បទចម្រៀងប្រចាំខែ

TuneList - Make your site Live

អត្ថបទថ្មីៗ

Monday, February 27, 2012

កម្រងរឿងខ្លី ៖ កំណប់ស្នេហ៍ក្រៅបេះដូង


                                                                  និពន្ធដោយ ៖ ហៀង ធារ៉ា ( ព្រះអាទិត្យតូច )

(.......) ថ្ងៃនេះ ហាងលក់វត្ថុ អនុស្សាវរីយ៍របស់បងស្រីខ្ញុំ ណែន ណាប់សុទ្ធតែភ្ញៀវ ព្រោះ វាជាថ្ងៃបុណ្យនៃក្តីស្រឡាញ់ ។ ខ្ញុំកំពុងតែ មមាញឹកញាប់ដៃ ញាប់ជើង ជួយលក់បងស្រី ភ្ញៀវជា ច្រើនបានមក សួរខ្ញុំពីតម្លៃ អ្នកខ្លះទិញចិញ្ចៀន ខ្លះទិញទឹកអប់ ខ្លះទិញតុកតាធំៗ សម្រាប់មនុស្ស ដែលគេ ស្រឡាញ់ មានអ្នកខ្លះ  ទៀតអោយ បងស្រីរបស់ ខ្ញុំខ្ចប់ជាកាដូ ដ៏ ស្រស់ ស្អាតសម្រាប់លក់ អោយពួកគេ ។
            ថ្ងៃនេះជា ថ្ងៃទិវា ដួងចិត្ត​ ខ្ញុំក៏បាន រៀនចំកាដូដ៏ស្រស់ស្អាត សម្រាប់ មនុស្សដែល ខ្ញុំ ស្រឡាញ់ដែរ ។ ខ្ញុំបានលួច រៀបចំវាតាំង ពីក្បាល ល្ងាច ព្រោះមិន ចង់អោយ បងស្រី ខ្ញុំដឹង ថា ខ្ញុំលួចរបស់ គាត់ទៅអោយ សង្សានោះទេ ប៉ុន្តែវាជា អ្វីដែល ខ្ញុំត្រូវការ ។
            ពេលល្ងាច បន្តិច ភ្ញៀវក៏ស្ងប់ស្ងាត់ ខ្ញុំក៏សម្រេចចិត្ត សុំ បងស្រីដើម្បីចេញទៅ ក្រៅគឺបំណង យកកាដូ ទៅអោយ​ សង្សាខ្ញុំ ព្រោះខ្ញុំបាន ណាត់ជួប នាងនៅកោះ ពេជ្រ ។  
            « បងនី ! ខ្ញុំសុំទៅក្រៅបន្តិចណា បង ! »
            ពេលនោះ គាត់កំពុង តែរៀបចំរបស់ ចូលហាងវិញ គាត់​ក៏បានតបទាំងមិនបាន មើល ថា ខ្ញុំកំពុងតែអោបអ្វីនោះទេ ៖
            « ទៅចុះ ! តែត្រូវត្រឡប់មកវិញ អោយបានមុនម៉ោង ៧ ព្រោះបងត្រូវយកកាដូ ទៅអោយភ្ញៀវនៅសន្ធរមុខផង ! »
            « បាទបង………! »
            ខ្ញុំក៏អោប កាដូដ៏ធំ នោះរត់ ចេញទៅ កុំអោយគាត់ ឃើញថា នោះជាកាដូ ដែលខ្ញុំ បានលួចធ្វើ ចេញពីហាង របស់គាត់ ។ មកដល់ មុខហាង ខ្ញុំក៏ទាញទូរស័ព្ទតេ ហើយក៏រត់ សំដៅម៉ូត៉ូ ដែល​ចត នៅមុខហាងនោះ ហើយបើក ឆ្ពោះទៅ កោះពេជ្រ ។
            នៅតាម ដងវិថីនានាក្នុងទីក្រុងភ្នំពេញពោរពេញទៅដោយភាពអ៊ូអរជាពិសេស តាមតប លក់វត្ថុអនុស្សាវរីយ៍ សុទ្ធ​តែយុវវ័យ មិនថា មនុស្សដែល មានគ្រួសារហើយនោះ ទេ សុទ្ធ​តែខ្នះ ខ្នែងទិញវត្ថុ អនុស្សាវរីយ៍ សម្រាប់មនុស្សដែលពួក គេ ស្រឡាញ់មិនចាញ់ យុវវ័យប៉ុន្មានទេ  ក្នុងនោះក៏ មានកាដូដែល មានការលក់ ដាច់មិនចាញ់ វត្ថុអនុស្សាវរីយ៍ គឺ កាដូដែលរៀបចំ សម្រាប់ជូនអ្នក មានគុណនៅ ថ្ងៃពិសេសនេះ ។
            មកដល់កោះពេជ្រ ខ្ញុំក៏បានលើកទូរស័ព្ទតេទៅរកនាង ហើយខ្ញុំក៏និយាយបែប លេងសើចថា​ ៖
            « សួស្តីស្រីស្អាត ! កំពុងតែនៅឯណាណ្នឹង ? »
            ពេលនោះនាងក៏បានតបទាំងសម្លេងសោកស្តាយថា ៖
            « ខ្ញុំមិនអាចទៅតាមការណាត់ជាមួយលោកបានទេ ព្រោះ ថ្ងៃនេះម៉ាក់មិន អនុញ្ញាតអោយខ្ញុំចេញទៅក្រៅទេ ! ខ្ញុំសុំទោស ផងដែលធ្វើអោយលោកចាំ ! »
            « អញ្ចឹងបានន័យថា ថ្ងៃនេះខ្ញុំខកបំណងទៀតហើយ ​តែ មិនអីទេ ចាំឱកាស ក្រោយក៏បាន ! ចុះល្ងាចនេះ នាងទៅសាលា​ដែរទេ  ? »
            « ខ្ញុំអត់បានទៅរៀនទេ ព្រោះម៉ាក់អោយជូនគាត់ទៅផ្ទះ លោកយាយនៅ ស្រុក ! ខ្ញុំពិតជាសុំទោសពិតមែនណា បងវីត ! »
            « មិនអីទេ ! តែខ្ញុំចង់និយាយថា Happy Valentine’s Day ណា សិតា ! »
            ខ្ញុំនិយាយមិន ទាន់ចប់ផង ទូរស័ព្ទក៏ដាច់ ។ ខ្ញុំបានសាក ​ល្បងទូរស័ព្ទ ទៅនាងម្តង ទៀត ប៉ុន្តែគេនិយាយថា ទូរស័ព្ទរបស់ នាងបានបិទទៅហើយ ។ ប្រហែលជាម៉ាក់របស់ នាងមកដល់ ហើយបានជាបិទ ទូរស័ព្ទទាំង មិនបានប្រាប់ ខ្ញុំបែបនេះ ។ ខ្ញុំក៏បក ម៉ូតូ ដើម្បី ត្រឡប់ទៅជួយ លក់បងនៅ ឯហាងវិញ ទាំងចិត្តសោក ស្តាយដែលមិន បានជួបនាងនៅថ្ងៃ ពិសេសនេះ ។  ទោះបីជាមិន បានអោយកាដូនាងនៅថ្ងៃនេះ ក៏ខ្ញុំសុខចិត្តជិះម៉ូតូទាំងអោប កាដូត្រឡប់ ទៅវិញ ព្រោះខ្ញុំគិតថា ចាំអោយ នាងនៅពេលក្រោយ ក៏ មិនទាន់ហួសពេល ដែរ ។
            ខណៈពេល ដែលខ្ញុំជិះម៉ូតូមកដល់មាត់ទន្លេ ស្រាប់តែមិត្ត ភ័ក្ករបស់ខ្ញុំបានទូរស័ព្ទ បបួលខ្ញុំទៅ ញ៉ាំបបរសាំចូកនៅ Dream Land ។ ខ្ញុំក៏បក ម៉ូតូត្រឡប់ទៅ Dream Land វិញទាំង អោបកាដូ ជាប់ក្នុងដៃជានិច្ច ព្រោះតែចិត្ត ស្រឡាញ់គេ ។ ពេលដែលខ្ញុំ Dream Land គ្រាន់តែបាន ឃើញកាដូខ្ញុំភ្លាម មិត្តភ័ក្ករបស់ខ្ញុំក៏ បង្អាប់ភ្លាម ៖
            « ឯងនេះប្រាកដជាលួចអីវ៉ាន់របស់បងឯង ដើម្បីធ្វើកាដូ អោយស្រីទៀតហើយ មែនទេ ? »
            « ហ៊ើយអាធី ! នេះឯងនិយាយអោយពិរោះស្តាប់ជាងនេះ
បន្តិចមិនបានទេអី ? ថ្វីត្បិតតែយើងគ្មានលុយទិញមែន ប៉ុន្តែ យើងខំធ្វើវាអស់ពីចិត្ត គ្រាន់តែវាគ្មានការអនុញ្ញាតពីបងស្រី យើង តែប៉ុណ្ណោះ ! »
            « អើ ! គិតទៅវាដូចតែគ្នាទេ គ្មានការអនុញ្ញាត និងលួច វាខុស គ្នាត្រង់ណា ? »
            « ខុស ! យ៉ាងហោចណាស់ ក៏ពាក្យគ្មានការអនុញ្ញាត វា ពិរោះស្តាប់ជាងលួច ! យើងមិនមែនចោរឯណា ? ចាំបាច់ប្រើ ពាក្យលួចធ្វើអី  ? »
            « អើៗៗៗ ពិរោះក៏ពិរោះ ! និយាយលេងសោះប្រញាប់ តែខឹងឯងនេះ ! តោះឆាប់ ញ៉ាំបបរទៅ ទាន់នៅក្តៅៗ ! »
            និយាយមិនអោយ ខឹងម្តេចនឹងកើត បើកាដូនេះខ្ញុំព្យាយាម ធ្វើវាអស់ពីចិត្ត ហើយ សម្រិតសម្រាំង បានយ៉ាងស្អាតក៏ព្រោះតែ មនុស្សដែលខ្ញុំស្រឡាញ់ ស្រាប់តែមកនិយាយថា លួចទៅវិញ តើអ្នកណាមិនខឹង ? ប៉ុន្តែយ៉ាងណាគេ ក៏ជាមិត្តរបស់ខ្ញុំ ដូច្នេះខ្ញុំ ត្រូវតែកាត់ ចិត្តខឹងពីគេ ព្រោះខ្ញុំមានមិត្ត ដូចគេតែម្នាក់ ប៉ុណ្ណោះ ។
ក្លិនបបរសាំចូកដ៏ប្រហិរ ធ្វើអោយខ្ញុំទ្រាំយូរមិនបានក៏ លើកស្លាព្រាដួសញ៉ាំ ប៉ុន្តែ ពេលនោះ កែវភ្នែករបស់ខ្ញុំស្រាប់តែ ប្រទាក់ភ្នែកនឹងមនុស្សស្រីម្នាក់ដែលកំពុងតែអង្គុយ ក្នុងតបនោះ ដែរ រូបរាងរបស់ នាងគឺដូចជា មនុស្សស្រីដែល ខ្ញុំធ្លាប់ស្គាល់មែន ទែន ប៉ុន្តែ តើមនុស្សប្រុសដែលកំពុងតែ អង្គុយជាមួយនាង នោះ ជានរណា ?  ពេលនេះ ក្នុងចិត្ត របស់ខ្ញុំពិតជា ចង់ដឹងខ្លាំងណាស់ ព្រោះកាន់តែ លួចមើលនារីម្នាក់នោះ នាងកាន់តែដូច មនុស្សស្រី ដែលខ្ញុំកំពុងតែស្រឡាញ់ ។ បបរដែលមានក្លិនក្រហូបប្រហិរ បែរជាគ្មានក្លិន សូម្បីតែមិត្តភ័ក្ករបស់ខ្ញុំក៏គេឆ្ងល់នឹងកែវភ្នែកខ្ញុំ ដែរ ។ ខ្ញុំមិននិយាយច្រើន ក៏សម្រេចចិត្ត ដើរចូលទៅដើម្បី​បញ្ជាក់អោយច្បាស់ថា នារីម្នាក់នោះជានរណា ?
            ខ្ញុំមិនទាន់បានទាំងមើលមុខស្រីផងក៏ខ្ញុំដឹងដែរថា នាងជានរណាព្រោះក្លិនទឹកអប់ ដែលមានប្រើគឺខ្ញុំចាំច្បាស់ណាស់ ព្រោះ ពួកយើងអង្គុយរៀនជិតគ្នា ។ ខ្ញុំស្ទើរតែមិនជឿ ទេ ថា មនុស្សស្រីដែលខ្ញុំកំពុងស្រឡាញ់ធ្វើបែបនេះដាក់ខ្ញុំ ។ ព្រលឹង របស់ខ្ញុំស្ទើរតែមិន នៅក្នុងខ្លួន ដៃខ្ញុំអោបកាដូជាប់ទាំង អារម្មណ៍ធីងធោង ចំណែក បេះដូងស្ទើរតែគាំង លែងចង់ដើរ ។ ខ្ញុំពោលទៅនាងពីក្រោយខ្នងទាំងនាងមិនដឹងថា​ ខ្ញុំនៅពីក្រោយ នាង ៖
            « សិតា................!  »
            គ្រាន់តែលឺសម្លេងខ្ញុំភ្លាម នាងក៏ងាកមករកខ្ញុំទាំងចិត្តភ្ញាក់ ផ្អើល ៖
            « បងវីត ! »
            « ហេតុអ្វីក៏នាងចាំបាច់កុហកខ្ញុំ ? តើនាងធ្វើនេះមានន័យ ថាយ៉ាងម៉េចទៅ ? »
            ស្របពេលដែលខ្ញុំចាប់ដៃនាងសួរ ស្រាប់តែមនុស្សប្រុស ដែលអង្គុយ ជាមួយ នាងក៏ក្រោយឡើង ហើយប្រឡេសដៃខ្ញុំ រួច ច្រានខ្ញុំចេញពីនាងទាំងកម្រោល​ ។ ធីស្ទុះចូល មកទប់ខ្ញុំហើយ ខ្ញុំក៏ស្ទុះ ចូលទៅរកបុរសម្នាក់នោះ ប៉ុន្តែសិតាចេញមុខមករាំងទាំង ស្រែកឃាត់ខ្ញុំ ៖
            « ឈប់ភ្លាមណា បងវីត ! ហេតុអ្វីក៏បងវីតធ្វើអញ្ចឹង ? »
            « ចុះហេតុអ្វីក៏សិតាធ្វើអញ្ចឹងដាក់ខ្ញុំ ? »
            « បងវីតស្តាប់ខ្ញុំណា ខ្ញុំអត់ដែលមានអារម្មណ៍ថា ស្រឡាញ់បងវីតទេ ! ខ្ញុំទុក បង វីតដូចជាបងប្រុសរបស់ខ្ញុំអញ្ចឹង ! មិនថា ស្នាមញញឹម ក្តីស្រឡាញ់ដែលខ្ញុំបានអោយទៅ បង វីត នោះទេ វាសុទ្ធតែជាទង្វើដែលខ្ញុំបញ្ជាក់ថា បងវីតជាបងប្រុសដ៏ ល្អម្នាក់ដែលគួរ អោយគោរព និងខ្ញុំសង្ឃឹម !  អត់មានអ្វី ច្រើន ដូចបងវីតគិតនោះទេ !
            «​បងប្រុសអញ្ចឹងហ្អេស……! ចុះឯណាក្តីស្រឡាញ់ដែលខ្ញុំ ធ្លាប់ប្រគល់អោយនាង ? រឺមួយវាបានត្រឹមតែជាបងប្រុសដែល គួរ​អោយគោរពតែប៉ុណ្នឹងទេមែនទេ ? »
            « ខ្ញុំសុំទោសណា បងវីត ! ខ្ញុំមិនអាចធ្វើតាមអារម្មណ៍ របស់បងបានទេ ព្រោះខ្ញុំ មានមនុស្សដែលខ្ញុំស្រឡាញ់ហើយ ! »
            « ខ្ញុំយល់ហើយ ! ពេលនេះ  ខ្ញុំដឹងហើយថា អ្វីជាអ្វី ហើយ ខ្ញុំគួរធ្វើបែបណា ? សុំទោសចំពោះរឿងកើតឡើងថ្ងៃនេះ ! »
            « អាវីត ! ឯងចង់ទៅណា ? » ( ធីស្រែកសួរ )
            ពេលការពិតបង្ហាញអោយឃើញ ទើបខ្ញុំដឹងថា ខ្ញុំជាអ្នកណា ហើយខ្ញុំកំពុងតែ គិតអ្វី ? រឺមួយក៏ខ្ញុំឆ្កួតនឹងរឿងនេះតែម្នាក់ ឯង ? តើមានអ្នកណាអាចប្រាប់ខ្ញុំបាន បើរឿង នេះខ្ញុំជាអ្នកសាង ឡើង ? ខ្ញុំសុខចិត្តដើរចេញ ក្រោយពីលឺចម្លើយដ៏ក្បោះក្បាយចេញពី ចិត្ត និងអារម្មណ៍ផ្ទាល់របស់នាងមកលើខ្ញុំ ។ ពេលនេះ ទោះបីជាខ្ញុំចង់យំក៏យំមិនចេញ សូម្បីតែទឹកភ្នែកមួយតំណក់ ក៏គ្មានក្នុងកែវភ្នែកខ្ញុំដែរ​  ខ្ញុំដើរចេញទាំងបេះដូងខ្ទេចគ្មាន​សល់ មិនថាបំណែកតូចៗ  ចំណែកឯត្រចៀកទាំងពីររបស់ខ្ញុំចាប់ផ្តើម ស្តាប់អ្វីលែងលឺ ។ កាដូដែលរៀបចំជូននាងនៅថ្ងៃ ពិសេស នេះ ខ្ញុំអោបជាប់ទ្រូងជានិច្ច ស្របពេលដែលខ្ញុំ ដើរចេញពីពួកគេ ទាំងពីរ ។ ខ្ញុំជិះម៉ូតូចេញពី Dream Land វិញទាំងអារម្មណ៍វិល វល់ ខួរក្បាលស្មុគស្មាញគិតអ្វីក៏មិនចេញ ខ្ញុំលើកដៃស្ទាបថ្ពាល់ របស់ខ្ញុំ ទើបដឹងថា ទឹកភ្នែក ខ្ញុំស្រក់ទាំងខ្ញុំមិនដឹងខ្លួន ។
            មិនបានប៉ុន្មាន ខ្ញុំក៏បានបញ្ជាយាន្តមកឈប់នៅមុខសកល វិទ្យាល័យជាតិគ្រប់គ្រង ដោយគ្មានគោលដៅច្បាស់លាស់ថា ខ្ញុំ ត្រូវទីណា បន្ត ? ខ្ញុំចតយាន្តទុក រួចក៏ដើរដៅទៅ ដាក់ខ្លួនអង្គុយ លើបង់ ទាំងដកដង្ហើមធំ ឯភ្នែកសម្លឹងមើលកាដូក្នុងដៃឥតព្រិច ។ យូរៗខ្ញុំ ដកដង្ហើមធំម្តង មួយសន្ទុះក្រោយ ស្រាប់តែសម្លេង​មួយបានសួរខ្ញុំថា ៖
            « សង្សាររបស់លោកមិនព្រមទទួលកាដូនេះមែនទេ ? »
              ខ្ញុំក្រឡេករកប្រភពសម្លេង ស្រាប់តែប្រទះមនុស្សស្រីម្នាក់កំពុងតែអង្គុយក្បែរខ្ញុំ ។ ខ្ញុំមិនដឹងថា នាងមកអង្គុយក្បែរខ្ញុំតាំងពីពេលណាមកនោះទេ ? ខ្ញុំក៏សួរនាងត្រឡប់ ៖
            « ចុះនាងមកអង្គុយក្បែរខ្ញុំតាំងពីពេលណា ? មានសុំការ អនុញ្ញាតពីខ្ញុំដែរទេ ? »​
            លឺសម្តីខ្ញុំ នាងស្រាប់តែបើកភ្នែកធំៗដាក់ខ្ញុំ រួចតបថា ៖
            « លោកច្រឡំខ្លួនឯងទេដឹង ? ខ្ញុំទេ ដែលត្រូវសួរលោក​ថា លោកមកអង្គុយលើ បង់នេះ មានបានសុំការអនុញ្ញាតពីខ្ញុំ​ហើយរឺនៅ ? ខ្ញុំជាអ្នកអង្គុយមុន លោកមកអង្គុយ ក្រោយខ្ញុំទេ លោកថែមទាំងស្ទើរតែអង្គុយលើខ្ញុំផង បើខ្ញុំមិនគេចទេ​ លោក ប្រាកដជា អង្គុយលើកខ្ញុំមិនខាន  មិនសមលោកនិយាយ បែបនេះ ទេ ? »
            « នាង……! »
            « បើមិនជឿថាទេ ឆាប់សួរមនុស្សដែលអង្គុយជុំវិញ លោកទៅ ! »
            ខ្ញុំក្រឡេកមើលមនុស្សដែលនៅជុំវិញខ្លួន ពួកគេកំពុង តែមើលមកខ្ញុំដោយ កែវ ភ្នែកចម្លែក​ ហាក់បីដូចជាខ្ញុំជាមនុស្ស ក្រៅភពអញ្ចឹង ។ ខ្ញុំចាប់ផ្តើមនឹកថា ពេលដែលខ្ញុំ ចុះពីម៉ូតូមក គឺ ខ្ញុំមិនបានចាប់អារម្មណ៍ថា បង់នេះមានអ្នកណាអង្គុយរឺអត់នោះ ទេ ព្រោះ អារម្មណ៍ខ្ញុំពេលនោះ គ្មានក្នុងខ្លួនសូម្បីតែបន្តិច ។ ខ្ញុំក៏ ទទួលយកសម្តីរបស់នាងរួច និយាយ ៖
            « បើពិតដូចនាងនិយាយមែន​ ខ្ញុំសុំទោស ! »
            « ខ្ញុំគ្មានទោសអោយលោកនោះទេ ម៉្យាងខ្ញុំគិតថា មនុស្សភាគច្រើនថ្ងៃនេះសុទ្ធ តែខូចចិត្តទាំងអស់ទើបខ្ញុំមិនចាប់អារម្មណ៍ បើទាញមិនខុសទេគឺ​រួមទាំងលោកផងដែរ ! »
            នាងនិយាយបែបលេងសើច ប៉ុន្តែសម្តីនាងធ្វើអោយខ្ញុំខឹង ឆាវ ក៏ស្រែកគំហក ដាក់នាង ៖
            « ឆាប់បិទមាត់របស់នាងភ្លាម បើមិនអញ្ចឹងទេ កុំថា ខ្ញុំ កាចអោយសោះ ! »
            នាងក៏និយាយសម្តីសម្រួលមកវិញ ៖
            « ខ្ញុំនិយាយលេងតើ ! ហេតុអីក៏ខឹងអាក្រក់បែបនេះ ? មនុស្សប្រុសស្អីខឹងអាក្រក់ បែបនេះ ? បានហើយ ! ខ្ញុំឈប់អង្គុយ ជាមួយ​លោកហើយ ! រីករាយថ្ងៃវាលេនថាយ !
            ពោលចប់នាងក៏ដាក់ស្ករគ្រាប់មីលហ្គីតាមួយដើមក្នុងដៃ​របស់ខ្ញុំ រួចបម្រុងងើប ចេញទៅ ខ្ញុំក៏ចាប់ដៃនាងទុក រួចស្តីទៅ នាងថា ៖
            « នៅអង្គុយកំដរខ្ញុំនៅទីនេះសិនបានទេ ? ខ្ញុំអត់មានអ្នក ណានៅក្បែរទេ នាង ជួយធ្វើជាមនុស្សស្រីម្នាក់នៅក្បែរខ្ញុំមួយ ភ្លេតបានទេ ? »
            នាងសម្លឹងមើលមកកែវភ្នែកខ្ញុំ​ ទាំងលួចអាណិតក្នុងចិត្ត ហើយក៏ដាក់ខ្លួនអង្គុយ ចុះវិញ ។ បាត់មាត់នាងមួយសន្ទុះ ទើបលឺ នាងសួរខ្ញុំថា ៖
            « តើលោកមានរឿងអ្វីជាមួយសង្សារលោកមែនទេ ? »
            ខ្ញុំដកដង្ហើមធំ រួចតប ៖
            « គេមិនមែនជាសង្សាររបស់ខ្ញុំទេ  ខ្ញុំឆ្កួតតែម្នាក់ឯង ខ្ញុំ ស្រឡាញ់គេតែម្នាក់ឯង ! នាងគិតទៅមើលថា ខ្ញុំដូចមនុស្សឆ្កួត​ ដែរទេ ? »
            « លោកកុំគិតអញ្ចឹងអី ! មនុស្សយើងអាចស្រឡាញ់គេ បាន ប៉ុន្តែយើងមិនអាច ហាមចិត្តស្រឡាញ់របស់យើងបានទេ ! ខ្ញុំដឹងថា មនុស្សដែលស្រឡាញ់គេតែ ម្ខាងវាឈឺ ចាប់ប៉ុណ្ណា ប៉ុន្តែយើងមិនអាចបង្ខំអោយគេមកស្រឡាញ់យើងបានដែរ ! ខ្ញុំ យល់ពី អារម្មណ៍របស់លោកនៅពេលនេះ តែខ្ញុំមិនដឹងថា ខ្ញុំ អាចជួយលោកបានដោយរបៀប ណានោះទេ ព្រោះវាជារឿង ដែលទាក់ទងទៅនឹងអារម្មណ៍ !»
            « នាងមិនបាច់ធ្វើអ្វីនោះទេ គ្រាន់តែនាងអង្គុយកំដរខ្ញុំ​មើលផ្កាយនៅទីនេះ គឺចាត់ ទុកថា ខ្ញុំសំណាងណាស់ទៅហើយ ! »
            ភ្លាមនោះ នាងលើកដៃចង្អុលទៅលើកមេឃ សួរខ្ញុំថា ៖
            « លោកសម្លឹងមើលផ្កាយទាំងនោះហើយឆ្លើយនឹងសំនួរ ខ្ញុំ តើផ្កាយដែលខ្ញុំចង្អុល នោះដូចអ្វី ? »
            ខ្ញុំព្យាយាមមើលផ្កាយទាំងនោះ ហើយចាប់ផ្តើមរើសផ្គុំវា អោយចេញជារូបរាង យ៉ាងយកចិត្តទុកដាក់ ប៉ុន្តែសត្វអ្វីក៏មិនដូច ។​ ខ្ញុំក៏និយាយទៅកាន់នាងវិញថា ៖
            « ខ្ញុំមើលវាមិនដឹងនោះទេ ថាវាដូចជាអ្វី ? នាងអាចចង្អុល វាម្តងទៀត ហើយប្រាប់ ខ្ញុំអោយដឹងផងបានទេ ? »
            នាងក៏លើកដៃចង្អុលទៅហ្វូងផ្កាយមួយក្រុមនោះតាមការស្នើរសុំរបស់ខ្ញុំ ហើយ ស្តីថា​ ៖
            « ខ្ញុំមិនមែនអោយលោកផ្គុំហ្វូងផ្កាយនោះទៅជាសត្វនោះ ទេ ប៉ុន្តែលោកនឹងអាច ផ្គុំហ្វូងផ្កាយទាំងនោះអោយក្លាយទៅជារូប មួយដ៏ស្រស់ស្អាត ! លោកសាកល្បងពិនិត្យ ហ្វូងផ្កាយនោះម្តង ទៀត លោកនឹងឃើញជាមិនខាន ! »
            ខ្ញុំសាកល្បងម្តងទៀតយ៉ាងយកចិត្តទុកដាក់បំផុត ទីបំផុត ខ្ញុំក៏ផ្គុំហ្វូងផ្កាយទាំង នោះ ចេញជារូបរាងបាន ។
            « ខ្ញុំផ្គុំហ្វូងផ្កាយនោះចេញហើយ ! » 
            « បើចេញ ឆាប់និយាយមក វាដូចជាអ្វី ? »
            « គឺបេះដូងមែនទេ ? »​
            « លោកពិតជាឆ្លាតណាស់​ ! លោកដឹងទេ ថាអត្ថន័យនេះ មានន័យថាយ៉ាងម៉េច ?
            « ខ្ញុំអត់ដឹងទេ ខ្ញុំគ្រាន់តែដឹងថា រូបបេះដូងដែលផ្គុំចេញ ពីហ្វូងផ្កាយនេះគឺស្រស់ ស្អាតខ្លាំងណាស់ ! »
            « អត្ថន័យរូបបេះដូងនេះគឺមានន័យថា បេះដូងមួយនេះ ផ្គុំបានលុះត្រាតែមាន ផ្កាយជាច្រើនទើបអាចផ្គុំចេញរូបរាងជា​បេះដូងដ៏ស្រស់ស្អាតបែបនេះ ប៉ុន្តែលោកគួរ ចងចាំថា​ វាក៏មិន អាចរលាយរូបរាងនេះបាន ព្រោះតែបាត់ផ្កាយមួយនោះទេ ! ដូច្នេះមិន មែនមានន័យថា ក្តីស្រឡាញ់អាចបំបែកបេះដូងរបស់ លោកអោយខ្ទេចខ្ទីបានដែរ ! លោកគួរតែរើសបំណែកបេះដូង នោះមកផ្គុំគ្នាថ្មី នឹងសម្រាប់ទុកអោយមនុស្សដែលគេ ស្រឡាញ់ លោក ! ខ្ញុំសង្ឃឹមថា​ លោកយល់ពីអ្វីដែលខ្ញុំនិយាយនេះ ! »
            ពាក្យសម្តីរបស់នាងធ្វើអោយខ្ញុំលួចសម្លឹងមើលរង្វង់មុខ ដ៏ស្រស់សោភាទាំង ក្រសែភ្នែកឥតព្រិច កែវភ្នែកស្រទន់ ធ្វើ អោយបេះដូងរបស់ខ្ញុំចាប់ផ្តើមកម្រើកសារជាថ្មី បបូរមាត់ ស្រស់ដូចផ្កាត្រូវទឹកសន្សើម រោមចញ្ចើមស្អាតដូចនារីរបាំ ឆាប ឆក់ យក អារម្មណ៍របស់ខ្ញុំដែលកំពុងតែវិលវល់អោយមកផ្តុំគ្នា មើល ពីស្រស់ស្អាតរបស់នាង ។ ខ្ញុំមិនបានដឹងឡើយថា មនុស្ស ស្រី ដែលកំពុងតែអង្គុយជិតខ្ញុំ បីដូចជាទេពអប្សរ ចុះពី ស្ថាន សួគ៌ា ។ កាន់តែលួចមើលនាង បេះដូងនឹងអារម្មណ៍ខ្ញុំហាក់បីដូច ជាបាន ធូរស្បើយ ពីទុក្ខាដែលធ្លាប់ទទួលបាន ។ នាងកាន់តែ និយាយ ភាពស្រស់ស្អាតរបស់ នាងកាន់តែលេច ឡើងនៅចំពោះ មុខខ្ញុំ ។
            ពេលអត់លឺខ្ញុំនិយាយអ្វីសោះ នាងក៏ងាកមុខមកមើលខ្ញុំ ហើយសួរខ្ញុំថា ៖
            « លោកកំពុងតែគិតអ្វីនឹង ? »
            « ខ្ញុំអត់មានគិតអ្វីទេ ! កំពុងតែស្តាប់នាងនិយាយនឹងណា !
            សម្លេងចាហ្លេម៉ូតូបានបន្លឺឡើងក្បែរខ្ញុំនឹងនាង ពេលនោះ ស្រាប់តែពោលឡើង ទាំងប្រញាប់ប្រញាល់ ៖
            « បងប្រុសខ្ញុំមកទទួលហើយ ! ខ្ញុំទៅមុនហើយ ! »
            ខ្ញុំក៏ស្រែកឃាត់នាង​៖
            « ឈប់សិន ! »
            « លោកមានរឿងអ្វីចង់និយាយទៀតមែនទេ ? »
            ខ្ញុំហុចកាដូនឹងដៃ រួចនិយាយថា ៖
            « ខ្ញុំជូននាង ! Happy Valentine’s Day !
            « ហេតុអ្វីក៏លោកអោយវាមកខ្ញុំ ?
« គឺសម្រាប់អរគុណ ដែលនាងអង្គុយកំដរខ្ញុំ ! ខ្ញុំយល់ពី អត្ថន័យនៃរូបបេះដូងនោះ ហើយ ! អរគុណពិតមែនណា ! តែសំខាន់ខ្ញុំមិនទាន់ស្គាល់ឈ្មោះ នាងនៅឡើយទេ ! »
            « លោកមើលរូបនោះម្តងទៀត លោកនឹងស្គាល់ឈ្មោះ របស់ខ្ញុំ ! ខ្ញុំទៅហើយ ! អរគុណសម្រាប់កាដូនេះ ! »
            នាងក៏ឡើងម៉ូតូទៅផ្ទះជាមួយបងប្រុសនាងបាត់ ទុកអោយ ខ្ញុំនៅឈរអេះអុញ សម្លឹងមើលនាងចេញទៅបាត់ ទើបខ្ញុំឡើង ម៉ូតូទៅផ្ទះដែរ ។
            មួយសប្តាហ៍កន្លងផុតទៅ អារម្មណ៍របស់ខ្ញុំលែងនឹកសិតា ចាប់ផ្តើមមានរូបរាង ស្រមោលមនុស្សស្រីម្នាក់នោះនៅក្នុងចិត្ត វិញម្តង ។ នាងធ្វើអោយបេះដូងដែលទទួលការ ឈឺចាប់របស់ខ្ញុំ ជាសះស្បើយយ៉ាងឆាប់រហ័ស ។
            យប់នេះ ខ្ញុំគេងមិនលក់សោះ អារម្មណ៍គិតដល់ពេល ដែលនាងកំពុងតែនៅ ក្បែរខ្ញុំជានិច្ច ។ នាងមិនបានប្រាប់ឈ្មោះ អោយខ្ញុំបានដឹងទេ តែនាងប្រាប់ខ្ញុំថា អោយ មើលរូបនោះម្តង ទៀតនឹងស្គាល់ឈ្មោះនាងហើយ ។ ខ្ញុំងើបមុខមើលហ្វូងផ្កាយ ដែល កំពុងតែរះចោលពន្លឺដ៏ត្រចង់ មើលលើទ្វីបលោកនេះ ប៉ុន្តែ នៅតែមិនអាចស្វែង រក ឈ្មោះ នាងបានឡើយ ។ ខ្ញុំមើលយូរៗទៅ ផ្កាយទាំងនោះស្រាប់តែចេញរូបរាង ជាបេះដូង ម្តងទៀត ហើយ រឹតតែស្អាតជាងមុនឆ្ងាយណាស់ ។ ខ្ញុំបានប្រាប់មិត្តភ័ក្កខ្ញុំពីរឿង​នេះដែរ ប៉ុន្តែគេមិនជឿថាមានផ្កាយជារូបរាងបេះដូងបែបនេះ​ទេ គេថាខ្ញុំឆ្កួតនឹងរឿងស្នេហ៍ ហើយបានជាមើលផ្កាយចេញរូប បេះដូង ។ តែថ្ងៃនេះ ខ្ញុំមិនធ្វើអោយខ្លួនឯងអាម៉ាស ទៀតនោះទេ ខ្ញុំទាញទូរស័ព្ទពីហោប៉ាវបម្រុងថតយករូបភាពដើម្បីធ្វើភស្តុតាង ស្រាប់ តែទូរស័ព្ទរបស់ខ្ញុំរោគ៍ឡើង ហើយស្រាប់តែលេច​លេខ ចម្លែកដែលខ្ញុំមិនដែលស្គាល់ ។ ខ្ញុំក៏ចុចទទួលរួចស្វាគមន៍យ៉ាង កក់ក្តៅ ៖
            « អាឡូ ! ជម្រាបសួរ !
            សម្លេងស្រីម្ខាងទៀតស្រាប់តែបន្លឺសួរខ្ញុំថា ៖
            « លោកគឺ វីតមែនទេ ? »
            ខ្ញុំកាន់តែចម្លែកក្នុងចិត្ត ហេតុអ្វីក៏លេខចម្លែកនេះស្គាល់ ឈ្មោះខ្ញុំ ។ ខ្ញុំអុញអុញ បន្តិតក៏តប ៖
            « បាទ ! ខ្ញុំនឹងហើយឈ្មោះវីត ! ហេតុអ្វីក៏ស្គាល់ខ្ញុំ ? ចុះ នាងជាអ្នកណា ហើយ ឈ្មោះអ្វី ? ធ្លាប់ស្គាល់ខ្ញុំដែលទេ ?​ »
            « ខ្ញុំជាអ្នកណាមិនសំខាន់ទេ  ! តែពេលនេះ ខ្ញុំតេមក​លោក គ្រាន់តែចង់អោយ លោកមើលផ្កាយលើមេឃ ហើយប្រាប់ ខ្ញុំបានទេ ថាវាមានរូបរាងដូចអ្វី ?
            អ្វីដែលខ្ញុំកាន់តែប្លែកគឺសំណួរនេះ ហេតុអ្វីក៏សំណួរនាង ដូចជាសំណួរនារីម្នាក់ សួរខ្ញុំកាលពីនៅមុខជាតិគ្រប់គ្រង់ម្លេះ ? រឺមួយនាង និងនារីម្នាក់នោះជាមនុស្សតែមួយ ។ មិនប្រាកដក្នុង​ចិត្តខ្ញុំក៏និយាយរបៀបលេងសើចជាមួយនាងបណ្តោះអាសន្នសិន ក្រែងលរ អាចស្តាប់សម្លេងនាងបាន ព្រោះសម្លេងនាង ខ្ញុំនៅ ចាំនៅឡើយ ។
            « ខ្ញុំឃើញហើយ គឺមានផ្កាយ និងព្រះចន្ទ ! »
            សម្លេងនាងក៏បន្លឺមកខ្ញុំម្តងទៀត ៖
            « ខ្ញុំដឹងហើយថា មានផ្កាយ និងព្រះចន្ទ ! ប៉ុន្តែខ្ញុំសួរលោក ថា ផ្កាយទាំងនោះ មានរូបរាងអ្វីខ្លះ ?
            « មានខ្លះដូចជា ទន្សាយ ខ្លះដូចជាសេះ មានអ្វីប្លែកទៅ ? »
            « គឺមាន ! លោកសាកមើលវាម្តងទៀត វាផ្កាយមួយក្រុម មានរូបរាងពិសេស ! លោកពិនិត្យវាអោយច្បាស់ទៅមើល៍ ! »
            ខ្ញុំដឹងបានបន្តិចម្តងៗ ពីនារីម្នាក់នេះហើយ ។ ខ្ញុំក៏សាក ល្បងបន្ថែម​ដើម្បីដឹង អោយ ច្បាស់ថា នាងជាអ្នកណា ?
            « គឺ……………មានផ្កាយមួយក្រុមមានរូបរាងជាបេះដូង មែនទេ ? »
             « លោកពិតជាឆ្លាតណាស់​ !​ »
            « បើខ្ញុំទាញមិនខុសទេនោះ គឺនាងឈ្មោះផ្កាយមែនទេ ? ហើយនារីម្នាក់ ដែល ខ្ញុំជួប នៅមុខជាតិគ្រប់គ្រង និងនាងគឺជា មនុស្សតែមួយ ពិតទេ?
            នាងក៏តបសួរមកខ្ញុំវិញ ៖
            « ហេតុអ្វីក៏លោកដឹង ? »
            « ទីមួយគឺសំណួរពីផ្កាយ ទីពីរគឺសម្លេង ! ខ្ញុំចាំសម្លេងនាង ច្បាស់ណាស់ ! ទីបីនាងប្រាប់អោយខ្ញុំមើលលើមេឃនឹងស្គាល់ ឈ្មោះនាង ទើបខ្ញុំទាញថា នាងឈ្មោះ ផ្កាយ ! តើពិតរឺអត់ ? »
            « សុំទោសដែលធ្វើអោយលោកលំបាកនឹងស្វែងរក ឈ្មោះរបស់ខ្ញុំ ?​ ហើយក៏ សុំទោសដែលរំខានលោកដែរ ! »
            « អ្នកណាថានាងរំខានខ្ញុំនោះ ! ខ្ញុំបន់អោយតែតេមកទេ ព្រោះខ្ញុំនឹកសម្លេង របស់នាង ! ចុះហេតុអ្វីក៏នាងស្គាល់លេខ​របស់ខ្ញុំ ? »
            « លោកនៅចាំរឿងកាដូនោះទេ ? ខ្ញុំស្គាល់វាតាមរយះ កាដូដែលលោកអោយខ្ញុំ ព្រោះលោកដាក់លេខក្នុងនោះ ! ពេល នេះលោក មានអារម្មណ៍ល្អវិញហើយរឺនៅ ? »
            « ខ្ញុំមានអារម្មណ៍ល្អតាំងពីខ្ញុំនៅក្បែរនាងមកម្លេះ មក​ដល់ពេលនេះ ខ្ញុំកាន់តែ មានអារម្មណ៍ថា សប្បាយចិត្តព្រោះនាង តេមកខ្ញុំ ! អរគុណណា៎ ដែលបានផ្តល់ស្នាម ញញឹមនោះអោយ ខ្ញុំ ! »
            « អោយតែលោកសប្បាយចិត្ត ខ្ញុំមិនទទួលគុណពីលោក ទេ ! ខ្ញុំតេទៅនេះ គ្រាន់តែចង់អោយលោក មើលផ្កាយនោះម្តង ទៀត ព្រោះបន្តិចទៀត ផ្កាយទាំងនោះ នឹងលែងនៅក្បែរលោក ទៀតហើយ ! អញ្ចឹងអស់ភារកិច្ចខ្ញុំហើយ ! រាត្រីសួស្តីណា៎ »
            « ឈប់សិនបានទេ ? អោយខ្ញុំនិយាយ អ្វីខ្លះដែលចេញពី ចិត្តបន្តិចបានទេ ? »
            « លោកមានអ្វីចង់និយាយ ? »
            « ខ្ញុំក៏ចង់អោយនាងមើលវាជាមួយខ្ញុំ ហើយខ្ញុំចង់ប្រាប់ តាមរយះផ្កាយ ទាំងនោះថា ខ្ញុំនឹកនាង ! កំដរខ្ញុំមើល ផ្កាយសិនទៅ បានទេ ? »
            បាត់សម្លេងនាងមួយសន្ទុះស្រាប់តែបន្លឺឡើងថា ៖
            « ចាស៎ បាន ! »
            ពួកយើងក៏សម្រេចចិត្តនៅតែនិយាយលេងតាមទូរស័ព្ទ ហើយមើលផ្កាយជា មួយ គ្នា  ។ នាងនិយាយបន្តើរ សើចបន្តើរ ធ្វើ អោយ អារម្មណ៍ អផ្សុករបស់ ខ្ញុំបាត់ភ្លាមមួយ រំពេច ។ ពួកយើង​និយាយច្រើនណាស់ រហូតដល់ខ្ញុំ ភ្លាត់មាត់និយាយ ប្រាប់នាងថា ខ្ញុំ ស្រឡាញ់នាង ។ ពេលលឺពាក្យខ្ញុំនាងបែរជាសើច រួចនិយាយ ​ពាក្យបន្លប់វិញ ។ នាងកំដរ ខ្ញុំនិយាយមើល ផ្កាយរហូត ជិតភ្លឺទើប នាងសុំខ្ញុំចូលគេង ព្រោះស្អែកនាង មានការងារត្រូវ ធ្វើច្រើ នទៀត ហើយពួកយើងណាត់ជួបគ្នានៅកន្លែងដដែល។  ខ្ញុំក៏ចូលគេង បន្ទាប់ពីបិទ ទូរស័ព្ទនាងទៅ ។
            ព្រឹកឡើង ស្រាប់តែខ្ញុំបានទទួលសារមួយពីលេខផ្កាយ ។ ក្នុងអត្ថន័យសារនោះ មានន័យថា ៖ 
           « អរគុណសម្រាប់ពាក្យស្រឡាញ់របស់លោកចំពោះខ្ញុំ ប៉ុន្តែខ្ញុំមិនអាចទទួលយក វាបានទេ ព្រោះវាជាក្តីស្រឡាញ់ស្មោះដែលលោករក្សាទុកយូរហើយ ហើយលោកយកវា មកអោយខ្ញុំក្នុងរយះពេលខ្លីដែលពួកយើងស្គាល់គ្នានេះ វាមិនសមនោះទេ ! ហើយខ្ញុំក៏មិន ដឹងថា ខ្ញុំអាចនៅក្បែរលោកបានយូរប៉ុណ្ណាដែរ ប៉ុន្តែខ្ញុំចង់អោយលោកយកក្តីស្រឡាញ់ នេះទុកជូនមនុស្សម្នាក់ដែលលោកសមនឹងអោយនាង ! សូមលោកថែរក្សាខ្លួនផង ណា៎ ! ព្រហ្មលិខិតជាអ្នកកំណត់ ឯនិស្ស័យគ្រាន់តែជានិស្ស័យតែប៉ុណ្ណោះ ! 
ពីមនុស្សស្រីម្នាក់
ផ្កាយ..........!
         អានចប់មិនទាន់ ខ្ញុំក៏បិទសារហើយលើកទូរស័ព្ទតេទៅនាង ប៉ុន្តែទូរស័ព្ទមិនចូល សោះ ខ្ញុំក៏ប្រញាប់ពាក់អាវទាំងមិនទាន់បានងូតទឹកផង ហើយជិះម៉ូតូឆ្ពោះទៅសួនមុខ សកលវិទ្យាល័យជាតិគ្រប់គ្រង ។ ហេតុអ្វីក៏មនុស្សព្រឹកនេះច្រើនម្លេះ ? ខ្ញុំចតម៉ូតូទុក រួចចុះ ដើររកនាងពេញទីនោះ ប៉ុន្តែមិនបានឃើញស្រមោលនាងទេ ។ ខ្ញុំដើររកនាងឡើងអស់ កម្លាំងរួចក៏ដាក់ខ្លួនអង្គុយទាំងអស់សង្ឃឹម ព្រោះអត្ថន័យសារនោះ គឺនាងមិនលែងនៅ ក្បែរខ្ញុំទៀតហើយ នាងទៅចោលខ្ញុំហើយ ។ ហេតុអ្វីក៏រយះពេលតែមួយយប់សោះ អ្វីៗ ផ្លាស់ប្តូរលលឿនម្លេះ ? តើនាងទៅណា តើនាងពិតជាដាច់ចិត្តទុកខ្ញុំចោលមែនទេ​?  កាន់តែគិត អារម្មណ៍របស់ខ្ញុំកាន់តែរង្វើរង្វាយ កាន់តែមានអារម្មណ៍ឯកា ព្រោះនាងលែង អាណិតខ្ញុំទៀតហើយ ។ មិនថានាងទៅណានោះទេ ខ្ញុំនឹងចាំនាងនៅទីនេះ តាមសន្យាដែល បានសន្យាកាលពីយប់មិញ ។ 
        ព្រះអាទិត្យយាងកាយសម្រាក ព្រះចន្ទក៏ដល់វេនមកបំភ្លឺភពផែនដីដ៏ស្រស់ត្រកាល ។ រយះពេលដែលខ្ញុំចាំនាងគឺ ២ថ្ងៃហើយ នៅតែមិនទាន់ឃើញនាងត្រឡប់មកបំពេញពាក្យ សន្យាដដែល ។ ខ្ញុំអង្គុយតាំងពីព្រះអាទិត្យរះ រហូតដល់ព្រះចន្ទរះវិញ រហូតដល់មនុស្ស នៅទីនោះនាំគ្នាគិតថា ខ្ញុំជាមនុស្សឆ្កួត ប៉ុន្តែខ្ញុំអត់ខ្វល់នោះទេ ទោះជាអ្នកណានិយាយថា យ៉ាងម៉េចក៏ដោយ ក៏ខ្ញុំនៅតែចាំនាងត្រឡប់មកវិញតាមពាក្យសន្យាដដែល ។ ពេលនេះ អ្វីក៏ខ្ញុំអត់ញ៉ាំដែរ មានតែទឹកទេដែលនៅក្បែរខ្ញុំជានិច្ច ។ ខ្លួនខ្ញុំទាំងមូលស្ទើរតែគ្មានកម្លាំង ទប់ខ្លួនឯងផង កុំថាឡើយក្រោកឈរ រឺដើរទៅណាមកណា ។ 
       ថ្ងៃទី ៣ ថ្ងៃទី ៤ ថ្ងៃទី ៥ ក៏បានកន្លងផុតទៀត កាន់តែចាំ កាន់តែបាត់ស្រមោលនាង ខ្ញុំលើកស្ករគ្រាប់ដែលនាងអោយខ្ញុំកាលពីថ្ងៃវ៉ាលេនថាយមើលទាំងទឹកភ្នែកស្រក់ហូរ ពេលនេះ ខ្ញុំកាន់តែអស់សង្ឃឹម ព្រោះនាងមិនត្រឡប់មិកវិញទេ ។ ខ្លួនប្រាណខ្ញុំកាន់តែ ទន់ខ្សោយទៅៗ ដបទឹកសុទ្ធនៅក្បែរខ្ញុំក៏កាន់តែច្រើន គ្មានអ្នកណាហ៊ានចូលមកយកទេ ព្រោះពួកគេគិតថា ខ្ញុំឆ្កួត ។ ខ្ញុំក៏ប្រមូលដបនោះចោលដោយខ្លួនឯង ស្រាប់តែមានសម្លេង មួយបានបន្លឺថា ៖
        « មានអ្វីអោយខ្ញុំជួយដែលទេ លោកពូ ? 
        គ្រាន់តែលឺគេហៅខ្ញុំថា លោកពូ ខ្ញុំស្រាប់តែលាន់មាត់ទាំងមិនងើយមុខមើលឡើយ ៖
       « មើលមកខ្ញុំចាស់ណាស់មែនទេ បានជាហៅខ្ញុំថា លោកពូនោះ ? 
       និយាយចប់ទើបខ្ញុំងើយមុខមើលម្ចាស់សម្លេង ស្រាប់តែកម្លាំងខ្ញុំត្រឡប់មកវិញទាំង អស់ ព្រោះមនុស្សដែលកំពុងតែឈរមុខខ្ញុំនេះគឺផ្កាយ ៖
        « ផ្កាយ................! 
        « បងវីត............! នេះបង..............? 
         នាងនិយាយមិនទាន់ចប់ផងខ្ញុំក៏ស្ទុះទៅអោបនាងពេញដៃ មិនខ្វល់ថាខ្លួនរបស់ខ្ញុំ មានខ្លិនបែបណានោះទេ ។ 
        « ហេតុអ្វីក៏នាងទៅចោលខ្ញុំ ? នាងមានដឹងទេ ថាខ្ញុំចាំនាងប៉ុន្មានថ្ងៃហើយ? 
       « ព្រោះតែមនុស្សស្រីដែលលោកទើបតែស្គាល់ម្នាក់នេះ លោកដាច់ចិត្តចាំខ្ញុំនៅទីនេះ តាំងពីថ្ងៃខ្ញុំមិនបានមកតាមសន្យាមែនទេ ? ហេតុអ្វីក៏លោកធ្វើបែបនេះ ? ហេតុអ្វីក៏​លោកបាបខ្លួនឯងអញ្ចឹង ? 
       « ក៏ព្រោះតែខ្ញុំស្រឡាញ់នាង នាងលឺអត់ ខ្ញុំស្រឡាញ់នាង ! 
       ខ្ញុំលែងនាងពីដៃ នាងក៏សួរខ្ញុំថា ៖
       « លោកមានមើលខ្លួនប្រាណរបស់លោកទេ ថា ខ្លួនលោកដូចជាអ្វី ? 
       « ដូចមនុស្សឆ្កួតមែនទេ ? 
       « ចុះបើដឹងហើយ ហេតុអ្វីចាំបាច់ធ្វើអញ្ចឹងទៀត ? 
       « ប្រាប់ហើយថា ព្រោះតែខ្ញុំស្រឡាញ់នាង ! ប៉ុណ្នឹងហើយនាងនៅតែមិនយល់ពីចិត្ត ខ្ញុំទៀតមែនទេ ? ខ្ញុំស្រឡាញ់នាងមែនណា៎ ផ្កាយ ...! សន្យាបានទេ ថាឈប់ធ្វើបាបខ្ញុំអោយ ចាំបែបនេះ ? 
        « បានន័យថា ៥ថ្ងៃនេះ លោកអត់បានញ៉ាំបាយទេមែនទេ ? 
        « អោយតែនាងត្រឡប់មកវិញ អ្វីក៏ខ្ញុំមិនត្រូវការដែរ ? 
        « លោកមិនត្រូវការ ប៉ុន្តែរាងកាយរបស់លោកត្រូវការ ! ល្មមដល់ពេលឈប់ធ្វើបាប ខ្លួនេងទៀតហើយ ! មោះ ខ្ញុំជូនលោកទៅញ៉ាំបាយ ! 
        នាងរៀបនឹងដើរចេញ ខ្ញុំក៏ចាប់ដៃនាងសួរថា ៖
        « ឈប់សិន ! ឆ្លើយនឹងខ្ញុំសិនបានទេ ? ខ្ញុំវះបេះដូងបង្ហាញអស់ហើយ ចុះនាង............?
     ខ្ញុំសួរនាងមិនទាន់ចប់ផង នាងស្រាប់តែខ្ទប់មាត់ខ្ញុំជាប់ រួចនាងនិយាយថា ៖
       « ខ្ញុំស្រឡាញ់លោក ! ប៉ុនណ្នឹងគ្រប់គ្រាន់ហើយរឺនៅ ? 
       « មិនត្រឹមតែគ្រប់គ្រាន់នោះទេ បាយក៏ខ្ញុំមិនចង់ញ៉ាំដែរ ប៉ុន្តែខ្ញុំចង់ងូតទឹក ! 
       « លោកអត់បាយ៥ថ្ងៃហើយ លោកគួរតែញ៉ាំបាយ ហេតុអ្វីក៏លោកចង់ងូតទឹក ?  សុខភាពលោកសំខាន់ជាងណា៎ !
       « ព្រោះខ្ញុំចង់អោបនាងជាមួយភាពក្រអូប មិនមែនខ្លិនឥឡូវនេះទេ ! ជូនខ្ញុំទៅងូតទឹក ទៅណា៎ ! 
       ពេលខ្ញុំនិយាយបែបនេះ ស្រាប់តែនាងស្ទុះមកអោបខ្ញុំទាំងខ្លួនខ្ញុំមានខ្លិនមិនល្អ ព្រោះ ៥ថ្ងៃនេះ ខ្ញុំអត់បានងូតទឹកសូម្បីតែបន្តិច ។ 
        « នេះនាងអោបខ្ញុំមិនស្អុយទេអី ? 
        « ស្អុយវាស្អុយហើយ ប៉ុន្តែសម្រាប់មនុស្សដែលខ្ញុំស្រឡាញ់ ទោះបីជាស្អុយប៉ុណ្ណា ក៏ខ្ញុំហ៊ានអោបដែរ រឺមួយលោកមិនពេញចិត្ត ! 
       « អត់ទេ... អ្នកណាថា ? បងស្រឡាញ់អូន .............! 
       « ដឹងហើយថា បងស្រលាញ់ អូនប៉ុណ្ណានោះ ! សុំទោសណា ដែលអោយបងចាំយូរ ! ផ្កាយម្នាក់នេះនឹងនៅក្បែរបងជានិច្ច ! ផ្កាយស្រឡាញ់បងវីត !
      អ្នកនៅទីនោះនាំគ្នាមើលខ្ញុំលាន់ ។ ទីបំផុតខ្ញុំរកឃើញស្នេហ៍ខ្ញុំវិញឃើញហើយ ខ្ញុំនឹង មិនអោយនាងទៅណាចោលខ្ញុំទៀតទេ ។ និស្ស័យគ្រាន់តែជានិស្ស័យ ប៉ុន្តែរឿងរបស់ខ្ញុំ ទាំងពីរគឺព្រហ្មលិខិតជាអ្នកចារ ដូច្នេះគ្មានអ្នកណាអាចបំបែកខ្ញុំបានឡើយ ។ ពួកយើងនឹង រស់នៅជាមួយគ្នាលុះអវសាន្តនៃជីវិតរៀងៗខ្លួន ។

សរសេរចប់នៅភ្នំពេញ ថ្ងៃ​​ អង្គារ ទី ១១ ខែ មេសា ឆ្នាំ ២០១២
និពន្ធដោយ ៖ ហៀង ធារ៉ា ( ព្រះអាទិត្យតូច ) 
សូមជួយរិះគន់ដើម្បីស្ថាបនានូវស្នាដៃនេះ ! 
អរគុណទុកជាមុនសម្រាប់ការកែលំអ ! 
កំណប់ស្នេហ៍ក្រៅបេះដូងគ្រាន់តែជារឿងប្រឌិត មិនបានយកសាច់រឿងអ្នកណាមក សរសេរឡើយ !  

2 comments:

អារម្មណ៍ល្អ said...

this is good story. i wait read it soon

Anonymous said...

Thank for your reading. Help me to feedback if I wrong sth.