចេញពីផ្ទះនោះមានសភាពយ៉ាងណានោះទេ ! ម៉ោងទើបតែ ២ រំលងអាធ្រាតសម្លេងតន្រី្តនៅតែ បន្លឺល្វើយៗ ចេញពីបន្ទប់នាយរាជ ។ 

សូមទស្សនាវគ្គ ២ ! 
                   
                 

No comments: