បទចម្រៀងប្រចាំខែ

TuneList - Make your site Live

អត្ថបទថ្មីៗ

Sunday, June 23, 2013

» កម្រងប្រលោមលោក​​ ៖ ហែកមេឃតាមស្នេហ៍អូន​ ( ២ )




                ព្រះទិនករបានចោលពន្លឺព្រិចៗតាមប្រឡោះបង្អួចផ្ទះរបស់កម្លោះនាយសមុទ្រ សម្លេងមាន់ រងាវបានដាស់មាណព យើង ឲ្យភ្ញាក់ឡើង រៀបចំផ្ទះមុនពេលទៅធ្វើការ ។ រៀបចំអាហារពេលព្រឹករួច កម្លោះក៏រៀបចំឡាន ដើម្បីដឹកដូងទៅទម្លាក់ នៅកន្លែងលក់ឯសមុទ្រ ។  រាជរុញរបងបម្រុងចេញឡាន ស្រាប់តែប្រទះ ភ្នែកឃើញមនុស្សស្រីម្នាក់ដេកលើដីកើយបង្វេច ខោអាវ អោបដៃរុញដូចកូនសត្វ ។ កម្លោះមើលស្រី ម្នាក់នោះពីក្រោយហាក់បីដូចជាធ្លាប់ស្គាល់ នាយក៏យកដៃទៅប៉ះរាង កាយនាងក្រមុំ ប៉ុន្តែស្រាប់តែដក ដៃចេញយ៉ាងលឿន ព្រោះរាងកាយនាងមានកម្តៅដូចភ្លើង ។ 
              - ហេតុអីក៏រាងកាយមនុស្សម្នាក់នេះក្តៅយ៉ាងនេះ ? 
              មាណពយើងក៏លូកដៃទៅដាស់នារីនោះទាំងវាចា ៖ 
            ​ - អ្នកនាង ! អ្នកនាង ! ក្រោកឡើងនេះភ្លឺហើយ ! 
             ដាស់យ៉ាងណាក៏ស្រីម្នាក់នោះមិនភ្ញាក់ លឺតែសម្លេងថ្ងូររហ៊ឺស ឯដៃស្រីអោបក្បាលជង្គង់ ជាប់ ខ្លួនប្រាណក្តៅ ដូចភ្លើងដុតដែក នាយកម្លោះរាជក៏ដាស់ស្រីម្តងទៀត ទាំងទាញរាងកាយនាងមើល មុខឲ្យចំ ស្រាប់តែភ្ញាក់ដូចគេចាក់ទឹក ត្រជាក់កណ្តាលមុខ ព្រោះមនុស្សស្រីម្នាក់នោះជាមនុស្សស្រីដែល គេបានេដញចេញ ពីផ្ទះគេកាលពីយប់មិញ ។ នាយនឹក បុកពោះព្រួលៗ មិនដឹងថា នាងកើតអីរឺអត់ ។ នាយកម្លោះសមុទ្រ ភ័យខ្លាំងទៅៗ ពេលហៅស្រីមិនឆ្លើយ លឺតែសម្លេងថ្ងូរ នាយក៏ស្ទុះបីនាងចូលទៅ ក្នុងផ្ទះ រួចយកកន្សែងជ្រលក់ទឹកទៅជូតឲ្យធីតាកម្សត់ ។ មួយសន្ទុះ កម្តៅនាងក៏បានចុះខ្សោយ រាជនៅ អង្គុយមើលធីតាយើង រហូតស្រីបើកភ្នែករួចស្រែករកទឹក ។ មាណពស្ទុះទៅយកទឹកមួយកែវមកឲ្យស្រី រួចក៏សួរ ៖ 
             - ហេតុអីក៏នាងដេកក្រៅផ្ទះបែបនេះ  ? ដឹងទេ ថាទឹកសន្សើមមិនមែនជាឪសថនៃភាព ត្រជាក់ទេ តែវាអាចធ្វើ ឲ្យនាងឈឺបានណា៎ ! 
              ក្រេបទឹកហើយកែវជានាមផ្ទាល់របស់ស្រីក៏តបវាចា ៖ 
             - ព្រោះតែខ្ញុំមិនមានកន្លែងជ្រកទើប សម្រេចចិត្តដេកលើដី យកទឹកសន្សើមធ្វើជាភួយ ដើម្បីឲ្យផុតមួយយប់ ទម្រាំដល់ថ្ងៃថ្មី ព្រោះបើខ្ញុំទៅទាំងយប់ក៏ខ្ញុំមិនស្គាល់ថា ទីណាជាទីណានោះទេ  ! ដូច្នេះមានតែយកដីធ្វើពូក ហើយយកទឹក សន្សើមធ្វើភួយប៉ុណ្ណោះ ! 
             - នេះកម្សត់ដល់ថ្នាក់នេះផង ! 
             - ទោះលោកមិនជឿក៏ខ្ញុំគ្មានអ្វីបញ្ជាក់ទៀតដែរ ! ស្រេចលើលោកគិតចុះ ! អរគុណសម្រាប់ ទឹកមួយកែវនេះ ហើយក៏អរគុណដែលផ្តល់កន្លែងដេកសម្រាប់ខ្ញុំ ! 
              ចប់សម្តី ស្រីក៏ក្រោកដើរ ប្រុងបោះជំហានចេញ តែត្រូវនាយរាជឃាត់ ៖ 
             - ឈប់សិន ! នាងគិតចង់ទៅណា ? 
             - ពេលនេះភ្លឺហើយ ! ដូច្នេះល្មមខ្ញុំអាចស្វែងរកកន្លែងដែលខ្ញុំចង់ទៅបានហើយ ! 
             - តែពេលនេះនាងកំពុងតែឈឺ ! 
             - តែខ្ញុំអត់មានមធ្យោបាយទេ ! 
             - តែខ្ញុំមានមធ្យោបាយ ! 
             - លោក..........! 
 ​​​​​​​​​​​​            - នៅផ្ទះខ្ញុំសិនទៅ ! ជាពីជំងឺពេលណាចាំគិតទៀត ! 
             ធីតាកែវសម្លឹងមុខកម្លោះរាជទាំងឆ្ងល់ នាយមាណពយើងក៏ស្តី ៖ 
             - កុំគិតណា៎ ថាខ្ញុំទុកចិត្តនាង ! គ្រាន់តែមិនចង់ឃើញមនុស្សស្រីឈឺហើយដើរទៅសន្លប់នៅ មុខផ្ទះខ្ញុំតែប៉ុណ្ណោះ ! នៅសម្រាកទីនេះហើយ ! ជាពេលណាចាំទៅ តែហាមគិតអ្វីមិនល្អពីទ្រព្យសម្បត្តិខ្ញុំ មិនអញ្ចឹងទេ ខ្ញុំលែងគួរសមទៀតហើយ មិនថា មនុស្សស្រីឈឺ រឺមិនឈឺនោះទេ ! 
              ទោះបីកម្លោះរាជចង់និយាយបែកពពុសមាត់ទៀតក៏ក្រមុំគ្មានកម្លាំងតមាត់ដែរ នាងគិតតែ ម៉្យាងថា ពេលនេះ ទោះបីជានាងធ្វើចិត្តខ្លាំងដើរចេញពីផ្ទះអាតាចិត្តអាក្រក់នេះក៏មិនបានឆ្ងាយ ព្រោះខ្លួន កំពុងតែមានជំងឺ ម៉្យាងជាលើក ទីមួយដែលនាងបានមកជាន់លើទឹកដីនេះ ដូច្នេះទីកន្លែងណាក៏មិន ស្គាល់ មានតែទ្រាំចិត្តស្តាប់នូវពាក្យចោទ និងមិនទុកចិត្ត របស់គេមកលើនាងតែប៉ុណ្ណោះ ។ 
              - អង្គុយទីនេះហើយ ខ្ញុំទៅដាំបបរឲ្យញ៉ាំ ! ហាមដើររុករានក្នុងផ្ទះខ្ញុំ ! នាងមានសិទ្ធតែ ម៉្យាងគឺ អង្គុយឲ្យស្ងៀម ហើយនៅតែមួយកន្លែងដែលខ្ញុំបញ្ជា ! 
              - ខ្ញុំ..........! 
              - ហាមតមាត់ ! អង្គុយចុះ ! 
              ខ្ជិលប្រកែកច្រើន កែវក៏ស្តាប់តាមបញ្ជា ព្រោះគេជាម្ចាស់ផ្ទះ ប៉ុន្តែក្នុងចិត្តលួចជេរកម្លោះ មិនលួសមាត់់ ។ នាយដើរចូលទៅក្នុងផ្ទះបាយបាត់ ស្រីក៏រអ៊ូម្នាក់ឯង ៖ 
              - បញ្ជានេះ បញ្ជានោះ ធ្វើខ្លួនជាចង្វាយ ! ផ្ញើសិនចុះ ! ជាពេលណា ដឹងគ្នាមិនខាន ! 
              ២០ នាទីកន្លងផុត រាជកាន់បបរមួយចាន ជាមួយត្រីងៀតមកឲ្យធីតាកែវ ស្រីតាមសម្លឹងរាល់ ទង្វើរបស់នាយកម្លោះ ព្រោះខ្លាចគេធ្វើអ្វីមិនល្អចំពោះគេ ។ មាណពដាក់ចានបបរ និងចានត្រីងៀតចុះ រួចទម្លាក់វាចា ៖ 
              - ញ៉ាំបបរនេះសិនទៅ ! ផ្ទះខ្ញុំគ្មានគុយទាវឲ្យនាងញ៉ាំទេ ! 
              គាប់ជួននាយកម្លោះមិនចាប់អារម្មណ៍ ស្រីពេបមាត់ដាក់នាយ​ ទាំងលួចរអ៊ូតិចៗ ៖
              - ធ្វើឯងចិត្តល្អ ! ហ៊ឺស.... អាប្រុសឆ្កួត ! មិនដឹងថា ចានបបរនេះដាក់ថ្នាំអ្វីខ្លះឲ្យខ្ញុំ ! កុំគិត ណា៎ថាខ្ញុំជឿឯងឲ្យ សោះ ! 
              - និយាយអី ?
              - អត់មានទេ ! 
              - កុំឲ្យដឹងឲ្យសោះណា៎ ថានាងកំពុងតែលួចជេរខ្ញុំ មិនអច្ចឹងទេ ខ្ញុំនឹងចាប់រំលោភនាង ហើយបោះនាងទៅក្រៅ ផ្ទះមិនខាន ! 
              - នេះឯងហ៊ានហ្អេស ? 
              - ចង់ដឹងសាកលរមើលទៅ ! 
              - គិតថា ខ្ញុំមិនហ៊ានមែនទេ ! អាឆ្កួត..... អាឡប់........ អាប្រុសគំរក់.........! 
              កែវបានដៃជេរមាណពមិនឈប់ ក្រមុំជេរអស់វេលាយ៉ាងយូរ នៅតែមិនឃើញរាជហ៊ានធ្វើ អ្វីនាង ទើបនាងឈប់ ជេរ ព្រោះគិតថា កម្លោះយើងបានតែមាត់ ។ បិទមាត់ឈប់ជេររាជមិនទាន់ជិត ផង ស្រាប់តែនាយរាជ ស្ទុះទៅស្រីថើបបបូរ មាត់ដ៏ស្រើបស្រាលរបស់ស្រី ធ្វើឲ្យនាងបិទដង្ហើមឈប់ ដក មួយសន្ទុះ ព្រោះតែភ័នស្មារតីនឹក ស្មានមកដល់ថា កម្លោះរាជ ហ៊ានធ្វើដាក់នាងបែបនេះ ។ ស្រីភ្ញាក់ ស្មារតី រុញមាណពរាជចេញ ហើយលើកដៃជូតមាត់យ៉ាងញាប់ដៃ ។
               - ឯង........ អា.........
               រាជក៏មិននឹកស្មានថា ខ្លួនហ៊ានធ្វើបែបនេះដែរ កម្លោះខ្មាសនឹងកែវយ៉ាងខ្លាំងចំពោះទង្វើ របស់ខ្លួនដែលធ្វើ ឡើងព្រោះតែកំហឹង ។ នាយធ្វើខ្លួនអេះអុញ រួចដើទៅកាន់គ្រែតូចមួយក្បែរនោះ ៖ 
               - ខ្ញុំ........ខ្ញុំ..........អើ.....ខ្ញុំទៅធ្វើការហើយ ! ញ៉ាំបបរហើយ គេងលើគ្រែនេះចុះ ! 
               ចប់សម្តីមិនទាន់ផង រាជបានរម្លៀកខ្លួនចេញផុតពីផ្ទះ រួចឡើងឡានបើកចេញទៅបាត់ បន្សល់ទុកឲ្យនាងកែវ អង្គុយខ្ទប់មាត់ សម្រក់ទឹកភ្នែកយំខឹងនឹងទង្វើនាយកម្លោះ ។ តាំងពីតូចរហូតដល់ វ័យប៉ុននេះ គ្មានអ្នកណាហ៊ានថើបនាងទេ មានតែមនុស្សប្រុសម្នាក់នេះគត់ដែលហ៊ានធ្វើបែបនេះដាក់ នាង ព្រោះតែកំហឹង ដោយសារនាងជេរ ។ ចំណែករាជក៏មិន ដែលធ្វើអំពើបែបនេះដាក់អ្នកណាពីមុន ដែរ ។ មនុស្សដែលកម្លោះបានស្គាល់សុទ្ធតែទទួលបានពាក្យពិរោះ ទឹកចិត្តសណ្តោះ ពីនាយគ្រប់ពេល វេលា ចុះហេតុអ្វី ពេលដែលបានជួបកែវ នាយកម្លោះផ្លាស់ប្តូរអតចរិកលឿនយ៉ាងនេះ ? រឺក៏វាជា និស្ស័យ ស្អប់ខ្ពើមគ្នាពីជាតិមុន ។ វាស្ទើរតែមិនគួរឲ្យជឿទេ បើគិតរឿងទាំងនេះពាក់ព័ន្ធទៅនឹងអតីតជាតិ ពេលខ្លះ វាគ្រាន់តែជាចរិក មនុស្សមួយឆាវតែប៉ុណ្ណោះ ។ 

               
            ពេញមួយថ្ងៃ រាជធ្វើការហាក់បីដូចជាគ្មានវិញ្ញាណក្នុងខ្លួនសោះ ។ កម្លោះស្រម៉ៃដល់ទង្វដែល នាយបានធ្វើដាក់ កែវពីព្រឹកមិញ ។ នាយរៀបចំបិទហាងទាំងអារម្មណ៍មិននៅក្នុងខ្លួនសូម្បីតែបន្តិច គ្រប់រូបភាពនៃការភ្ញាក់ផ្អើលរបស់កែវចំពោះ ការប្រព្រឹត្តរបស់គេនៅតែដក់ក្នុងចិត្តនាយជានិច្ច ។   
            នាងនីដើរចូលមកជាមួយស្បោងមួយក្នុងដៃ ពេលឃើញមុខរាជ ស្រីស្ទុះទៅចាប់ដៃកម្លោះ រួចទម្លាក់ស្បោងនោះ ទុកមួយឡែក ហើយវាចាទាំងស្លន់ស្លោ ៖
              - បងរាជ ! នេះបងអត់ស្រួលខ្លួនមែនទេ ?​ 
              រាជតបទាំងសម្លេងតិចៗ ៖
              - បងអត់កើតអីនី ! 
              - តែនេះទឹកមុខបងស្លេកស្លាំងណាស់ ហេតុអីថាអត់កើតអី ?   
              មាណពដាក់ខ្លួនអង្គុយចុះក្បែរ គំនរដូងរួចនិយាយ ៖ 
               - បងគ្រាន់តែអស់កម្លាំងតិចតួចប៉ុណ្ណោះ បងអត់អីទេ ! ចុះនេះ នីបងរកបងទាំងល្ងាចមាន ការអីមែនទេ ? 
               ស្រីស្រស់នីលើកស្បោងមកហុចឲ្យរាជ ៖ 
               - លឺថា បងចូលចិត្តធុរេន ទើបខ្ញុំទិញមកផ្ញើ ! នេះណា៎ ! 
               រាជទទួលធុរេនពីដៃស្រី ទាំងវាចា ៖
               - ថ្ងៃក្រោយមកលេងបង មិនចាំបាច់ទិញអ្វីមកផ្ញើក៏បានដែរ ! នាំតែរំខាននីទេ ! 
               - រំខានអីប៉ុណ្នឹងនោះ ! សម្រាប់បងរាជ ទោះបីច្រើនជាងនេះក៏ខ្ញុំធ្វើបាន ! សំខាន់ឲ្យតែបង រាជមិនស្រែកថា ធុញខ្ញុំទៅបានហើយ ! 
               - ពុទ្ធោអើយ ! តើអ្នកណាដែលធុញនឹងស្រីស្អាតដូចនីទៅ ? គ្រាន់តែបងមិនចង់រំខាននីនឹង ណា៎ ! 
               - មិនរំខានទេ ចាស៎ ! 
               - អញ្ចឹងបងអរគុណនីច្រើនហើយណា៎ !  
               - ចាស៎ មិនអីទេ សម្រាប់បងរាជ ! 
               ក្រមុំនៅតែមិនអស់ចិត្តចំពោះទឹកមុខស្រពន់របស់រាជ នាងក៏ឈ្លីចសួរម្តងទៀត ៖
               - នេះប្រាកដហើយមែនទេ ថាមិនអី ! ត្រូវការទៅមន្ទីរពេទ្យទេ ខ្ញុំជូនបងទៅ ! 
               កម្លោះញញឹមដើម្បីបង្ហាញប្រាប់ស្រីថា នាយមិនអី !
                - បងមិនអីពិតមែន ! អរគុណនីដែលបារម្ភ ! សម្រាកតិចទៅបងលែងអីហើយ ! 
                - អញ្ចឹងបើបងរាជប្រាកដថា មិនអីហើយ ខ្ញុំសុំទៅវិញហើយណា៎ ! 
                - បាទ ! អរគុណហើយណា៎ នីដែលបានមកលេងបង ហើយក៏អរគុណដែលបានទិញ ធុរេនមកផ្ញើបង ! 
                - ចាស៎ ! 
                បន្ទាប់ពីនាងក្រមុំចេញបាត់ នាយកម្លោះរាជក៏បិទហាង ហើយក៏ឈាងចូលផ្សារបន្តិចមុន ពេលត្រឡប់ទៅផ្ទះ ។ មាណពហាក់បីដូចជាជ្រួលច្របល់ណាស់ ចតឡានមិនទាន់ស្រួលបួលផង ក៏ស្ទុះ ចូលទៅក្នុងផ្ទះរកមើលស្រីស្រស់ធីតាកែវ ក្រែងលរនាងខឹងខ្លួន រួចរត់ចេញពីផ្ទះគេទាំងដែលខ្លួនមាន ជំងឺ តែនាយក៏ស្រាលចិត្តឡើង វិញបន្ទាប់ពីបានឃើញរូបនាង កំពុងតែគេងនៅលើគ្រែដែលនាយបាន ប្រាប់មុនពេលគេចេញទៅធ្វើការ ។ រាជក្រឡេកទៅមើលចានបបរ បែរជាឃើញ បបរនៅទាំងអស់ សូម្បីត្រីងៀតមិនអស់សូម្បីបន្តិច ។ នាយកម្លោះដឹងភ្លាមថា នាងប្រហែលជាខឹងគេទើប មិនញ៉ាំរបស់ ដែលគេធ្វើឲ្យ រឺអាចមកពីនាងមិនទុកចិត្តគេ ។ រាជដាក់ស្បោងឥវ៉ាន់ និងស្បោងធុរេនដែលស្រីនីទិញ ផ្ញើទៅលើកៅអី រួចក៏លើកចានបបរ និងត្រងៀតទៅគ្រប់ទុកក្នុងចង្រ្កានបាយ ។ នាយដើរត្រឡប់មកវិញ ស្រាប់តែលឺ សម្លេងថ្ងូរក្បែរៗខ្លួន គេក៏ផ្ទៀងស្តាប់ ក៏ប្រាកដចិត្ត ព្រោះសម្លេងនោះជាសម្លេងរបស់កែវ ។ នាយដើរចូលទៅជិតស្រីរួចលូកដៃទៅស្ទាបថ្ងាសស្រី ស្រីតែដកដៃវិញយ៉ាងរហ័ស ។ 
                - ហេតុអីក៏ខ្លួនរបស់នាងក្តៅយ៉ាងនេះ ? បណ្តោយទុកបែបនេះមិនបានទេ ! 
                កម្លោះរាជស្ទុះរត់ចេញទៅក្រៅយ៉ាងលឿន មួយសន្ទុះក៏មកវីញជាមួយគ្រូពេទ្យប្រុសម្នាក់ មកជាមួយ ។ គ្រូពេទ្យ យល់អាការៈកែវភ្លាម គេក៏ទាញឧបករណ៍ស្ទង់កំដៅស្រី ឯរាជវិញហាក់អង្គុយមិន សុខ នាយឧស្សាហ៍ក្រឡេកមើលមុខកែវ រួចក៏មើលមុខពេទ្យវិញ ។ នាយសួរលោកគ្រូពេទ្យ បន្ទាប់ពី គ្រូពេទ្យដកឧបករណ៍ស្ទង់កំដៅចេញពីអ្នកជងឺ ៖
                - លោកគ្រូពេទ្យ ! នេះគេយ៉ាងម៉េចហើយ ? 
                គ្រូពេទ្យសម្លឹងមុខកែវបន្តិច រួចបែរមុខតបជាមួយរាជ ៖ 
                - ដោយសាអ្នកជំងឺហាលទឹកសន្សើមពេញមួយយប់ ទើបបណ្តាលឲ្យគេមានអាការៈក្តៅ ខ្លួនខ្លាំងបែបនេះ ! ខ្ញុំនឹងរៀបចំថ្នាំទុកសម្រាប់គេ ហើយបន្តិចក្រោយពីទទួលទានថ្នាំ នាងនឹងមាន អាការៈធម្មតាវិញហើយ ! លោកកុំបារម្ភអី ! តែសុំកុំបណ្តោយឲ្យអ្នកជំងឺសម្រាកនៅទីនេះអី ! ខ្ញុំនឹងចាក់ថ្នាំត្រជាក់ឲ្យគេ ដើម្បីឲ្យកំដៅថយចុះ ! 
                គ្រូពេទ្យចាក់ថ្នាំឲ្យស្រីរួចក៏រៀបចំថ្នាំមួយកញ្ចប់ហុចទៅឲ្យរាជ​ ៖ 
                - នេះជាថ្នាំរបស់អ្នកជំងឺ !  
               ​ - អរគុណលោកគ្រូពេទ្យ ! 
                - បាទមិនអី ! ជួយយកកន្សែងជ្រលក់ទឹកជូនខ្លួនឲ្យគេផង ! 
                - បាទលោកគ្រូពេទ្យ ! អរគុណណា៎ លោកគ្រូពេទ្យ ! 
                - បើអស់កិច្ចការហើយ ជម្រាបលាទៅវិញហើយ ! 
                - បាទជម្រាបលាលោកគ្រូពេទ្យ ! 
                រាជជូនដំណើរគ្រូពេទ្យដល់របងផ្ទះ ទើបត្រឡប់វិញ រួចផ្លាស់ប្តូរកន្លែងគេងឲ្យកែវ ។ នាយ បីនាងទៅដាក់គេង លើគ្រែក្នុងបន្ទប់របស់គេ រួចយកកន្សែងជ្រលក់ទឹកទៅជូតឲ្យនាង ។ 
                ពេលសម្លឹងមើលភ័ក្រ្កស្រីចំ ទើបដឹងថា សម្រស់កែវស្ទើរតែគ្មានអ្នកប្រៀប វង់ភ័ក្រ្កមូល ដូចពងក្រពើ រោមភ្នែក ងរដូចឥន្ធនូ សាច់មុខម៉ត់ខៃសរដូចទេពធីតា ម្រាមដៃដូចបន្លាក្រូច មិនសាក សមជាមនុស្សអាក្រក់ដូចរាជគិតទេ និយាយឲ្យ ខ្លី ទោះបីរៀបរាប់យ៉ាង ណាក៏សម្រស់ស្រីនៅតែគ្មាន អ្នកផ្ទឹម រហូតដល់នាយកម្លោះយើងសម្លឹងមិនដាក់ភ្នែក ។ ជូតឲ្យស្រីរួច រាល់ មាណពក៏លើកចានដែក ទឹកទៅទុក រួចត្រឡប់មកអង្គុយក្បែរស្រីវិញ ។ ជួនធ្វើការអស់កម្លាំង រាជក៏ដាក់ក្បាលដេកលើ គ្រែក្បែរ ដៃកែវ ទាំងដែលគេមិនបានញ៉ាំបាយល្ងាច សូម្បីតែខោអាវក៏មិនទាន់បានប្តូរ ។ 
                 
                 ចន្ទា្ររះពេញមួយយប់ ក៏យាងកាយចេញ ប្តូរវេនព្រះអាទិត្យមករះបំភ្លឺលោកម្តងទៀតជា ថ្ងៃថ្មី ។ កែវដេកពេញ មួយយប់គ្មានភ្ញាក់អីបន្តិច ។ ពេលពន្លឺព្រះអាទិត្យចោលចំកែវភ្នែក កែវក៏ភ្ញាក់ដឹង ខ្លួន ហើយបើកភ្នែកតិចៗ ។ ពេលបើកភ្នែក អស់ ស្រាប់តែឃើញរាជកំពុងអង្គុយសម្លឹងមើលមកនាង ដូចជាអ្នកទោស ស្រីក៏ស្ទុះងើបយ៉ាងរហ័ស ទាំងស្តីថា ៖
                  - លោកកំពុងមើលអី ? អា.....
                  - កុំទាន់ជេរ ហើយក៏កុំទាន់គិតអ្វីមិនល្អមកលើខ្ញុំ ! អ្វីបន្តិចក៏ខ្ញុំមិនទាន់បានធ្វើចំពោះនាង ដែរ ! មានតែខ្ញុំដេក យាមនាងពេញមួយយប់ ! ដឹងខ្លួនក៏ល្អហើយ ! ចង់សួរថា នាងយ៉ាងម៉េចហើយ? 
                  កែវសម្លឹងមើលរាងកាយរបស់ខ្លួនពីរបីដង រួចសួរត្រឡប់ ៖ 
                   - តើខ្ញុំកើតអី ? 
                   - នាងក្តៅខ្លួនពេញមួយយប់ហើយ ! ពេលនេះយ៉ាងម៉េចហើយ ? សុំស្ទាបបន្តិចមើល៎! 
                   រាជលូកដៃបម្រុងស្ទាបថ្ងាសកែវ តែស្រីដកខ្លួនថយក្រោយយ៉ាងរហ័ស ទាំងវាចា ៖ 
                   - មិនបាច់ទេ ! ខ្ញុំស្ទាបខ្លួនឯងបាន ! ខ្ញុំលែងកើតអីហើយ ! 
                   - នៅមាត់រឹងទៀត ! បានតែទុកចោលឲ្យដេកក្រៅផ្ទះទើបសម ! បើដឹងខ្លួនហើយក៏ឆាប់  លុបមុខ រួចផ្លាស់ខោ អាវទៅ ! ខ្ញុំឃើញនាងពាក់ខោអាវនេះ ២ ថ្ងៃមកហើយ ! ខោអាវនៅលើតុនោះ រួចហើយក៏ញ៉ាំបបរ នឹងអាលលេបថ្នាំ ហើយក៏ចូលគេងទៅ ! ខ្ញុំទៅធ្វើការហើយ ! 
                   ថាចប់ រាជក៏ដើរចេញទៅ ស្រាប់តែទប់ដំណើរឈប់ បែរមកនិយាយថា ៖ 
                    - មិនបាច់ខ្លាចថា ខ្ញុំដាក់ថ្នាំក្នុងចានបបរនេះទេ ហើយក៏មិនបាច់ខ្លាចថា ខ្ញុំចង់ធ្វើអ្វី នាងដែរ ព្រោះបើខ្ញុំចង់ ធ្វើមែន មិនចាំបាច់នាងដឹងខ្លួនចាំធ្វើនោះទេ ! មេត្តាគិតមនុស្សក្នុងផ្លូវល្អផង ! នៅក្នុងផ្ទះបាយមានម្ហូបក្នុងទូរទឹកកក បើឃ្លានអាចធ្វើអ្វីញ៉ាំដោយខ្លួនឯងបាន ! ល្ងាចទើបខ្ញុំត្រឡប់ មកវិញ ! ខ្ញុំទៅធ្វើការហើយ ! 
                     រាជដើរហួសចេញទៅបន្សល់ឲ្យកែវតាមសម្លឹងដំណើរកម្លោះរហូតផុតកន្ទុយភ្នែក មាណវីបើកភួយដែលខ្លួន កំពុងដណ្តប់មើលដើម្បីឲ្យប្រាកដខ្លួនថា គេពិតជាមិនបានធ្វើនាងមែន ។ ខោអាវនៅដដេល ដូច្នេះគេប្រាកដជាមិនហ៊ានធ្វើអ្វី ដូចគេនិយាយមែន ។ ធីតាក៏ចុះពីគ្រែ ឈោងយក ថង់ខោអាវដែលរាជបានទិញពីផ្សារមក ឲ្យនាងកាលពីល្ងាចមិញរួចលប់ មុខ ។  នាងអង្គុយមើលចាន បបរដែលគ្រប់លើតុទាំងមិនទុកចិត្ត ទោះបីជាកម្លោះអះអាងថា គេមិនធ្វើបាបនាងគេ ។ នាងទាញថង់ ថ្នាំមកមើល រួចសម្លឹងមើលចាបបរម្តងទៀត ទើបដាច់ចិត្តហ៊ានញ៉ាំបបរនោះ ព្រោះវាអស់ជម្រើស សម្រាប់នាង ។  ពេញមួយថ្ងៃដែលនាងមិនបានញ៉ាំអ្វីទាំងអស់ ដូច្នេះវាធ្វើឲ្យក្រពះនាងស្រែកថ្ងូរ បើមិន ញ៉ាំបបរនេះ គឺគ្មានអ្វីញ៉ាំទេ ។ អស់បបរពីចាន ទើបស្រីលេបថ្នាំតាមបញ្ជារបស់រាជ រួចក៏ចូលដេកលង់ លក់ទៅ ។ 

សូមរងចាំទស្សនាវគ្គ ៣ !  

                 

No comments: