បទចម្រៀងប្រចាំខែ

TuneList - Make your site Live

អត្ថបទថ្មីៗ

Tuesday, November 22, 2011

កម្រងរឿងខ្លី​ ៖ និស្ស័យស្នេហ៍កម្រងផ្កាម្លិះ

            

          .............នៅក្នុងសួនច្បារខាងមុខផ្ទះ ខ្ញុំកំពុងតែអង្គុយ មើលមេរៀននៅលើទោងក្នុង កញ្ចុះក្នុងសួន ចំណែកទូរស័ព្ទ ជាប់ដៃ ឯកាសវិញជាប់ត្រចៀកជានិច្ច ។ ក្លិនពិដោផ្កាម្លិះដ៏ ក្រអូប ឈ្ងុយឈ្ងប់ កំពុងតែពង្វក់ អារម្មណ៏របស់ខ្ញុំ  អោយអន្លង់អង្លូចតាមអត្តន័យ បទចម្រៀងមនោសច្ចេតនាដែលខ្ញុំកុំពុងតែស្តាប់។នេះជាទំលាប់មួយរបស់ខ្ញុំ ហើយថាខ្ញុំ សប្បាយចិត្តរឺ មានវិបត្តជាប់ប្រាណនោះទេខ្ញុំតែងតែមកអង្គុយលេងក្នុងសួនច្បារនេះ ហើយស្រង់យកក្លិនពិដោនៃចមការផ្កាម្លិះក្នុងសួន។អាចនិយាយបានថា ផ្កាម្លិះគឺជាផ្កា ដែលមានក្លិនក្រអួបហើយជាផ្កាដែលខ្ញុំស្រលាញ់បមផុត។ខ្ញុំដាំវាតាំងពីខ្ញុំនៅរៀនវិទ្យា ល័យមកម្លិះ  រហួតមកដល់ពេលនេះដើមផ្កានេះធំ ហើយផ្កាច្រើន​​ទៀតផង។
              ខណះពេលដែលខ្ញុំកំពុងតែជក់ចិត្តជាមួយក្លិនដ៏ក្រអូបនៃផ្កាម្លិះ និងភាពអន្លង់ អន្លោចនៃបទចម្រៀង ស្រាប់តែម្រាមដៃដ៏ស្រឡូនបានមកចាប់ស្មាខ្ញុំអង្រួញជាមួយនិង សម្តី ៖
 »បងផា !
         ខ្ញុំចាប់កាសពីត្រចៀកហើយងាករកម្ចាស់សម្លេងទាំងមានលួចខឹង នាងគឺជាប្អូនស្រី បង្តើតរបស់ខ្ញុំ។ ខ្ញុំតបសម្តីទៅនាងទាំង មិនសប្បាយចិត្តដែលនាងមកពញ្ញាក់អារម្មណ៍ របស់ខ្ញុំ ៖
            »ឯងទៀតហើយ ! បើមួយថ្ងៃឯងមិនបាន ធ្វើអោយបង ភ្ញាក់បែបនេះ ឯងមិន សប្បាយចិត្តទេមែនទេ ?
            » ចាស មែនហើយ ! ព្រោះបើថ្ងៃណាដែលខ្ញុំមិនធ្វើ អោយបងខឹងទេ នោះមាន ន័យថាបងប្រុសរបស់ខ្ញុំមិនសង្ហារទេ
            » មកពីឯងភ្នែកស្អុយទេដឹង បានជាមើលមិនដឹងថាបង សង្ហារនោះ ?
            » ខ្ញុំមិនមែនល្ងង់នោះទេ ប៉ុន្តែខ្ញុំឆ្លាតទៅវិញទេ ! ពេល ណាដែលបងប្រុសរបស់ ខ្ញុំខឹង គឺសង្ហារខ្លាំងណាស់ ! នេះ ! មិន ដឹងជាស្រីមួយណាបានបងប្រុសដ៏សង្ហាររបស់ ខ្ញុំធ្វើ ជាសង្សារ នោះទេ?
            » បានហើយ ! កុំបាច់មកសរសើរ បងមិនស៊ីជោរនោះ ទេ ! ឆាប់និយាយមក ! មកទីនេះរកបងមានការអ្វី ?
            សុផានីដាក់ដៃលើស្មាខ្ញុំយ៉ាងស្និទ្ធស្នាល រួចទើបតបសម្តី៖
            » គឺម៉ាក់អោយបងជូនខ្ញុំទៅផ្សារ !
            ខ្ញុំលាន់មាត់ដាក់នាងថា
            » ស្អីគេទៀតហើយ ! នេះបើឯងទៅផ្សារអត់មានបងជូន ទៅមួយថ្ងៃ ឯងទៅមិន កើតទេមែនទេ ?
            » ប្រាកដជាមិនអាចហើយ !
            » ហេតុអីទៅ ?
           »ព្រោះបើគ្មានប្រុសសង្ហារដូចជាបងផា ជូនខ្ញុំទៅផ្សារ ទេនោះ ខ្ញុំប្រាកដជាទិញ ឥវ៉ាន់អោយម៉ាក់មិនបានទេ ដូច្នេះបង ត្រូវតែជូនខ្ញុំទៅ ផ្សារឥឡូវនេះ !
            ខ្ញុំតបទៅស្រីហាក់បីដូចជាអេះអុញ
            » ប៉ុន្តែបង…………………!
            » នេះជាបញ្ជារបស់ម៉ាក់ ! ហាមប្រកែក!
            ទង្វើក្រម៉ិចក្រមើម និងទង្វើដឺរបស់ស្រីធ្វើអោយខ្ញុំទ្រាំវាយ មិនបាន ខ្ញុំដាក់ចិត្ត លើកដៃខោកក្បាលនាងថ្នមៗ ទើបខ្ញុំព្រម ដើរចូលទៅក្នុងផ្ទះ ប្តូរសម្លៀកបំពាក់ដើម្បីជូន  នាងទៅផ្សារ
            សភាពអ៊ូរអរនៅក្នុងផ្សារធ្វើអោយខ្ញុំវិលមុខ ឈឺក្បាល នឹងការដើរទិញឥវ៉ាន់ ហើយនាងចេះតែហុចស្បោងឥវ៉ាន់អោយខ្ញុំកាន់មិនឈប់ នេះជាមូលហេតុដែលធ្វើ អោយខ្ញុំមិន ចង់មកផ្សារ ព្រោះតែសភាពដូចជាឥឡូវនេះ ជាពិសេសមនុស្ស ច្រើនគួរ អោយធុញទៀយផង ខ្ញុំក៏ដាច់ចិត្តទុកអោយសុផានី  នៅទិញឥវ៉ាន់តែម្នាក់ ហើយខ្ញុំ ដើរចេញពីផ្សារពេញដៃ ចំណែកឯដំណើរឡើងផ្អៀងទៅចាំនាងនៅចំណតម៉ូតូ ខណៈ ពេលដែលខ្ញុំកំពុងតែយូរឥវ៉ាន់យ៉ាងធ្ងន់ក្នុងដៃ ស្រាប់តែដើរមក បុកមនុស្សម្នាក់ពេញ ទំហឹង ធ្វើអោយពួកយើងខ្ទាតទៅម្ខាង រៀងៗខ្លួន រីឯឥវ៉ាន់របស់ខ្ញុំវិញធ្លាក់រាយពេញដី ។ ខ្ញុំងើបមុខ មើលមនុស្សម្នាក់នោះ ទាំងវាចា ៖
            » ខ្ញុំសុំទោស !
            មនុស្សម្នាក់នោះ ងើបមុខមើលសម្លឹងមើលមកខ្ញុំ ស្រាប់ តែធ្លាក់មួកចេញពី ក្បាលធ្វើអោយខ្ញុំដឹងថា គេជាមនុស្សស្រី ប៉ុន្តែស្លៀកពាក់តែងខ្លួនជាមនុស្សប្រុស ។ គេជាមនុស្សរឺក៏ទេព អប្សរចាប់ជាតិ  ហេតុអ្វីក៏ស្អាតយ៉ាងនេះ ?សក់វែងប្រាសស្មា រោមភ្នែកងរខ្ទើតដូចពួកតារា សមនឹងនេត្រាស្រទន់ រង្វង់មុខបី ដូចជាគំនូរទេពអប្សរ លើ ជញ្ជាំងប្រាសាទអង្គរ ចំណែកច្រមុះ សមឥតខ្ចោះ ។ ពេលដែលខ្ញុំសម្លឹងចំភ័ក្កស្រី ហេតុអ្វី បេះដូង របស់ខ្ញុំ ប្រែជាលោតញាប់ខ្លាំងម្លេះ ? រឺមួយសម្រស់របស់នាង កំពុងតែចូលទៅ ចាប់អង្រួនបេះដូងរបស់ខ្ញុំអោយលោតញាប់ បែបនេះ ? ខ្ញុំមិនដឹងថា មកពីហេតុអ្វីនោះ ទេ ?
            ពេលខ្ញុំសម្លឹងចំមុខនាងកាន់តែយូរ នាងចាប់ផ្តើមលែង ហ៊ានសម្លឹងមុខខ្ញុំវិញដែរ នាងបែរជាទៅរើសភួងផ្កាម្លិះដែល ជ្រុះ រាយពេញដីមកដាក់លើឈើដែលនាងកាន់នឹងដៃ ហើយបោះ វាចាមកកាន់ខ្ញុំទាំងអឹមអៀន ៖
            » ខ្ញុំសុំទោសដែលដើរមកបុកលោក ! បើលោកចង់ទារ សំណងថ្លៃខូចខាត គឺខ្ញុំ អត់មានអ្វីសងថ្លៃខូតខាតនោះទេ ! ខ្ញុំសុំ ទៅមុនហើយ !
           នាងរើសមួកដែលធ្លាក់នៅនឹងដីមកពាក់ រួចក៏ដើរចេញ ទៅបាត់ស្រមោលភ្លាម មួយរំពេច ។ ខ្ញុំដឹងថា នាងអៀននឹងខ្ញុំ ព្រោះតែខ្ញុំប្រើក្រសែភ្នែកចម្លែកសម្លឹង នាងមិន ឈប់ ទាំងដែល នាងដឹងថា ខ្ញុំមានឥវ៉ាន់ធ្លាក់រាយពេញដី ហើយច្រើនជាងនាង ក្តី ក៏នាង មិនជួយរើសខ្ញុំដែរ ។ ខ្ញុំងើបរើសឥវ៉ាន់ដាក់ស្បោងវិញ រួចដើរតម្រង់ទៅចំណតម៉ូតូដើម្បី ចាំប្អូនស្រី ។
            ក្រោយពីជូនសុផានីមកពីផ្សារវិញហើយ ខ្ញុំក៏មកអង្គុយ លេងក្នុងសួនច្បារ ឯអារម្មណ៍របស់ខ្ញុំ រវើរវាយឃើញតែមុខ នាងម្នាក់នោះជានិច្ច ទោះបីជាខ្ញុំបានឃើញ នាង តែមួយភ្លេតក៏ ដោយ ប៉ុន្តែការចងចាំរបស់ខ្ញុំគឺមានតែភ័ក្កដ៏ស្រស់ស្អាតដូច គំនូរ របស់នាងរហូត ។ ស្របពេលដែលកំពុងតែជក់ចិត្តដិត អារម្មណ៍នឹងរូបភាពដ៏ មិនចង់ បំភ្លេចនោះ ស្រាប់តែលឺសម្លេង ម៉ាក់របស់ខ្ញុំហៅពីក្នុងផ្ទះមក ខ្ញុំក៏រត់ចូលទៅជួបគាត់ ៖
            » ម៉ាក់មានរឿងអ្វីប្រើខ្ញុំមែនទេ ?
            គាត់បានតបមកខ្ញុំវិញ ទាំងដៃរបស់គាត់លូកចូលទៅក្នុង ស្បោង ហើយលើផ្កាម្លិះ មកបង្ហាញខ្ញុំ ៖
            » ម៉ាក់អត់មានអ្វីប្រើឯងនោះទេ ប៉ុន្តែម៉ាក់គ្រាន់តែឆ្ងល់ ថា នេះជាភួងផ្កាម្លិះរបស់ កូនមែនទេ ?
            ពេលនោះខ្ញុំស្រាប់តែភាំងនិងភួងផ្កាម្លិះនៅចំពោះមុខ និយាយអ្វីក៏មិនចេញ ម៉ាក់របស់ខ្ញុំក៏បន្តសម្តី ៖
            » ម៉ាក់គិតថា កូនមិនចាំបាច់ទិញវាក៏បាន ព្រោះម៉ាក់ ឃើញផ្កាម្លិះដែលកូនដាំធំ ហើយមានផ្កាហើយតើ !
            » តែ…………………!
           ប្អូនស្រីដ៏ក្រម៉ិចក្រមើមរបស់ខ្ញុំដើរចេញពីផ្ទះបាយ ហើយទាញភួងផ្កាម្លិះពីដៃម៉ាក់ ទាំងវាចា ៖
            » គឺបងផាទិញអោយខ្ញុំនោះអីម៉ាក់ !
            លឺសុផានីនិយាយបែបនេះ ខ្ញុំក៏ឆកភួងផ្កាពីដៃស្រីវិញ
            » នរណាថា ទិញអោយឯងនោះនាងច្រមក់ ! បងទិញ សម្រាប់ខ្លួនឯងទេ ! បាទ ម៉ាក់ ! វាជារបស់ខ្ញុំ ! អរគុណម៉ាក់ !
           ខ្ញុំក៏ដើរចេញដើរចេញមកវិញជាមួយភួងផ្កាក្នុងដៃ ចំណែកចិត្តវិលវល់គិតមិន ត្រូវថា ផ្កាម្លិះនេះជារបស់អ្នកណា ? ព្រោះខ្ញុំមិនបានទិញវានោះទេ ហេតុអ្វីក៏វាមកនៅ ក្នុងស្បោង ឥវ៉ាន់ដែលខ្ញុំកាន់ទៅវិញ ? ខ្ញុំកាន់វាមកអង្គុយលើកញ្ចុះក្នុងសួន ហើយលើភួង ផ្កាម្លិះនោះមើល ។ វាពិតជាស្អាតខ្លាំងណាស់ បើ មិនមែនជាមនុស្សស្រីទេ ប្រាកដជា មិន អាចក្រងភួងផ្កាម្លិះនេះ បានស្អាតបែបនេះទេ ។ គិតដល់ត្រឹមនេះ ខ្ញុំក៏នឹកឃើញថា ភួង ផ្កាម្លិះនេះប្រាកដជារបស់ស្រីម្នាក់ដែលខ្ញុំបានដើរបុកនាងកាលពីព្រឹកមិញជាមិនខាន ។ គិតឃើញបែបនេះ ខ្ញុំបានទាញម៉ូតូជិះ មកផ្សារម្តងទៀតក្រែងលរបានឃើញនាង ហើយ ប្រគល់ភួងផ្កា នេះទៅអោយនាងវិញ ប៉ុន្តែអកុសល ខ្ញុំរកនាងមិនឃើញសោះ ខ្ញុំរកនាង អស់ចិត្តក៏ត្រលប់មកផ្ទះវិញ ហើយទុកភួងម្លិះនោះទៅ ក្នុងកាតាបដែលខ្ញុំស្ពាយទៅរៀន ជារៀងរាល់ថ្ងៃ ក្រែងលរបាន ជួបនាងនៅថ្ងៃណាមួយនឹងប្រគល់ទៅអោយម្ចាស់គេវិញ ទោះ បីជាផ្កានោះគ្រៀមអស់សម្រស់ក៏ដោយ ។
            តាមទម្លាប់ ខ្ញុំតែងតែជូនប្អូនស្រីដ៏រប៉ិលរប៉ូចរបស់ខ្ញុំទៅ សាលាសិន ទើបខ្ញុំទៅ សាលារៀនខ្លួនឯងតាមក្រោយ ។ ថ្ងៃនេះ ខ្ញុំជូននាងមកសាលាដូចថ្ងែធម្មតា ។ នៅមុខ វិទ្យាល័យបាក់ទូក ខ្ញុំបានបន្ថយល្បឿនម៉ូតូសំចតនៅមុខក្លោងទ្វារសាលា ហើយ ទេពធីតា រប៉ិលរប៉ូចក៏ចុះពីម៉ូតូ រួចថើបខ្ញុំមួយខ្សឹតជាទម្លាប់ក្មេង ទើបវាចា ៖
            » កុំភ្លេចមកទទួលខ្ញុំផងណា បងផា !
            » បាទព្រះនាងម្ចាស់របស់ខ្ញុំ !
            នាងស្ទុះមកថើបខ្ញុំមួយខ្សឹតទៀតទើបដើរចូលទៅសាលា បាត់ ទុកអោយខ្ញុំនៅ បត់ម៉ូតូចេញមកវិញទាំងខ្ទប់មុខខ្មាសគេ ចំពោះទង្វើដូចក្មេងរបស់ស្រី ។
បន្ទាប់ពីមកទទួលព្រះនាងម្ចាស់របស់ខ្ញុំនៅបាក់ទូករួច ខ្ញុំត្រូវជូននាងទៅញ៉ាំភ្លៅ មាន់នៅ KFC ញ៉ាំការ៉េមនៅសូរិយា លេងល្បែងនៅ Dream Land ទើបជូននាងត្រលប់ មកផ្ទះវិញ ហើយពេលត្រលប់មកផ្ទះ ខ្ញុំត្រូវកុហកម៉ាក់ជំនួសនាងថា ជូន នាងទៅអាន សៀវភៅនៅបណ្ណាល័យរាល់ថ្ងៃ ចំណែកម៉ាក់ក៏ ជឿពួកយើងទាំងពីរដែរ។ គិតទៅខ្ញុំ ដូចជារងកម្មជាមួយនាង ច្រមក់ម្នាក់នេះពេកហើយ ។
ថ្ងៃមួយ ខ្ញុំក៏ចេញទៅទទួលនាងដូចថ្ងៃធម្មតាប៉ុន្តែ មិត្តភ័ក្ក របស់នាងបានប្រាប់ថានាងបានទៅផ្ទះបាត់ហើយ ព្រោះនាងមិនស្រួលខ្លួន ទើបសុំអនុញ្ញាតគ្រូទៅផ្ទះមុន ។ ពេល ចេញវិទ្យាល័យបាក់ទូក ខ្ញុំបានមកអង្គុយមើលគេហាត់ប្រាណ នៅសួនច្បារក្តាន់ ពីរ ។ ពេលកំពុងតែភ្លឹកមើលគេលេងសី ខ្ញុំ បានលឺសម្លេងស្រីម្នាក់ហាក់បីដូចជាធ្លាប់ ស្គាល់ ទើបខ្ញុំងាកមុខ ទៅមើលនាងទាំងលឺសម្លេងស្រួយស្រេះ ៖
» បងស្រីជួយទិញផ្ការបស់ខ្ញុំមួយភួងទៅបង !
» តម្លៃប៉ុន្មានដែរប្អូន ?
» ចាស គឺ ៣០០០រៀលបង ! បងស្រីស្អាតអញ្ចឹង ខ្ញុំចុះថ្លៃ អោយ តែ ២០០០រៀលទេ ក្នុងមួយភួង !
» អញ្ចឹងអោយបងមួយភួងមកណា !
» ចាសបាន ! នេះបង ! អរគុណបង !
 ច្បាស់ណាស់ថា​​​​​​​​​​​ មនុស្សស្រីដែលកំពុងតែលក់ផ្កានេះគឺជាមនុស្សស្រីដែលខ្ញុំដើរ បុកកាលពីថ្ងៃមុន។ខ្ញុំក៏ដើរចូលទៅនិយាយជាមួយនាង៖
​​»ចុះបើខ្ញុំជាប្រុសសង្ហារ បញ្ចុះតម្លៃប៉ុន្មានដែរ!
គ្រាន់តែលឺសំដីខ្ញុំនាងក៏ងើបមុខមើលហើយលាន់មាត់៖
​«គឺលោក!
​»ខ្ញុំឈ្មោះសុផា មិនមែនឈ្មោះលោកទេ !
ខ្ញុំនិយាយមិនទាន់ចប់ផងនាងក៏គេចខ្លួនចេញទៅបាត់ ខ្ញុំ មិនអាចទៅចោលម៉ូតូ បានទេ ទើបខ្ញុំសម្រេចចិត្តដើរទៅបញ្ឆេះ ម៉ូតូរបស់ខ្ញុំ រួចបើកទៅតាមនាង ប៉ុន្តែមិនទាន់ សូម្បីស្រមោល ។ ខ្ញុំជិះម៉ូតូជ្រេររកនាងគ្រប់ផ្លូវ ប៉ុន្តែនៅតែមិនឃើញ ខ្ញុំរកនាង រហូតដល់ មេឃងងឹត ទើបខ្ញុំសម្រេចចិត្តបញ្ជាយាន្តតម្រង់ទៅ ផ្ទះ ស្រាប់តែមកប្រទះនឹងមនុស្ស ស្រី ម្នាក់ដើរនៅខាងមុខសកល វិទ្យាល័យតិចណូ និងមនុស្សប្រុសពីរបីនាក់កំពុងតែដើរពី ក្រោយ ។ ខ្ញុំគិតថា សភាពការណ៍នោះមិនល្អ ទើបខ្ញុំអែបម៉ូតូ ទៅក្បែរផ្លូវប្រមាណជា៥០ម៉ែត្រពីពួកគេ ។ ខ្ញុំលួចដើរតាម ក្រោយ  ហើយបានលឺមនុស្សស្រីម្នាក់នោះ និយាយថា ៖
» នែ!ហេតុអីក៏ពួកឯងចេះតែដើរតាមខ្ញុំមិនឈប់អញ្ចឹង?
មនុស្សប្រុសម្នាក់ក្នុងចំណោមពួកគេបីនាក់ក៏តបសម្តី ទៅក្រមុំទាំងដៃលូកលាន់ នាងទៀតផង ៖
» គឺមកពីអូនស្អាតណ្នឹងណា ទើបបានជាពួកបងស្ម័គ្រ ចិត្តដើរតាមនោះអី !
នាងបានគ្រវៀសដៃពួកគេចេញ ៖
» ឆាប់ដកដៃពួកឯងចេញទៅ ហើយសូមមេត្តាចេញ អោយឆ្ងាយពីខ្ញុំផង ! ខ្ញុំមិន ចង់ឃើញមុខពួកឯងទេ !
  ពួកវានៅតែលេបខាយសម្តីដាក់ស្រី ៖
» ប៉ុន្តែពួកបងចង់ឃើញអូន ! ទៅជាមួយពួកបងទៅ ពេលណាដែលពួកបងមើល មុខអូនឆ្អែតហើយ ពួកបងនឹង ឈប់តាមអូនទៀតហើយ !
  ស្រីម្នាក់នោះចាប់ផ្តើមខឹង ហើយបានស្រែកដាក់ពួកវា ៖
» នែ ! ពួកឯងចេះស្តាប់ភាសាមនុស្សដែលទេ ? ខ្ញុំថា មិន ចង់ឃើញមុខពួកឯងគឺ មិនចង់ឃើញហើយ ! ឆាប់ថយចេញ ទៅ !
» និយាយតាមសម្រួលមិនព្រមទេ ! ពួកឯងនៅចាំដល់ ណាទៀត ឱកាសល្អមក ដល់ហើយ ឆាប់ចាត់ការទៅ !
ពេលនោះ ខ្ញុំឃើញពួកវាចូលទៅចាបស្រីនោះ ភ្លាមនោះ សម្លេងស្រែកអោយ ជួយ ផង ក៏លាន់ឡើង ខ្ញុំទ្រាំមើលនឹងភ្នែក មិនបាន ក៏ចូលទៅជួយនាង ៖
   »ពួកឯង ! បើចង់សុខកាយ  ឆាប់លែងនាងទៅ !
លឺសម្លេងខ្ញុំ ពួកវាក៏លែងដៃស្រីម្នាក់នោះ ហើយនាងក៏ រត់មកពួននៅក្រោយខ្នង ខ្ញុំទាំងមាត់ទន្ទេញពាក្យជួយផងជាប់ ជានិច្ច ។ ការពិតមនុស្សស្រីដែលខ្ញុំតាំងចិត្ត កំពុង តែជួយនាង គឺ ជាមនុស្សស្រីដែលខ្ញុំកំពុងតែតាមរកសោះ ។
 » ជួយខ្ញុំផងលោក !
 » ដរាបណា នៅមានខ្ញុំនៅទីនេះ ខ្ញុំមិនអោយពួកវាប៉ះ ពាល់នាងសូម្បីតែមួយដៃ ! ទោះបីជាត្រូវស្លាប់ ក៏ខ្ញុំនឹងការពារនាងអោយបាន !
 ខ្ញុំនិយាយមិនទាន់ចប់ប្រយោគផង ពួកវាស្រាប់តែស្ទុះ មកវាយសង្រ្គប់លើខ្ញុំរកតែ ដកខ្លួនមិនទាន់ ។ ខ្ញុំដោះកាតាបដែល ស្ពាយបោះទៅអោយនាងកាន់ ហើយតទៅពួកវា វិញដោយរន្ទះ ជើងយ៉ាងរហ័ស ។ ពីរជើងរបស់ខ្ញុំបានធ្វើអោយពួកវាដួលអុក គូថទៅលើ ផ្លូវ ប៉ុន្តែខ្ញុំបានធ្វើអោយប្រហែសខ្លួន ទើបត្រូវពួកវា ម្នាក់ដួលអោយបែកមាត់ ហូរឈាម រឹមៗ ។ ខ្ញុំលើកដៃជូតឈាម ទាំងកំហឹងហើយតទៅពួកវាដោយរន្ទះជើង និងកណ្តាប់ដៃ ផ្ទួន គ្នា ធ្វើអោយពួកវាខ្ទាតទៅគៀនរបងសកលវិទ្យាល័យ ។ ពេលនោះ មនុស្សស្រីដែល ខ្ញុំបានជួយនាង ក៏បើកម៉ូតូមកឈប់ក្បែរ ខ្ញុំហើយស្រែកថា ៖
   » នែលោក ! ឆាប់ឡើងម៉ូតូមក ប៉ូលីសមកទាន់ឥឡូវ ហើយ !
    ខ្ញុំរហ័សដែរ ក៏ស្ទុះឡើងម៉ូតូយ៉ាងលឿនពីក្រោយស្រី នាងក៏បើកម៉ូតូចេញទៅ ដូចព្យុះ ពេលនេះ ពួកយើងប្រៀបដូច ជាពួកឯក្នុងរឿងកុនអញ្ចឹង ត្រូវរត់គេចពីការ ប្រមាញ់នៃពួក ជើងកាង ។ នាងបើកម៉ូតូក៏មិនចាញ់ប្រុសប៉ុន្មានដែរ ចំណែក ខ្ញុំ វិញ អង្គុយខាងក្រោយ តោងចង្កេះស្រីមិនចង់របេះ ។ បើកទៅ បើកមក ពួកយើងស្រាប់តែ ធ្លាយមកដល់វិមានឯករាជ្យ ។ នាងចត ម៉ូតូអែមផ្លូវសួន ឯខ្ញុំវិញនៅតែតោងចង្កេះ ស្រី មិន លែងដៃ រហូតទាល់តែនាងប្រាប់ ទើបខ្ញុំងើបស្ទុះចេញពីម៉ូតូ ។ ពួកយើង បន្តើរគ្នាមក អង្គុយលើបង់ ហើយនាងក៏មិនដឹងថាខ្ញុំមានរបួស ដែរ ទាល់តែខ្ញុំដាក់គូថអង្គុយ ចុះក្បែរ នាង ទើបនាងឃើញ ឈាមហូរចេញពីមាត់ខ្ញុំតាមរយៈពន្លឺភ្លើងក្បែរសួន ។ នាងសួរ មកខ្ញុំទាំងស្លន់ស្លោ ៖
» នេះលោកមានរបួស​ ? ហេតុអ្វីក៏លោកមិនប្រាប់ខ្ញុំ ? តើមានត្រូវត្រង់ណាទៀត ដែរទេ ?
ខ្ញុំលើកដៃជូតឈាមដែលកំពុងតែហូររឹមៗចុះមក ទាំង តបសម្តីស្រី ៖
» មិនកើតអ្វីធ្ងន់ធ្ងរនោះទេ !​ ចុះនាងវិញ ពួកវាមានធ្វើអ្វី នាងដែលទេ ?
» ខ្ញុំមិនអីទេ ! លោកគួរតែបារម្ភពីខ្លួនឯងខ្លះ ព្រោះលោក ជាអ្នកប្រយុទ្ធ ដូច្នេះលោកជាអ្នកមានរបួស !
» អោយតែបានជួយនាង អ្វីក៏ខ្ញុំមិនខ្លាចដែរ !
ពេលឃើញរបួសមាត់ខ្ញុំកាន់តែហូរខ្លាំងទៅៗ នាងក៏ដក យកកន្សែងដៃពីកាតាប  របស់នាង យកមកជូតអោយខ្ញុំទាំងកែវ ភ្នែកសម្លឹងមើលមកខ្ញុំទាំងបារម្ភ ។ ពេលនេះ បេះដូងរបស់ខ្ញុំ ចាប់ផ្តើមកម្រើក ហើយលោតញាប់ដូចដែលខ្ញុំបានជួបនាង នៅថ្ងៃដំបូង អញ្ចឹង ។ មុនស្នេហ៍នៃកែវភ្នែករបស់នាង ហេតុអ្វី ក៏ទាក់បេះដូងរបស់ខ្ញុំអោយលោត ស្ទើរតែធ្លាយទ្រូងបែបនេះ ? តើនាងមានមុនស្នេហ៍អ្វីទៅ ដែលធ្វើអោយបុរសបេះដូង ដែក ដូចជាខ្ញុំ ក្លាយជាមនុស្សញ័រខ្លួនពេលនៅជិតនាងដូច្នេះ ? នេះជា សំណួរដែលខ្ញុំ កំពុងតែសួរខ្លួនឯង ។
ពេលដែលនាងជូតឈាមរួច ខ្ញុំក៏នឹកឃើញរឿងថ្ងៃមុន ហើយលូកយកភួងផ្កា ដែលខ្ញុំទុកក្នុងកាតាបកាលពីថ្ងៃមុននោះ មកហុចអោយនាងវិញ។ ឃើញភួងផ្កាដែល ខ្ញុំកាន់ នាងបែរជាភាំង ហើយបើកភ្នែកធំៗដាក់ខ្ញុំ ។ ខ្ញុំក៏ចាប់រៀបរាប់ដំណើររឿង គ្រប់ បែបយ៉ាងទៅស្រី ៖
» ចម្លែកណាស់មែនទេ ដែលឃើញភួងផ្ការបស់នាងនៅ នឹងដៃខ្ញុំបែបនេះ ? តើនាងមាននៅចាំថ្ងៃដែលពួកយើងដើរបុក គ្នានៅក្នុងផ្សារដែរ ?
នាងសម្លឹងមកខ្ញុំ ជាមួយកែវភ្នែកដ៏ស្រទន់ ៖
» ចាស ! ចាំបាន !
» នេះជាកម្រងផ្កាដែលធ្លាក់ចូលក្នុងស្បោងឥវ៉ាន់របស់ខ្ញុំ ហើយក៏ជាកម្រងផ្កា ដែល ធ្វើអោយខ្ញុំតាមរកម្ចាស់របស់វាគ្មានថ្ងៃឈប់ដែរ​ !  ខ្ញុំស្រឡាញ់ផ្កាម្លិះខ្លាំងណាស់ ទើបខ្ញុំ ទុកវាក្នុង កាតាបក្រែងលរថ្ងៃណាមួយខ្ញុំបានជួបនឹងម្ចាស់ផ្កានេះ ខ្ញុំនឹង អោយទៅម្ចាស់ គេវិញ ! ឥឡូវខ្ញុំបានជួបនាងហើយ ដូច្នេះខ្ញុំប្រ គល់វាទៅអោយនាងវិញ !
            តបវាចាខ្ញុំក៏ហុចភួងផ្កានោះទៅអោយនាង ប៉ុន្តែនាង បែរជាមិនទទួលភួងផ្កា នោះវិញទេ នាងនិយាយថា ៖
            » ខ្ញុំមិនទទួលវិញទេ ! ពីមុនផ្កាម្លិះនេះជារបស់ខ្ញុំពិតមែន ប៉ុន្តែឥឡូវនេះវានៅលើ ដៃរបស់លោក ហើយលោកជាអ្នកថែ រក្សាភួងផ្កានេះ ដូច្នេះខ្ញុំមិនអាចទទួលផ្កា នេះទៅ ថែវិញបានទេ ! លោកជាម្ចាស់ផ្កាម្លិះនេះហើយ !
            » ប៉ុន្តែ………………!
            » ចាត់ទុកថា លោកជួយថែរក្សាភួងផ្កានេះជំនួសខ្ញុំក៏បាន រឺក៏ចាត់ទុកថា វាជា កាដូដែលលោកបានជួយខ្ញុំនៅថ្ងៃនេះក៏បាន ខ្ញុំប្រគល់វាទៅអោយលោកហើយ សង្ឃឹម ថា លោកមិនធ្វើ អោយផ្កានេះអស់ក្លិនទៅតាមសភាពផ្កានៅពេលនេះទេណា !
            លឺសម្តីនាង ខ្ញុំបដិសេធមិនទទួលមិនបាន ខ្ញុំតបទៅស្រី វិញ ៖
           »មិនថាផ្កានេះមានសភាពស្រពោនរឺយ៉ាងណានោះទេ ខ្ញុំនឹងថែរក្សាផ្កាម្លិះនេះ អោយដូចផ្កាម្លិះដែលខ្ញុំបានដាំនៅផ្ទះ ! ប៉ុន្តែខ្ញុំនៅឆ្ងល់រឿងម៉្យាង ?
            នាងមើលមុខខ្ញុំ ហើយសួរបញ្ជាក់ ៖
            » ឆ្ងល់រឿងអីទៅ ?
           »ខ្ញុំឆ្ងល់ថា ផ្កាម្លិះនេះនាងផ្ញើអោយខ្ញុំថែរក្សាហើយ ចុះ ឈ្មោះម្លិះដែលជា ម្ចាស់ផ្កា នេះ ផ្ញើនឹងអ្នកណាហើយរឺនៅ ?
            គ្រាន់តែលឺសំណួរខ្ញុំភ្លាម ថ្ពាល់នាងទាំងសងឡើងក្រហមភ្លាមមួយរំពេច ក្រហម ដូចផ្លែទម្លាប់ រឹតតែធ្វើអោយខ្ញុំកាន់តែ ខ្នាញ់នឹងសម្រស់ស្រីលើសដើម ។ នាងគេចពី ក្រសែភ្នែករបស់ខ្ញុំ ថែមទាំងមិនឆ្លើយសំណួរខ្ញុំទៀតផង នាងបែរជានិយាយបន្លប់ ថា ៖
            » ពេលនេះយប់ហើយ ! ខ្ញុំចង់ទៅផ្ទះ តើលោកមានចិត្ត ជួយជូនខ្ញុំទៅផ្ទះដែរទេ ?
            ខ្ញុំឆ្លើយយ៉ាងរហ័ស ទាំងមិនខ្វល់គិតអ្វីទាំងអស់ ៖
            » រីករាយជានិច្ចបាទ !
            ខ្ញុំមិនបង្អង់យូរ ក៏ចាប់បញ្ឆេះម៉ូតូហើយជូនម្លិះមកដល់
មុខផ្ទះ ។ ពេលដែលខ្ញុំរៀបនឹងបត់ម៉ូតូត្រលប់មកវិញ ស្រាប់តែ នាងហៅខ្ញុំអោយឈប់ ហើយនិយាយពាក្យថា
            » នៅទេ !
            ខ្ញុំពិតជាយល់នៅអ្វីដែលនាងចង់ប្រាប់ខ្ញុំ ខ្ញុំអរស្ទើរហោះ ហើយតបវិញថា ៖
            » ខ្ញុំបេ្តជ្ញាចិត្តរួចហើយ ! ទោះបីជាម្លិះមានអ្នកថែរក្សារួច ហើយក៏ដោយ ក៏សុផា ខ្ញុំស្ម័គ្រចិត្តតាមថែរក្សាម្លិះនេះដែរ ! ថ្ងៃ ស្អែកខ្ញុំមកទទួលទៅសាលាណា ! សូមអោយ សុបិនល្អ !
            នាងមិនតបសម្តីខ្ញុំទេ នាងរត់ចូលទៅក្នុងផ្ទះ ព្រោះតែស្រី អៀននឹងពាក្យសម្តី របស់ខ្ញុំ ។ ពេលដែលស្រីអៀន សម្រស់របស់ នាងកាន់តែស្រស់ស្អាត រឹតតែធ្វើអោយខ្ញុំ ខ្នាញ់លែងចង់ទៅផ្ទះ វិញហើយ ប៉ុន្តែខ្ញុំមិនអាចធ្វើបាន ព្រោះឥឡូវទូរស័ព្ទរបស់ខ្ញុំ ត្រូវ ម៉ាក់របស់ខ្ញុំតេមកហើយ ។
            ពេលវេលាហាក់បីដូចជាដើរលឿនជាងការគិតរបស់ខ្ញុំ ទៅទៀត ។ ឯរឿងដែលខ្ញុំ  ទៅទទួលម្លិះទៅសាលាជារៀងរាល់ក៏ បានលេចលឺដល់សុផានី ហើយឥឡូវពួកគេ ហាក់ បីដូចជាស្គាល់ គ្នាលឿងជាងខ្ញុំស្គាល់ម្លិះទៅទៀត ដូច្នេះខ្ញុំមានជំនួយការហើយ បើការ ណាម្លិះ និងសុផានីក្លាយជាមិត្តនឹងគ្នានោះ ។ ត្បិតតែពួក គេទៅណាមកណាជាមួយគ្នា ពិតមែន ប៉ុន្តែពួកគេរៀនថ្នាក់ ផ្សេងគ្នាប៉ុណ្ណោះ ។
            ២ខែកន្លងផុតទៅ ខ្ញុំនឹងម្លិះកាន់តែស្និទ្ធស្នាលនឹងគ្នាជាង មុន ប៉ុន្តែខ្ញុំនៅតែមិន ទាន់លឺពាក្យមួយឃ្លាដែលខ្ញុំចង់បាននៅ ឡើយទេ។ ខ្ញុំស្រឡាញ់នាងស្ទើរតែលេបទុក ទៅ ហើយ ប៉ុន្តែ នាងវិញបែរជាធ្វើព្រងើយកណ្តើយដាក់ខ្ញុំ ហាក់ដូចជាមិនដឹងពី អារម្មណ៍ របស់ខ្ញុំអញ្ចឹង ឯខ្ញុំមិនបានឃើញមុខនាងតែមួយថ្ងៃ ខ្ញុំ នឹកនាងស្ទើរតែឆ្កួតទៅហើយ នាងគួរតែយល់ពីអារម្មណ៍ខ្ញុំខ្លះ។
            ថ្ងៃ១៤កុម្ភះបានមកដល់យ៉ាងឆាប់រហ័ស ខ្ញុំបានទូរស័ព្ទ ទៅណាត់នាងបបួលមក ញ៉ាំអ្វីនៅខាងក្រៅផ្ទះ ហើយនាងក៏ បានយល់ព្រមដែរ ។ ខ្ញុំមកអង្គុយរងចាំនាងមុន នៅ KFC អាគារ ពាណិជ្ជកម្មអេតវូត ព្រោះទីនោះមិនមានភាពអ៊ូរអរដូចជានៅ ផ្សារនោះទេ  ។ ខ្ញុំអង្គុយចាំនាងលើសពីមួយម៉ោងទៅហើយ នៅតែមិនឃើញនាងមកដល់ទៀត ។ ខ្ញុំខ្លាចនាងមិនស្គាល់ កន្លែង ទើបខ្ញុំទូរស័ព្ទទៅនាង ប៉ុន្តែនាងមិនលើកសូម្បីតែទូរស័ព្ទ ខ្ញុំ ។ ពេលនេះ ខ្ញុំងើបដើរចុះឡើងៗ ពេញហាង ព្រោះតែភាព តក់ក្រហល់ដែលមិនទាន់ ឃើញ នាងមក ឯភ្ញៀវក្នុងហាងនោះ ប្រហែលជាគិតថា ខ្ញុំដូចជាមនុស្សឆ្កួតហើយ មើល ទៅ ! ខ្ញុំដើរ មកអង្គុយលើកៅអីវិញ ភ្លាមនោះសម្លេងស្រីម្នាក់បានហៅខ្ញុំ យ៉ាងស្លន់ស្លោ ៖
            » បងផា​!
            ខ្ញុំក្រោកពីកៅអីយ៉ាងរហ័ស ទៅចាប់ស្មានាងសួរ
            » ផានី ! ឯងមានរឿងអី ? ហេតុអីក៏ស្លន់ស្លោបែបនេះ ?
            » គឺ………………………គឺបងម្លិះ !
            » ដកដង្ហើមមួយៗ ហើយសឹមប្រាប់បងតាមក្រោកថា មានរឿងអ្វី ?
            » គឺបងម្លិះ គាត់រើឥវ៉ាន់ទៅនៅខេត្តវិញហើយណា បងផា ! ពេលនេះ  គាត់កំពុងតែនៅបេនឡានផ្សារអូរឫស្សី !
            » ម្លិះ………… !
            ចប់សម្តីមិនទាន់ ខ្ញុំក៏បានរម្លៀសខ្លួនចេញផុតពីហាង ហើយទាញម៉ូតូបើកចេញ ទៅ ឆ្ពោះផ្សារអូរឫស្សីយ៉ាងលឿន មិនខ្វល់សូម្បីតែសុវត្តិភាពខ្លួនឯងយ៉ាងណាអោយ តែបានទៅ ទាន់ដំណើរស្រី ។
            នៅគ្រប់បេនឡានអូរឫស្សីខ្ញុំរកគ្មានចន្លោះ ប៉ុន្តែមិន ឃើញសូម្បីតែស្រមោល នាង ។ មកដល់បេនឡានអូរឫស្សី ខ្ញុំ ដូចជាគ្មានសង្ឃឹមសូម្បីតែបន្តិចព្រោះ វាជាបេន ឡានចុងក្រោយដែល ខ្ញុំត្រូវរកម្លិះ ។ ខ្ញុំវាយជន្ទល់ម៉ូតូអែមចិញ្ចើមថ្នល់ក្បែរឡាន ក្រុង មួយដែលបិតផ្លាក ភ្នំពេញ»កំពង់ធំ»សៀមរាប ។ ខ្ញុំដើរចូល ទៅទាំងមនុស្សចង្អៀតឯភ្នែក សម្លឹងគ្រប់ជ្រុងជ្រោយមិនថា កន្លែងលក់សំបុត្ររឺកន្លែងអង្គុយចាំម៉ោចេញដំណើរ នោះ ទេ ។
         សម្លឹងយូរទៅ ខ្ញុំក៏ប្រទះភ្នែកនឹងម្លិះដែលដៃរបស់នាងមានកាន់ វ៉ាលីមួយធំ ដើរ តម្រង់ឡានដែលកំពុងចតនៅតាមផ្លូវ ។ ខ្ញុំស្ទុះ ចូលទៅរកនាង ទាំងហៅឈ្មោះនាងលាន់ ពេញបេនឡាន ធ្វើ អោយមនុស្សនៅទីនោះនាំគ្នាសម្លឹងមើលមកខ្ញុំគ្រប់គ្នា ។ ពេល ដែល ខ្ញុំបានទៅជិតនាងហើយ ខ្ញុំក៏និយាយទាំងភ្នែករលីងរលោង ៖
            » ម្លិះ ! នេះនាងពិតជាដាច់ចិត្តចង់ចាកចេញពីខ្ញុំមែនទេ?
            នាងធ្វើមុខហាក់ដូចជាមិនយល់នូវអ្វីដែលខ្ញុំនិយាយ ៖
            » សុផា ! លោកកំពុងតែនិយាយពីអ្វីហ្នឹង ?
            » គឺខ្ញុំកំពុងតែនិយាយពីអ្វីដែលមាននៅក្នុងចិត្តខ្ញុំ ! នាង ពិតជាអត់ដឹងថាខ្ញុំ ស្រឡាញ់នាងប៉ុណ្ណានោះទេ មែនទេ ? រាល់ថ្ងៃខ្ញុំស្រឡាញ់នាងស្ទើរតែលេបទៅហើយ ប៉ុន្តែនាងបែរជា ចង់ទៅចោលខ្ញុំទៀត ! នាងមានយល់ពីអារ្មណ៍របស់ខ្ញុំដែលទេ ? បេះដូងខ្ញុំឆ្លាក់រូបរបស់នាងជិតរួចហើយ ! មេត្តាកុំទៅណាចោល ខ្ញុំបានទេ ?              
            ខ្ញុំនិយាយទាំងទឹកភ្នែក ឯនាងបែរជាញញឹមតបសម្តីមក ខ្ញុំហាក់គ្មានរឿងអ្វី ៖
            » នេះ ! លោកយំធ្វើអីទៅ ? មិនខ្មាសគេទេហ្អី ? នេះ ! លោកធំហើយ ?
            » ពេលនេះ ខ្ញុំលែងខ្មាសគេទៀតហើយ សំខាន់អោយតែ នាងព្រមត្រលប់វិញ គឺវាគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ ! ខ្ញុំអត់ចង បានអ្វីទៀតទេ !
            » ពុទ្ធោអើយ សុផា ! ខ្ញុំអត់មានទៅណាទេ លោកកំពុង តែយល់ច្រឡំ !
              លឺនាងនិយាយបែបនេះ ខ្ញុំសម្លឹងមើលស្រ្តីម្នាក់ដែល មានអាយុប្រមាណ ៤០ឆ្នាំ កំពុងតែឈរញញឹមមើលទង្វើរបស់ ខ្ញុំ ។ ពេលនេះ ខ្ញុំវិលវល់អស់ហើយ អ្វីក៏គិតលែង ចេញ ខ្ញុំមិនដឹង ថា ម្លិះចង់មានន័យថា យ៉ាងម៉េចនោះទេ ។ ខ្ញុំលើកដៃគ្រវៀស ទឹកភ្នែក ពីថ្ពាល់ ទើបសួរបញ្ជាក់ទៅនាង ៖
            » នេះបានន័យថា យ៉ាងម៉េចទៅ ? ជួយប្រាប់ខ្ញុំអោយដឹង ផងបានទេ ថា នេះជាអ្វី ?
            ខ្ញុំចាប់ដៃម្លិះអង្រួន នាងនៅតែរក្សាស្នាមញញឹម គ្រប់ ពេលដែលនាងវាចាមកខ្ញុំ ៖
            » គឺបានន័យថាថ្ងៃនេះ ខ្ញុំអត់មានទៅណាទាំងអស់ ហើយលោកក៏កុំយល់ ច្រឡំ ជាមួយវ៉ាលីនេះអោយសោះ ! នេះ ! ជាវ៉ាលីរបស់ម៉ាក់ខ្ញុំទេ ព្រោះខ្ញុំត្រូវជូនម៉ាក់ឡើងឡាន ព្រោះថា ម៉ាក់គាត់ទៅលេងលោកតានៅស្រុកទេ ! ប៉ុណ្នឹង យល់ហើយរឺ នៅចា៎ ?
            ខ្ញុំអរផង ខ្មាសផង កាលបើលឺនាងនិយាយបែបនេះឡើង នាងបន្តវាចាដ៏ពិរោះ មកខ្ញុំថា ៖
            » ម្លិះដែលខ្ញុំប្រគល់អោយលោកថែរក្សានោះនៅតែជា របស់លោកដដែល មិនប្តូរម្ចាស់នោះទេ !
            » ម្លិះ ……! ខ្ញុំស្រឡាញ់នាង !
            ខ្ញុំចង់តែស្ទុះទៅអោបម្លិះដើម្បីអោយមានភាពកក់ក្តៅ ក្នុងចិត្ត ប៉ុន្តែខ្លាចចិត្តម្តាយ របស់នាង ដែលគាត់កំពុងតែមើល មកពួកយើង ។ មុននឹងគាត់ឡើងឡានទៅ គាត់ក៏ បានផ្តាំអោយ ខ្ញុំជួយមើលម្លិះ មិនថា មានរឿងអ្វីកើតឡើងឡើយ ខ្ញុំធានាសុវត្តិ ភាពម្លិះ ចំពោះគាត់មួយរយភាគរយ ។ ក្រោយពីបានជូនគាត់ ឡើងឡានរួច ខ្ញុំបានឌុបម្លិះទៅញ៉ាំ ការ៉េមនៅមាត់ទន្លេ ហើយ  ឌុបនាងទៅលេងល្បែងនៅសួនវង្វេង Dream Land ។ ខ្ញុំក៏មិន ភ្លេចកាដូដែលខ្ញុំបានកក់ទុកជាមុននោះដែរ ខ្ញុំបានទូរស័ព្ទទៅ ម្ចាស់ហាងលក់ផ្កាអោយ យកផ្កាមកអោយ ហើយខ្ញុំឆ្លៀតពេល​​លួចចេញទៅយកផ្កានៅខាងមុខ សួនវង្វេងទើប អោយបាច់ផ្កាចូលវិញ។ខ្ញុំដើរទៅរកប្រភពសំម្លេងដែលកំពុងតែហៅឈ្មេះរបស់ខ្ញុំ ពេល មកឃើញស្រីខ្ញុំក៏ដើរលបៗជាមួយបាច់ផ្កាក្នុងដៃ ហើយដាក់ចំពោះ មុខនាងទាំងវាចា៖
​»  ព្រមធ្វើជាម្ចាស់បេះដូងរបស់បងណា៎ !
ឃើញផ្កានៅចំពោះមុខ ម្លិះក៏បែរមុខមកមើលខ្ញុំមួយ សន្ទុះ ទើបព្រមទទួលបាច់ ផ្កាទាំងចិត្តរំភើប ។ នាងអោបបាច់ផ្កា ទាំងមិននិយាយអ្វីទាំងអស់មកខ្ញុំ ប៉ុន្តែនាងប្តូរមក ថើបខ្ញុំ រួច ទើបបន្លយពាក្យសម្តីថា
» ចាស៎ !ខ្ញុំស្រឡាញ់លោក !
»  ចុះបើស្រឡាញ់ មានអ្វីជាកាដូវិញដែរទេ ?
» លោកចង់បានអ្វីទៅ ?
ខ្ញុំញាក់មាត់ជាសញ្ញាចង្អុល ព្រមជាមួយសម្តីថា ៖
» គឺចង់ថើបវិញនោះអី !
» កុំសង្ឃឹមនោះ !
ចប់សម្តីម្លិះក៏រត់ចេញទៅ ខ្ញុំរត់ទៅតាមក្រែងលរបាន មួយខ្សឹត ប៉ុន្តែគ្មានសំណាង សោះ ព្រោះនាងរត់លឿងជាងខ្ញុំគិត ទៅទៀត ។ ទីបំផុតនាងព្រមហើបមាត់និយាយពាក្យ ស្រឡាញ់ អោយខ្ញុំបានលឺហើយ ទោះបីជាមិនបានថើបនាងវិញក៏ដោយ ក៏ខ្ញុំអស់ចិត្តដែរ ។ ខ្ញុំមិននឹកស្មានថា បានស្គាល់នាងនោះទេ បើ មិនព្រោះតែកម្រងផ្កាម្លិះមួយនោះ ទើប ពួកយើងបានស្គាល់គ្នាហើយក៏សូមអោយស្គាល់ជារៀងរហូតជាមួយនឹងក្តីស្រឡាញ់ ដែលខ្ញុំមានចំពោះនាងជាដរាបទៅផង ៕
ចប់ដោយបរិបូរណ៍
សរសេរចប់ ថ្ងៃ សុក្រ ទី ១៤ ខែ តុលាឆ្នាំ២០១១
ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
និពន្ធដោយ ៖ ព្រះអាទិត្យតូច


No comments: