បទចម្រៀងប្រចាំខែ

TuneList - Make your site Live

អត្ថបទថ្មីៗ

Wednesday, June 27, 2012

សួនកំណាព្យ ៖ កំណាព្យសងគុណ



កំណាព្យសងគុណ
(បទពាក្យប្រាំបី)

      -នឹកកាលកុមារមាតានៅក្បែរ
ពុកថ្នាក់ថ្នមថែបីបមរក្សា
ម៉ែថ្នមបុត្រីដូចទេពធីតា
ពុកថ្នមបុត្រាដូចទេវបុត្រ ។   

          -​ដល់កូនដឹងក្តីម៉ែបីចិញ្ចឹម
ពុកស្ម័គ្រស៊ូប្រឹងមិនខ្លាចនឿយហត់
រកប្រាក់ឱ្យរៀនខ្លាចកូនក្រក្សត់
ពុកម៉ែស៊ូហត់ខ្លាចកូនល្ងង់ខ្លៅ ។

          -ពុកម៉ែធ្វើការមិនដែលលំអៀង
ម៉ែប្រឹងក្រោមភ្លៀងពុកប្រឹងហាលក្តៅ
          បង្រៀនកូនៗទូន្មានប្រដៅ
អប់រំកូនចៅរស់ដោយសមធម៌ ។

          -ទៅណាមកណាកុំឆ្មើងកុំឆ្មៃ
ទោះចាស់ក្មេងក្តីត្រូវមានសីលធម៌
          លំទោនគោរពមិនត្រូវរើសពណ៍
ទោះមានរឺក្រសុទ្ធសឹងតែខ្មែរ ។

          -ពេលកូនឃ្លាតឆ្ងាយកាយកូនកំព្រា
តែមិនរងាព្រោះចាំពាក្យម៉ែ
          ខិតខំរៀនសូត្រធ្វើសិស្សពូកែ
យកជ័យឱ្យម៉ែឱ្យពុកញញឹម ។

          -ធ្វើជាកូនល្អក្នុងគ្រួសារ
យកការសិក្សាធ្វើក្តីសង្ឃឹម
          មិនថាភ្លៀងខ្លាំងរឺក៏រលឹម 
ត្រូវមានសង្ឃឹមទទួលថ្ងៃថ្មី ។

          - កំណាព្យសងគុណសូមស្មូតបំពេរ 
ថ្នមចិត្តពុកម៉ែធ្លាប់ផ្តល់រស្មី
          កូនមានថ្ងៃនេះព្រោះមានអ្នកថ្លៃ
ចិត្តស្មោះភក្តីសងគុណអ្នកវិញ ៕


និពន្ធចប់នៅភ្នំពេញ
ថ្ងៃ សុក្រ ទី ០១ ខែ ឧសភា ឆ្នាំ ២០១២
និពន្ធដោយ ៖ ហៀង​ ធារ៉ា
 ( ព្រះអាទិត្យតូច )
រក្សាសិទ្ធិ



No comments: