បទចម្រៀងប្រចាំខែ

TuneList - Make your site Live

អត្ថបទថ្មីៗ

Saturday, April 28, 2012

អត្ថបទល្ខោននិយាយរឿង ៖ កំហុសអ្នកណា ?


ឆាកទី១
ពូឃុន មុំ និងអ៊ុំធីម
នាយឃុនដែលខ្លួនប្រឡាក់សុទ្ធតែស៊ីម៉ង់ជាប់ខោ បានលើកូនចេញពីអង្រឹងជា មួយ ស្នាមញញឹម និងសំណើចក្អាកក្អាយរបស់កូនប្រុសសំណប់ចិត្ត។ នាយបាន និយាយទៅកូនថា
នាយឃុន កូនប្រុសសំណព្វចិត្តពុក ! ថ្ងៃនេះពេលពុកទៅធ្វើការមាន លួច នឹកពុកដែល ទេហ្នឹង​? (សម្លឹងមុខកូន) ណកឃើញទេ !​ ញញឹមបែបហ្នឹងមាន ន័យថា នឹកពុកហើយមែនទេ ? (លើកកូនថើបទាំងញញឹម)កូនដឹងទេ ថ្ងៃនេះពុកបាន ទិញ សំលៀកបំពាក់ពីរសម្រាប់ គឺរបស់​​កូនមួយសម្រាប់ និងរបស់ម៉ែកូនមួយសម្រាប់ ! ចាំបន្តិចទៀត ចាំពុកយកទៅអោយម៉ែកូនឯ​​តែកូនត្រូវសន្យាណាថា ធំឡើងត្រូវ ធ្វើជាមនុស្សល្អអោយពុកនឹងម៉ែសប្បាយចិត្ត លឺទេ ? (ប្រពន្ធដើរចញពីផ្ទះ) អើម៉ែវា​ ! ឯងចង់ទៅណាហ្នឹងមានទាំកាតាបធំបែបនេះ ? ​
មុំ (សម្លឹងមើលមុខកូនបន្តិចរួចងើបមុខមើលប្តី) ថ្ងៃនេះ ខ្ញុំត្រឡប់ទៅនៅស្រុកវិញហើយ !
នាយឃុន (លើកដៃស្ទាបក្បាលប្រពន្ធថ្នមៗ)ម៉ែវាឯងក្តៅខ្លួនទេដឹងបានជាថ្ងៃនេះ និយាយពាក្យចម្លែកបែបនេះ ?
មុំ ខ្ញុំអត់មានក្តៅខ្លួនទេ ហើយក៏អត់មានគ្រុនដែរ ប៉ុន្តែខ្ញុំនិយាយពាក្យពិត ! មួយឆ្នាំហើយដែលខ្ញុំទ្រាំរស់នៅជាមួយលោកទាំងត្រដាបត្រដួស បានបាយព្រឹកអត់បាយល្ងាច​​​​​​​​ បានអំបិលអត់ប៊ីចេង ជួនកាលអត់ប្រហុកក៏មាន ចំណែកខោរអាវពាក់តែអាវកញ្ចាស់ៗ !​ ខ្ញុំមិន​​ត្រូវការបែបនេះទេ ខ្ញុំចូលចិត្តភាពហ៊ឺហា លោកយល់អត់ ?
នាយឃុន ចុះកូន ចុះខ្ញុំ ?​ ម៉ែវាឯងគិតយ៉ាងណា ? (និយាយទាំងទឹកភ្នែករលីងរលោង)
មុំ ពួកយើងលែងលះគ្នាទៅ ចំណែកកូនខ្ញុំមិនយកទៅនាំតែជាប់ចំណងនោះទេ ទោះលោកយកវាទៅអោយអ្នកណា រឺ លក់អោយអ្នកណាគឺជារឿងរបស់លោក ពួក យើងឈប់ពាក់ព័ន្ធគ្នាចាប់ពីថ្ញៃនេះតទៅ !
នាយឃុន ហេតុអីក៏ម៉ែវាឯងដាច់ចិត្តយ៉ាងនេះ ? សូម្បីតែកូនដែលទើបតែកើតមិនទាន់ ស្គាល់មុខច្បាស់ ក៏ឯងមិនអាណិតដែរមែនទេ ?
មុំ អាណិត​ ? (សើច)ព្រោះតែអាណិតទើបខ្ញុំមកវេទនាជាមួយលោក ! លោកក៏ដឹង
ថាខ្ញុំស្រឡាញ់មុខមាត់ប៉ុណ្ណា បើខ្ញុំដឹងថារស់នៅជាមួយលោកក្ររហាមបែបនេះ ខ្ញុំនឹងមិនរៀប
​​​ការជាមួយលោកនោះទេ តែចាត់ទុកថា ពួកយើងស្គាល់គ្នាដូចក្នុងយល់សបិទៅចុះ ! (ដើរចេញទៅ)
នាយឃុន (ចាប់ដៃប្រពន្ធ)ឯងកុំទៅអី ខ្ញុំសុំអង្វរ ! ឯងកុំធ្វើបែបនេះបានទេ ! ទោះបីជា ឯងមិនអាណិតខ្ញុំក៏ដោយ ឯងគួរតែអាណិតកូនផង ! កូននៅក្មេងខ្លាំងណាស់ ខ្ញុំមិនចង់អោយ កូនបាត់បង់ម្តាយនេះទេ !
មុំ (ច្រានប្តី)បានហើយ ! បើពិបាកណាស់ប្រាប់វាទៅថាវាគ្មានម្តាយនេះទេរឺលោកចង់កុហក់វាបែបណាក៏បាន តែមិនចាំបាច់មកតាមខ្ញុំទេ យើងចប់គ្នាត្រឹមនឹងចុះ !
នាយឃុន (យំ)ម៉ែវា …………! ត្រលប់មកវិញមក ខ្ញុំសុំអង្វរ ! កូននៅតូចខ្លាំណាស់ វាមិនអាចរស់នៅដោយគ្នានឯងបានទេ ! ឆាប់ត្រឡប់មកវិញមក កុំទុកពួកយើងចោលអី ! (កូនយំ)កូនប្រុសកុំយំអី………អឺអឺៗៗៗៗកុំយំកូនកុំយំ !
អ៊ុំធីម អើយម៉ែអាប្រុស ! អាប្រុសកើតអីហ្នឹង ហេតុអីក៏អាប្រុសយំខ្លាំងម្លេះ ? អើឃុនទេហ្អស ? ចុះម៉ែអាប្រុសទៅណា ម៉េចក៏បណ្តោយអោយកូនយំខ្លាំងបែបនេះ ? មានអោយកូនបៅហើយ នៅ ?
នាយឃុន បាទ ! នៅទេបង !
អ៊ុំធីម ទុកអោយយំខ្លាំងបែបនេះមិនបានទេ មោះអោមកបង ! បងយកវាទៅ អោយបៅទឹកបបរ ! អឺៗៗៗៗ មកក្មួយមក ! មកអ៊ំណា ! កុំយំក្មួយ កុំយំ ! អឺៗៗៗ……! ហើយចុះ នេះបានបាយហូបហើយរឺនៅ ?
នាយឃុន (ជូតទឹកភ្នែក ) នៅទេបង !
អ៊ុំធីម អញ្ចឹងមក ! ទៅហូបបាយផ្ទះបងទៅ ! មើលទៅ ម៉ែអាប្រុសប្រាកដជារវល់ នៅផ្សារហើយមើលទៅ ? តោះ ! អឺៗៗៗៗៗក្មួយ ………កុំយំណាក្មួយណា ! ក្មួយចេះ !

                                                                                                                              


 ឆាកទី
វេហា និងពូឃុន
          ប្រុសជានាមយុវជនម្នាក់ដែលបានរស់នៅជាមួយឪពុកអស់រយះពេល១៨ឆ្នាំ តែឥឡូវ បានប្តូរឈ្មោះមកជាវេហា កម្លោះហៅឪពុកជាទម្លាប់មកពីសាលា
          វេហា ពុក !​ ខ្ញុំត្រលប់មកពីសាលាវិញហើយ ! ពុកនៅផ្ទះទេហ្នឹង ?
          នាយឃុន អើ ! វេហា ! មកពីសាលាវិញហើយហ្អេសកូន ?
          វេហា បាទពុក ! ខ្ញុំទើបតែត្រលប់មកដល់មុននេះទេ ! ចុះពុកត្រឡប់មកពីធ្វើការយូរហើយរីនៅ ?
          នាយឃុន គឺពុកមកយូរគ្រាន់ហើយ ! ពុកកំពុងតែធ្វើម្ហូប ! ហើយចុះអ្វីគេនៅក្នុង ស្បោងខ្មៅនោះ ?​
          វេហា (លើកស្បោង) នេះជាកាដូណាពុក ! ថ្ញៃនេះខ្ញុំមានដំណឹងល្អប្រាប់ពុកតែសុំលាក់ទុកសិន !
          នាយឃុន (ទះស្មាកូន) មិនអីទេ ! ចាំប្រាប់ពុកនៅពេលល្ញាចក៏បាន ! តោះឆាប់ទៅផ្លាស់សម្លៀកបំពាក់ទៅនឹងអាលបានហូបបាយ !​ ថ្ញៃនេះពុកបានធ្វើម្ហូបយ៉ាងឆ្ញាញ់សម្រាប់ឯង !
          វេហា (ហិតខ្លិន)​ បើខ្ញុំទាយមិនខុស ប្រាកដជាត្រីចៀនហើយមែនទេពុក ?
          នាយឃុន ឯងនេះ ពូកែហិតខ្លាំងណាស់ !តោះ !ឆាប់ទៅផ្លាស់សម្លៀកបំពាក់ទៅពុកចាំ!
          វេហា បាទពុក !


វគ្គទី៣
វេហា និងឪពុក
​​ វេហាចេញពីក្នុងផ្ទះឃើញឪពុក អង្គុយលើគ្រែ ក៏សួរទៅកាន់ឪពុក  
វេហា ពុក ! នេះពុកនៅមិនទាន់ចូលសម្រានទេរឺ ?
នាយឃុន (សម្លឹងមុខកូន)វេហា !​ មោះមកអង្គុយេជិតពុកមក ! ពុកកំពុងអង្គុយចាំឯង មកសូត្រច្បាប់ប្រុសអោយពុកស្តាប់បន្តនឹងណា !មកសូត្រអោយពុកស្តាប់ទៀតទៅ !ឯងសូត្រ ដល់ណាហើយ !
វេហា (មើលសៀវភៅ)គឺដល់វគ្គទី៤ហើយពុក !
នាយឃុន អញ្ចឹងសូត្រវគ្គទី៥បន្តអោយពុកស្តាប់មក ពុកចាំស្តាប់ !
វេហា បាទពុក ! (សូត្រ )
» នឹងដើរដូចភជុង្គ                               ឱយឱនអង្គអាចបារម្ភ
ឱយត្រូវនឹងច្បាប់                                ក្រម គួរប្រតិបត្តិកុំអោយឆ្គង
» រៀនបាទរៀនបាទចាស                     កុំច្រឡាសលើរៀមច្បង
ស្រដីនឹងអ្នកផង                                 ពាក្យឱយគួរកុំឯងវី
» អឺអើអញដាច់សាច់                          ឆ្គងពាក្យពេចន៍គេស្រដី
ដើមដាលអោយអប្រិយ                      ស្រដីថាកូនអត់ពូជ
» ចាស់ទុំមិនប្រដៅ                                        ជេរកូនចៅទើបវាខូច
គេថាកូនអត់ពូជ                                មិនដឹងច្បាប់និងចាស់ទុំ
» គេដៀលដល់ម៉ែឪ                             កេរិ៍អាស្រូវស្អុយរហ៊ុំ
គេស្តីដើមដៀលជុំ                               ដំនៀលនោះមកដល់ចាស់
នាយឃុន ត្រឹមហ្នឹងសិនចុះ ! ចាំស្អែកចាំសូត្រ អោយពុកស្តាប់បន្ត ! ហើយចុះដំណឹងល្អដែលចង់ប្រាប់ពុកនោះយ៉ាងម៉េចហើយ ?
វេហា អូហ៍ ! ខ្ញុំភ្លេច ! ពុកចាំមួយភ្លេតណា ! (ដើរចូលក្នុងផ្ទះហើយចេញមកអង្គុយជា មួយពូឃុនវិញជាមួយស្បោងខ្មៅ)!
ឪពុក ស្អីគេនឹងវេហា ?
វេហា (ស្រាយថង់ ហើយលូកយកក្រដាសរឹងមួយអោយឪពុក) នេះជាកាដូសម្រាប់ពុក!   
នាយឃុន ស្អីគេណ្នឹងវេហា ?
វេហា អ្វីដែលពុកកំពុងទន្ទឹងរងចាំ ខ្ញុំបានយកវាមកអោយពុកបានហើយ​ ! តំណែង សិស្សពូកែលេខមួយផ្នែកអក្សរសាស្រ្តខ្មែរ ខ្ញុំធ្វើជូនពុកបានហើយ ! បើគ្មានពុកទេខ្ញុំក៏គ្មានថ្ញៃ នេះដែរ ! ថ្ញៃនេះជាថ្ញៃពិសេសរបស់ខ្ញុំនឹងពុក ! ហើយនេះជាលិខិតសសើរសិស្សពូកែផ្នែកអក្សរ សាស្រ្តខ្មែរណា ពុក !
នាយឃុន ( សប្បាយចិត្ត ទាំងលើកលិខិតសសើរនោះមកអោបជាប់ដើមទ្រូង ) ពុកអត់ មានអ្វីជាកាដូសម្រាប់អោយកូនទេ !
វេហា ពុកកុំនិយាយអញ្ចឹងអី ! គ្រប់សិស្សកូកែជាច្រើនទៀតគឺគេបានកាដូពីឪពុកម្តាយ របស់គេ ប៉ុន្តែខ្ញុំមិនចង់បានអ្វីពុកទេ ! បើគ្មានពុកទេ ខ្ញុំក៏អត់មានលទ្ធផលដូចថ្ញៃនេះដែរ !​ ទោះ បីជាខ្ញុំគ្មានម៉ែនៅក្បែរដូចគេដទៃ ប៉ុន្តែពុកបានផ្តល់នូវភាពកក់ក្តៅ ស្នាមញញឹម កម្លាំងចិត្ត ជាពិសេសគឺការ អប់រំដ៏ល្អ ហើយវាធ្វើអោយខ្ញុំគិតថា ពុកប្រៀបដូចជាឪពុកផង និងជាម្តាយ ផង ! ទោះបីជាតិ នេះគ្មានម្តាយក៏ដោយ ប៉ុន្តែពុកជាកម្លាំងចិត្តដល់ខ្ញុំ ! អរគុណគ្រប់យ៉ាងដែល ពុកបានផ្តល់ អោយខ្ញុំ !
          នាយឃុន វេហាកូន ! ( អោបកូនហើយលួចយំក្រោយខ្នង )
          វេហា ពុកយំទៀតហើយមែនទេ ?
          នាយឃុន អត់ទេ ! គឺពុកសប្បាយចិត្តដែលបានកូនប្រុសល្អដូចឯង ! ពុកសុំទោសណា !
          វេហា ពុកកុំសុំទោសរឿងម៉ែអី ! ទោះបីជាគ្មានម៉ែ តែខ្ញុំសន្យាថា នឹងប្រឹងរៀនសូត្រ អោយបានពូកែ ព្រោះពុកជាកម្លាំងចិត្តរបស់ខ្ញុំ ! ( អោបឪពុកដោយក្តីស្រឡាញ់ )
          នាយឃុន បានហើយ ! ប្រញាប់ចូលគេងទៅ ! ស្អែកត្រូវទៅរៀនទៀត ! តោះ ! ឆាប់ចូល ដេកទៅ !


          ឆាកទី
នាងមុំ និងប្តីថ្មី (នាយហ៊ត)
១៨ឆ្នាំដែលកន្លងផុតទៅ  ! ក្រោយពីបែកពីនាយឃុន នាងមុំក៏បានរៀបការជាមួយប្តីថ្មី ហើយមាកូនប្រុសឈ្មោះរ៉េត កូនឈ្មោះស្រីស៊ីណា ក្រោយពីមកពីផឹកវិញ នាយហ៊តជាប្តី ប្រមឹកក៏ស្រែកហៅប្រពន្ធ ផ្អើលពេញផ្ទះ ៖
          នាយហ៊ត ( ស្រវឹង ) ម៉ែវាហ្អា ! អើយម៉ែវា ! វាទៅណាបាត់ហើយហ្នឹង ?
          មុំ  ( ដើរចេញពីក្នុងផ្ទះមក ) ចាស ឪវា !
          នាយហ៊ត ឆាប់យកបាយមក ! យើងឃ្លានបាយហើយ !
          មុំ ចាសបាន ! ខ្ញុំនឹងរៀបចំអោយ !
          នាយហ៊ត អើ ! យកស្រាមកអោយអញផង ! លឺទេ ?
          មុំ ចាស លឺហើយ ! ( ដើរចូលទៅក្នុងផ្ទះវិញ )
          នាយហ៊ត អាណាវាធ្វើអីមុខផ្ទះអញ ! ម៉េចក៏ក្រហេងក្រហូងអញ្ចឹងវើយ ! ( ដួលលើដី )
          មុំ ឪវា​ ! អញ្ជើញមកហូបបានយមក ! ខ្ញុំរៀបចំរួចហើយ ! ( ឃើញប្តីដួលក៏ទុកបាយ លើគ្រែរួចរត់ចូលទៅ លើកប្តី ) ឪវា ! ឯងយ៉ាងម៉េចហើយ ?
          នាយហ៊ត ( ច្រាននាងមុំ ) អញមិនអីទេ ! ទៅយកស្រាមក អញចង់ផឹកស្រា ! អោយលឿនឡើង !
          មុំ ឪវាឯងស្រវឹងហើយ ! កុំផឹកទៀតអី ! (ឃាត់ប្តី )
          នាយហ៊ត ( ក្រោកអង្គុយ ) អញអោយទៅយកទៅយកមក ! ចង់តមាត់ តិចត្រូវ ! ឆាប់ទៅ !
          មុំ ប៉ុន្តែឯងស្រវឹងហើយ !        
នាយហ៊ត អាណាថា អញស្រវឹង ? ( ដួលសន្លប់ )
          មុំ (គ្រវីក្បាល ) ថ្ងៃណាក៏ឃើញតែស្រវឹងដែរ ! នេះជាកម្មពារខ្ញុំមែនទេ ? ( ដកដង្ហើមធំ ហើយគ្រាហ៍ ប្តីទៅដាក់លើគ្រែ )


ឆាកទី
រ៉េត និងរដ្ឋា
          រដ្ឋា នែអារ៉េត ! អញឃើញហ្អែងធ្វើមុខក្រញ៉ូវតាំងពីព្រលឹមមកម្លេះ ? ហ្អែងមានរឿង អីហ្អា ?
          រ៉េត ( គ្រវៀសដៃ ) ហ្អែងកុំមកចេះ ! អញកំពុងតែពិបាកចិត្តផង !
          រដ្ឋា ពិបាករឿងអីហ្អា ?
          រ៉េត ខែនេះអញប្រឡងធ្លាក់ទៀតហើយ ! អញគួរប្រាប់ ម៉ែអញថាយ៉ាងម៉េចទៅ ?
          រដ្ឋា ស្អីគេហ្អា ? ម៉ែហ្អែងអីក៏វេទនាម្លេះហ្អា ? ម៉ែអញមិនដែលខ្វល់ ចង់អញប្រឡង ធ្លាក់ប៉ុន្មានខែ ក៏គាត់មិនខ្វល់ ! ចុះម៉ែហ្អែងអីក៏រឿងច្រើនម្លេះហ្អា ?
          រ៉េត ហ្អែងឈប់និយាយទៅ ! អញឈឺក្បាលណាស់ហ្អា !
          រដ្ឋា ហ្អែងកុំគិតច្រើនពេក ! មោះអញប៉ាវផឹក ! តោះទៅ !
          រ៉េត អញអត់មានលុយទេណា !
          រដ្ឋា កុំភ័យ ! មោះអញប៉ាវ ! ( គៀកករកគ្នាដើរទៅ )

ឆាកទី
នាងមុំ និងកូនស្រី (ស៊ីណា )
          ស៊ីណា ម៉ែ ! បងរ៉េតអត់ទៅសាលាទេ ! តើខ្ញុំបានអីឃជិះទៅសាលាទៅ ? នេះជិតដល់ ម៉ោងហើយ !
          មុំ ហេតុអីក៏បងប្រុសឯងមិនទៅសាលា ?( បោសសម្រាមបណ្តើរ )
          ស៊ីណា ខ្ញុំមិនដឹងទេម៉ែ ! ម៉ែទៅនិយាយជាមួយគាត់បន្តិចទៅ !
          មុំ បាន ! ចាំម៉ែទៅ និយាយជាមួយ​ !


ឆាកទី
នាងមុំ ស៊ីណា និងរ៉េត
          មុំ រ៉េត ! នេះកូនមិនទៅសាលាទេរឺ ?
          រ៉េត ខ្ញុំអត់ទៅទេម៉ែ !
          ស៊ីណា បើបងមិនទៅទេ បងជួយជូនខ្ញុំទៅសាលាបន្តិចមក ថ្ងៃនេះខ្ញុំមានប្រឡងប្រចាំ ខែផង !
          រ៉េត (គំហកដាក់ប្អូនស្រី ) បងប្រាប់ហើយថាបងមិនទៅទេ !
          មុំ ហេតុអីក៏កូនមិនទៅ ? កូនមានរឿងអីមែនទេ ?
          រ៉េត ម៉ែគិតមើលទៅ ! ម៉ូតូ ០១០ អាកញ្ចាស់មួយហ្នឹង ខ្ញុំជិះឡើងធុញទៅហើយ តើពេល ណាទើម៉ែដូរម៉ូតូអោយខ្ញុំ ?
          មុំ ដូរម៉ូតូ ? ឯងអោយម៉ែទៅរកលុយពីណាមក ? ឯងក៏ដឹងថា ម៉ែលក់បន្លែមួយថ្ងៃបាន ប៉ុន្មាន ហើយម៉ែមានលុយឯណាទៅដូរម៉ូតូអោយឯងនោះ !
          រ៉េត ខ្ញុំមិនដឹងទេ ! ០១២ ចេញហើយ បើម៉ែមិនដូរអោយខ្ញុំ ខ្ញុំឈប់ទៅសាលាជារៀង រហូត !
          មុំ ឯងធ្វើអញ្ចឹងអត់បានទេ​ ! អនាគតឯងនៅវែងឆ្ងាយ បើឯងឈប់រៀន តើឯងទៅធ្វើ អីទៅ ?
          រ៉េត បើអញ្ចឹងម៉ែឆាប់ដូរម៉ូតូអោយខ្ញុំមក ! ខ្ញុំសន្យាថា នឹងទៅរៀនអោយបានទៀងទាត់ ! ណាម៉ែណា ! ដូរអោយខ្ញុំទៅ ណាម៉ែណា !
          មុំ ( គិតមួយសន្ទុះ ទាំងចិត្តរេរា ) អើៗ ! តែត្រូវសន្យាជាមួយម៉ែថា ត្រូវទៅសាលា ម៉ែនឹងដូរ អោយ !
          រ៉េត បាទម៉ែ ! ខ្ញុំទៅប្តូរសម្លៀកបំពាក់ទៅរៀនថ្ងៃនេះតែម្តង ! ( រត់ចូលទៅក្នុងផ្ទះទាំង សប្បាយចិត្ត )
          ស៊ីណា ម៉ែ ! ចុះខ្ញុំនោះ ?
          មុំ ឯងស្អីដែរ ?
          ស៊ីណា ខ្ញុំត្រូវការទិញគ្រឿង Make Up ស្បែកជើងកែង កាបូបស្ពាយ ខោអាវ និងលុយចាយថ្ងៃនេះ !
          រ៉ែត ស៊ីណាអើយ ! ទៅសាលា ! អោយលឿនឡើង ! បងប្រញាប់ !
          ស៊ីណា ម៉ែ ! បងរ៉េតទៅចោលខ្ញុំឥឡូវហើយ ! ឆាប់អោយលុយមក !
          មុំ ( ដកដង្ហើម ) ណេះ ! ម៉ែមានតែប៉ុណ្នឹងទេ ! យកទៅ !
          ស៊ីណា អរគុណម៉ែ ! ខ្ញុំស្រឡាញ់ម៉ែណាស់ ! ( ថើបម្តាយ ) ខ្ញុំទៅសាលាហើយណាម៉ែ !

ឆាកទី
វេហា និងនាយឃុន
        នាយឃុនរៀបនឹងចេញទៅធ្វើការ វេហាដើរពីក្រោយក៏និយាយ ៖
          វេហា ពុក ! ខ្ញុំទៅសាលាហើយណា ពុក !
          ឪពុក វេហា ! ថ្ងៃនេះ ពុកអត់មានលុយទេ ! កូនទៅរៀនអត់លុយមួយថ្ងៃសិនទៅណា !
          វេហា ពុកកុំបារម្មណ៍អី ! អូ ! ខ្ញុំភ្លេច ! នេះជាលុយដែលពុកអោយខ្ញុំរាល់ថ្ងៃ ខ្ញុំសន្សំវាជា រៀងរាល់ថ្ងៃ ! ពុកទុកទិញម្ហូបវិញចុះ ! ខ្ញុំទៅរៀនដើម្បីចំណេះ ចំណែកលុយអត់សំខាន់នោះទេ!
          ឪពុក កុំអី ! កូនទុកលុយនេះចុះ ! ក្រែងលរថ្ងៃណាមួយ កូនត្រូវទិញអ្វីមួយ កូននឹងមាន លុយផ្ទាល់ខ្លួន !
          វេហា អត់អីទេពុក​ ! យើងដើរមួយថ្ងៃ គិតមួយថ្ងៃ ! ថ្ងៃនេះ យើងគិតមួយថ្ងៃសិន ! ថ្ងៃ ស្អែកចាំយើងគិតទៀត ! ពុកទុកលុយនេះចុះ ! ខ្ញុំទៅសាលាហើយពុក​ !
          ឪពុក វេហា ! ពុក…………………!
          វេហា ( កាត់សម្តីឪពុក ) ពុកកុំនិយាយពាក្យសុំទោសអី ! ខ្ញុំទេដែលត្រូចសុំទោសពុក ! ខ្ញុំនឹងប្រឹងរៀនណា ពុក ! ពុកត្រូវតែញញឹម ! ខ្ញុំទៅរៀនហើយពុក !
         
ឆាកទី
វេហា និងស៊ីណា
          ស៊ីណា ជួយផង ! ចោរឆក់កាបូបខ្ញុំហើយ !
          វេហា ( ចោររត់មកបុកវេហា ) អូយ ! សុំទោសប្អូន ! មានត្រូវត្រង់ណាខ្លះទេ ? នេះជា កាបូបរបស់ប្អូន ! បងសុំទោសផង !
ស៊ីណា ( មកទាន់ ) បងប្រុស ! កុំអោយកាបូបនោះទៅវាអី ! វាជាកាបូបរបស់ខ្ញុំទេ ! វាឆក់របស់ខ្ញុំទៅ !
          វេហា ( ឆក់កាបូបមកវិញ ) ហេតុក៏ប្អូនរកស៊ីឆក់ប្លន់គេអីបែបនេះ ? យើងជាកូនប្រុស មានដៃជើងរឹងមាំ ទៅរកកាងារធ្វើដើម្បីបានប្រាក់ចាយទើបល្អ មិនត្រូវរកស៊ីលួចគេបែបនេះទេ!
          ចោរ បងប្រុស ! កុំចាប់ខ្ញុំអោយប៉ូលីសអី ! ខ្ញុំដឹងខុសហើយ​ !
          វេហា បងមិនចាប់ប្អូនអោយប៉ូលីសទេ ! ប៉ុន្តែប្អូនត្រូវសន្យាថា មិនត្រូវលួចឆក់គេបែប នេះ ទៀតទេ ! លឺទេ ?
          ចោរ បាទបងប្រុស ! ( គេចខ្លួនដើរចេញទៅបាត់ )
          វេហា ( ដើរឆ្ពោះទីស៊ីណា ) នេះជាកាបូបរបស់ប្អូន !
          ស៊ីណា ( ស៊ីណាសំពះវេហា រួចទើបទទួលកាបូប ) អរគុណបងប្រុស ! នេះជាលុយ ដែលខ្ញុំត្រូវទិញគ្រឿង Make Up ផង បើវាឆក់ទៅ បាត់ ខ្ញុំប្រាកដជាអង្គុយយំមិនខាន !
          វេហា ប្អូនជាស្រីនៅក្មេងណាស់ មិនគួរគិតពីរឿង Make Up នោះទេ ! វ័យប្អូនជាវ័យ សិក្សា មិនគួរខ្វល់ពីរឿងនោះឡើយ ! ជាពិសេស ប្អូនជាស្រីមិនគួរដើរផ្លូវស្ងាត់តែម្នាក់ឯងបែប នេះទេ ! ចុះផ្ទះប្អូននៅឯណា​?
          ស៊ីណា ចាស ! គឺហួសផ្លូវស្ងាត់នេះប្រហែល ៥០០ ម៉ែត្រគឺដល់ហើយបងប្រុស ! និយាយអញ្ចឹង ខ្ញុំនៅមិនទាន់ស្គាល់ឈ្មោះបងប្រុសចិត្តល្អនៅឡើយទេ ! តើបងឈ្មោះអ្វីទៅ ?
          វេហា បាទ ! បងឈ្មោះ វេហា ! តោះបងជូនទៅផ្ទះ ! នៅឆ្ងាយទៀតទើបដល់ផ្ទះ ផ្លូវនេះ មិនគួរទុកចិត្តទេ !
          ស៊ីណា អរគុណបងប្រុសហើយ !
          វេហា គុណស្រ័យមិនសំខាន់ទេ សំខាន់យើងជាមនុស្សដូចគ្នា ត្រូវតែជួយគ្នា ! តោះបង ជូនទៅ !
ឆាកទី ១០
រ៉េត រដ្ឋា ស៊ីណា វេហា មុំ
        ថ្ងៃនេះ រ៉េតបានគេចសាលាមិនចូលរៀន ព្រោះមិត្តភ័ក្ករបស់គេឈ្មោះរដ្ឋាបានបបួលគេ ទៅដើលេង រហូតធ្លាយដល់ផ្ទះគេ ។ រដ្ឋាឃើញស្រ្តីម្នាក់ស្រដៀងម្តាយរ៉េត គេក៏សួរ ៖
          រដ្ឋា អារ៉េត ! នោះហ្ន ! ដូចជាម៉ែហ្អែងមែនទេ ?
          រ៉េត (ច្បាស់ថាម្តាយខ្លួន រ៉េតក៏រកលេសដោះសារ ) ហ៊ើយ ! អាល្ងង់ ! ហ្អែងមើលមុខ អញថា សង្ហារប៉ុណ្ណា ! ម៉ែអញ មិនមែនមុខអាក្រក់អញ្ចឹងទេ ! ហ៊ើយ ! ថ្ងៃនេះ ម៉េចក៏ជួបតែ មនុស្សមុខអាក្រក់អញ្ចឹងហ្អា ! តោះ ជូនអញទៅផឹកទៅ !
          រដ្ឋា ( គៀកកររ៉េត )អើ បានតើ ! តែត្រូវប៉ាវអញ !
          រ៉េត ប៉ាវក៏បាន ! អោយតែអញបានសប្បាយចិត្ត !  ( ប្រទះស៊ីណាក្រោយខ្នង )
          ស៊ីណា បងរ៉េត ! ហេតុអីក៏បងនិយាយអញ្ចឹង ? បងមិនគួរនិយាយបែបនេះអោយម៉ែ នោះទេ ! គាត់ជាម៉ែរបស់យើណា !
          រ៉េត ( ច្រានប្អូន ) ឯងកុំមកចេះ ! ចេញទៅ ! ( សម្លឹងមុខវេហា ថែមទាំងចង្អុលមុខកម្លោះ រួចដើរចេញទៅ )
          វេហា ប្អូនស្រីយ៉ាងម៉េចហើយ ?
          ស៊ីណា ខ្ញុំមិនអីទេ បងវេហា ! ម៉ែខ្ញុំមកពីសាលាវិញហើយ !
          មុំ អើ ! ស៊ីណា​! នាំមិត្តភ័ក្កអង្គុយលេងសិនទៅ ម៉ែលាងដៃបន្តិចសិន !
          ស៊ីណា បងវេហា ! អង្គុយលេងសិនទៅ ខ្ញុំទៅយកទឹកមកជូនបងពិសារ !
          វេហា មិនអីទេ ! បងទៅវិញសិនហើយ !
          មុំ ​ ( ដើរចេញមក ) ម៉េចក៏ប្រញាប់ទៅវិញម្លេះក្មួយ ?
          វេហា ( លើកដៃសំពះ )  ជម្រាបសួរមីង !
          មុំ (សំពះតប )ចាស លើកដៃថ្វាយព្រះក្មួយ !
          ស៊ីណា ម៉ែ!  ថ្ងៃនេះ ខ្ញុំត្រូវចោរឆក់កាបូប ហើយបានបងប្រុសវេហាជួយ បើមិនអញ្ចឹង ទេ លុយដែលម៉ែអោយកាលពីព្រឹកមិញ ប្រាកដជាវាយកចាយអស់មិនខាន !
          មុំ ចុះកូនយ៉ាងម៉េចហើយ ?
          ស៊ីណា ខ្ញុំមិនអីទេ ព្រោះបងវេហាជួយ !
          មុំ អរគុណក្មួយហើយដែលបានជួយកូនស្រីរបស់មីង ! មីងមិនដឹងជាមានអ្វីសងគុណ នោះទេ !
          វេហា មិនមានគុណស្រ័យអ្វីនោះទេ ! បើយើងឃើញមនុស្សកំពុងតែលង់ទឹកហើយ បើ មិនជួយ មិនកើតនោះទេ ! ប៉ុន្តែសុំមីងកុំបណ្តោយអោយស៊ីណាទៅណាមកណាតែម្នាក់ឯង បែបនេះអី ! ផ្លូវនេះស្ងាត់ណាស់  ម៉្យាងស៊ីណាជាស្រីផង !
          មុំ ចាស ! យ៉ាងណាក៏អរគុណក្មួយដែរ !
          វេហា មិនអីទេមីង ! ខ្ញុំលាមីងទៅវិញសិនហើយ ! បងទៅហើយណាស៊ីណា !
 កុំទៅណាមកណា តែម្នាក់ឯងទៀតអី ! វាគ្មានសុវត្តិភាពសម្រាប់ប្អូនជាស្រីនោះទេ !
បងទៅហើយ !
          ស៊ីណា អរគុណបងប្រុសល្អ !
          មុំ តោះ ! ផ្លាស់សម្លៀកបំពាក់ទៅ ហើយជួយលាងបន្លែម៉ែយកទៅបោះអោយម៉ូយ !
          ស៊ីណា ចាស ម៉ែ !
ឆាកទី១១
វាហា និងអ៊ុំធីម
          ព្រោះតែចង់ដឹងពិប្រវិត្តពិតរបស់គ្រួសារ វេហាក៏បានទៅផ្ទះអ៊ុំស្រីម្នាក់ដែលបានជួយ មើលថែគេកាលពីកុមារភាព ។ កម្លោះមកដល់ក៏ស្រែកហៅឈ្មោះអ៊ុំធីម ៖
          វេហា អ៊ំធីម ! អ៊ំនៅផ្ទះទេហ្នឹង ?
          អ៊ុំធីម នរណាគេរកអីដែរ ? អូ ! វេហាទេហ្អេស ! មោះចូលមកអង្គុយលេងជា មួយអ៊ំសិនមកក្មួយ !
          វេហា បាទអ៊ំ !
          អ៊ុំធីម ថ្ងៃនេះ ខ្យល់អីបក់ក្មួយប្រុសដ៏សង្ហាររបស់អ៊ំអោយមករកអ៊ំដល់ផ្ទះបែប នេះ ?
          វេហា គឺខ្ញុំមកចង់សួរអ៊ំរឿងខ្លះ តើបានទេអ៊ំ ?
          អ៊ុំធីម អ្នកណាថា មិនបាន ! អ៊ំស្វាគមន៍ជានិច្ចក្មួយ !
          វេហា ១៨ ឆ្នាំនេះ ខ្ញុំរស់នៅក្នុងភាពអាថ៍កំបាំងបំផុត សូម្បីតែមុខម្តាយខ្ញុំក៏ខ្ញុំមិនស្គាល់ ពុកប្រាប់ថា ម៉ែស្លាប់បាត់ទៅហើយ ប៉ុន្តែខ្ញុំមិនទាន់អស់ចិត្តនោះទេ ទើបបានជាមកសួរអ៊ំ ! អ៊ំអាចប្រាប់ខ្ញុំពីដំណើររឿងខ្លះបានទេ ?
          អ៊ុំធីម (​ ដកដង្ហើមធំ ) នេះជារឿងដ៏កំស្សត់ដែលកន្លងហួស ១៨ ឆ្នាំហើយ ! អ៊ំពិត ជាមិនចង់និយាយវាអោយក្មួយដឹងនោះទេ !
          វេហា ដូច្នេះ អ៊ំដាច់ចិត្តទុកអោយខ្ញុំរស់នៅក្នុងភាពអាថ៍កំបាំងបែបនេះរហូតមែនទេ ?
          អ៊ុំធីម គឺ ១៨ ឆ្នាំមុន ម្តាយរបស់ក្មួយបានចុះចេញពីផ្ទះ តាំងពីក្មួយមានអាយុ ខែនៅឡើយ ចំណែករឿងក្រៅពីហ្នឹងទៀតអ៊ំមិនដឹងទេ !
          វេហា ការពិតរឿងបែបនេះទេបានជាពុកកហុកខ្ញុំ !
          អ៊ុំធីម អ៊ំគិតថា ពុកឯងមិនចង់អោយឯងគិតច្រើនទើបពុកឯងមិននិយាយរឿង នេះប្រាប់ ! ខំរៀនណា កុំគិតច្រើនពេក !
          វេហា បាទអ៊ំ ! អរគុណអ៊ំហើយ ! ខ្ញុំលាអ៊ំទៅវិញសិនហើយ !
          អ៊ុំធីម ផ្តាំសួរសុខទុក្ខពុកក្មួយអោយអ៊ំផងណា !
          វេហា បាទអ៊ំ !
ឆាកទី ១២
វេហា និងរ៉េត ជាមួយក្រុមសិស្ស
          រ៉េត ជួយខ្ញុំផង !
          វេហា ឈប់សិន ! មានរឿងអីហ្នឹង ? (ពូឃុនចូលទៅលើរ៉េតចេញមក វេហាក៏ចូលទៅ ឃាំងពីមុខក្រុមសិស្ស )
          ក្រុមសិស្ស នេះជាប្អូនរបស់ឯងមែនទេ?
          វេហា បាទមែនហើយ !​
          ក្រុមសិស្ស អញ្ចឹងជួយប្រដៅវាអោយបានល្អផង ! កុំចេះតែដើរអុកឡុកគេឯង ធ្វើ អោយគេមិនបានរៀនសូត្រ ! បើយើមិនចង់រៀនទេ កុំដើរបបួលគេអោយមកពាលជាមួយ យើង ! បើមានលើកក្រោយទៀត ឯងប្រាកដជាមិនរួចខ្លួនទេ ! តោះពួកយើងទៅវិញ !
          វេហា ( ក្រឡេកមកសួររ៉េត ) យ៉ាងម៉េចប្អូន ? ដូចអ្វីដែលគេបាននិយាយទេ ?
          រ៉េត ( ខ្ទប់ក្បាលទាំងឈាមហូរ ) មិនមែនខ្ញុំទេបង ! ការពិតគឺមិត្តភ័ក្កខ្ញុំទេដែលទៅ បបួលគេ តែខ្ញុំដើរជាមួយគ្នា ទើបគេគិតថា ខ្ញុំទៅ !
          វេហា បងមិនមែនចង់ប្រដៅប្អូន រឺអ្វីនោះទេ ប៉ុន្តែបងចង់អោយប្អូនចេះរកមិត្តភ័ក្ក អោយបានល្អ សឹមរាប់អាន កុំអោយនាំរឿងដល់ខ្លួនយើង ! ចុះឥឡូវ យ៉ាងម៉េចហើយ ?
          រ៉េត ខ្ញុំមិនអីទេបង ! ប៉ុន្តែខ្ញុំមិនហ៊ានទៅផ្ទះតែម្នាក់ឯងនោះទេ ! បងជួយទូរស័ព្ទទៅ ហៅម៉ែខ្ញុំអោយមកទទួល ខ្ញុំផងបានទេ ?
          វេហា អញ្ចឹងទៅផ្ទះបងសិនទៅ ! ចាំទូរស័ព្ទអោយគាត់មកទទួលតាមក្រោយ !
          រ៉េត បាទបង !


ឆាកទី ១៣ (បញ្ចប់ )
វេហា ស៊ីណា រ៉េត មុំ ពូឃុន និងនាយហ៊ត
          ស៊ីណា ម៉ែ ! បើតាមបងរ៉េតប្រាប់មក ខ្ញុំថា ផ្ទះនេះហើយ !
          មុំ ម៉ែក៏មិនប្រាកដដែរ ! សាកចូលទៅសួរគេសិនទៅ !
          ស៊ីណា ចាសម៉ែ !
          រ៉េត ( រត់ចេញមក ) ម៉ែ……!
          មុំ ( អោបកូន ) រ៉េតកូន ! កូនយ៉ាងម៉េចហើយ ?
          រ៉េត ខ្ញុំមិនអីទេ ព្រោះបានបងប្រុសម្នាក់ជួយខ្ញុំ !
          ស៊ីណា បងវេហា ! (លាន់មាត់ )
          វេហា ជម្រាបសួរអ្នកមីង !
          មុំ ចាស ជម្រាបសួរក្មួយ ! នេះជាលើកទីពីរហើយដែលក្មួយបានជួយកូនមីង ! មីងមិន ដឹងថា បានអីសងគុណក្មួយនោះទេ !
          វេហា កុំនិយាយពាក្យគុណអីមីង ! ខ្ញុំនៅក្មេងណាស់ មិនសមអោយមនុស្សចាស់សង គុណនោះទេ !
          ឪពុក វេហា ! នាំប្អូនមកហូបបាយសិនទៅកូន !
          មុំ បងឃុន ! ( លាន់មាត់ )
          ឪពុក មុំ ! ( លាន់មាត់ធ្វើអោយបួននាក់នោះសម្លឹងមុខគ្នា នាយឃុនចូលទៅអូសដៃកូន ) វេហា !​ ឆាប់ចូលទៅក្នុងផ្ទះវិញទៅ ! ទីនេះអស់តួនាទីរបស់កូនហើយ !
          មុំ ( ដើរទៅឃាត់នាយឃុន) ឈប់សិនបងឃុន ! បងនៅខឹងនឹងខ្ញុំចំពោះរឿងកាលពី ១៨ ឆ្នាំនោះទៀតមែនទេ ?
          ឪពុក វេហា ! ពុកប្រាប់អោយកូនចូលផ្ទះ !
          វេហា ​( ដករូបថតចេញពីហោរប៉ាវមើល ) តើពុកចង់កហុកខ្ញុំដល់ណាទៀត ? តាមពិត គឺម៉ែរត់ចោលពុក ប៉ុន្តែពុកកហុកថា ម៉ែស្លាប់ ! ពុកកហុកខ្ញុំធ្វើអ្វី ?
          ឪពុក ស្តាប់ពុកណា វេហា ! មនុស្សនៅក្នុងរូបថតនេះ និងស្រីម្នាក់នេះ មិនមែនជាម៉ែ របស់កូនទេ !
          វេហា ពុកឈប់កុហកខ្ញុំទៅ ! ការពិតគឺម៉ែនៅរស់ !
          មុំ ប្រុស ! ម៉ែសុំទោស !
          វេហា តើការសុំទោសរបស់ម៉ែអាចអោយអ្វីៗត្រឡប់ក្រោយវិញបានទេ ? អាចជំនួស
ភាពឈឺចាប់របស់ពុកវិញបានទេ ? ១៨ ឆ្នាំនេះ ពុករស់នៅទាំងវេទនា ចំណែកខ្ញុំភាពកក់ក្តៅ
ពីម្តាយតែបន្តិចក៏មិនស្គាល់ ! ខ្ញុំឃើញតែក្តីសង្ឃឹម និងស្នាមញញឹមពីពុក ចុះម៉ែវិញ សូម្បីតែ ភាពកក់ក្តៅអោយក្មេងប្រុសអាយុបីខែម្នាក់ក៏មិនមាន តើម៉ែអាចធ្វើជាម្តាយរបស់គេបានទេ ?
ម៉ែឆាប់និយាយមក !
          មុំ ប្រុស ! ម៉ែពិតជាសុំទោសពិតមែន ! កំហុសទាំងនេះម៉ែជាអ្នកសាងឡើង កូនចង់ដាក់ ទោសម៉ែក៏បាន ម៉ែទទួលខុសគ្រប់យ៉ាង តែកូនកុំគេចមុខពីម៉ែទៅបានហើយ !
          វេហា ១៨ ឆ្នាំមុន  ខ្ញុំយំរកម្តាយ ប៉ុន្តែការចងចាំខ្ញុំពេលនេះ គឺមានតែពុកម្នាក់គត់ ! ម៉ែ មានប្តី ម៉ែមានកូនដែលត្រូវមើលថែ ដូច្នេះម៉ែអត់នៅជិតខ្ញុំទេ ហើយខ្ញុំក៏មិនចង់អោយពុកឈឺ ចាប់ជាងនេះទៀតដែរ ! ម៉ែឆាប់ត្រឡប់ទៅវិញទៅ ! ( ដឹកដៃឪពុកចូលក្នុងផ្ទះ )  
          មុំ   ប្រុស !​ បើកូនមិនលើកលែងទោសអោយម៉ែទេ ម៉ែនឹងលុតជង្គង់នៅទីនេះរហូត !
          ស៊ីណា និងរ៉េ (ស្រែក ) ម៉ែ………………! បងវេហា………………!
          នាយហ៊ត មុំ………!
          វេហា ( ងាកមើលម្តាយទាំងទឹកភ្នែក រួចរត់មកអោបម្តាយទាំងចិត្តមិនដាច់ ) ម៉ែ………!
          មុំ ( យំ ) ម៉ែសុំទោស ! ម៉ែធ្វើអោយកូនលំបាកហើយ !
          ស៊ីណា និងរ៉េត ( ចូលទៅអោបជុំគ្នា​ ) បងវេហា !
          វេហា ម៉ែកុំសុំទោសខ្ញុំអី ! ម៉ែសន្យាបានទេថា ម៉ែឈប់ទៅចោលខ្ញុំទៀតហើយ !
          មុំ ម៉ែសន្យា ! ម៉ែនឹងនៅក្បែរកូនជានិច្ច ! ម៉ែនឹងលាងកំហុសគ្រប់យ៉ាងចំពោះអ្វីដែល ម៉ែបានធ្វើខុសពីមុន ! ម៉ែសន្យា !
          រ៉េត ៖ ម៉ែ ! ខ្ញុំក៏សុំទោសម៉ែដែរ ! ខ្ញុំឈប់ធ្វើបាបអោយម៉ែពិបាកចិត្តទៀតហើយ ! ( យំ )
          ស៊ីណា ៖ ខ្ញុំក៏ដូចបងរ៉េតដែរណា ម៉ែ ! អភ័យទោសអោយខ្ញុំផងណា ម៉ែ ! ( យំ )
          នាយហ៊ត ៖ មុំ ! បងចង់លុបលាងកំហុស បងឈប់ផឹក បងឈប់រករឿងអូននិងកូនទៀត ហើយ តើអូនព្រមអភ័យទោសអោយបងផងបានទេ ?
          មុំ ៖ ( អោបកូនទាំងបី និងប្តី ) ពួកយើងជាគ្រួសារតែមួយទៅហើយ ដូច្នេះគ្មានពាក្យអ្វី ដែលយើងមិនអាចអត់អោនអោនអោយគ្នាបាននោះទេ !
          វេហា រ៉េត ស៊ីណា ៖​( ក្រោកទៅអោបពូឃុន ) ពុក…………!
          មុំ ៖ខ្ញុំសុំទោសណា បងឃុន ! ខ្ញុំធ្វើអោយបងលំបាក ចិញ្ចឹមកូនតែម្នាកឯង ! អភ័យទោស អោយខ្ញុំផងណា បង !
          ពូឃុន ៖ ថ្ងៃនេះ អត់មានទោសសម្រាប់មុំ រឺអ្នកណាទាំងអស់ ! ថ្ងៃនេះ មានតែការ សប្បាយចិត្ត​! វេហា ! នេះគឺជាប្អូនៗរបស់កូនហើយ ! ត្រូវចេះស្រឡាញ់គ្នា កុំរករឿង គុំគួនគ្នាអី ! បងក៏សូមជូនពរអោយមុំ ចេះស្រឡាញ់ប្តី និងកូនៗ គឺប៉ុណ្នឹង បងអស់បារម្ភហើយ ! កុំសុំទោសបងអី !
          រ៉េត ស៊ីណា​​ វេហា ៖ ពុក……………………! ម៉ែ …………………! ( អោបគ្នាដោយក្តីស្រឡាញ់ )
ទីបំផុត ពេលវេលាកន្លងហួស អ្វីៗពិតជាមិនអាចត្រឡប់ក្រោយបានមែន ថ្វីបើតែមុំអាច នៅជិតវេហាបានពិតមែន ប៉ុន្តែនាងក៏មិនអាចបោះបង់ចោលប្តីថ្មី និងកូនពីរនាក់នោះបានដែរ ពួកគេនៅតែរស់នៅជុំគ្នាចំណែកវេហារស់ជុំឪពុក ដដែល ហើយទៅលេងម្តាយនិងប្អូនៗជា រៀងរាល់ថ្ងៃ ឯរ៉េត និងស៊ីណាក៏លះបង់ ចោលនូវគំនិតអវិជ្ជមាន ហើយព្យាយាមដើរតាម គន្លងរបស់បងប្រុសគេ សូមអោយសុភមង្គលរបស់គ្រួសារនេះមានជានិរនរ៍ផងទៅចុះ
កែសម្រួលចប់នៅថ្ងៃ អង្គារ ទី ២៧ ខែ ធ្នូ ឆ្នាំ ២០១១
  ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ហៀង ធារ៉ា​ ( ព្រះអាទិត្យទូច )

No comments: