បទចម្រៀងប្រចាំខែ

TuneList - Make your site Live

អត្ថបទថ្មីៗ

Friday, July 6, 2012

សួនកំណាព្យ ៖ កំពង់ទឹកនឹកស្នេហ៍

កំពង់ទឹកនឹកស្នេហ៍
 ( បទពាក្យប្រាំពីរ )

-ស្រណោះទូកមួយជិះពីរនាក់
អូនស្មោះបងស្ម័គ្រចែវកម្សាន្ត
តាមដងទន្លេផ្ទះកល្យាណ
បងនិងភុំផានសាងស្នេហា

-ដៃកាន់ច្រវ៉ាមាត់ខំច្រៀង
ផ្តោះផ្តងសំនៀងនិងជីវា
ក្រោមពន្លឺនៃព្រះសូរិយា
ទន់ទាបយាត្រារៀបលិចទៅ

-ម្រាមដៃស្រឡូនលូកក្បង់ទឹក
បងគយគន់ភ្លឹកភ័ក្រ្កឆោមឆ្លៅ
វាយោបក់ផាត់កេសាទៅ
សម្រស់ពាលពៅដូចអប្សរា

-មិនបានប៉ុន្មានទ្រូងឃ្លាតស្រី
រូបស្រស់ចរណៃទៅធ្វើការ
ឡើងទៅក្រុងបន្សល់សន្យា
ទុកឲ្យរៀមរ៉ារស់រងា

-អូនប្រាប់បងថាកុំបារម្ភ
ក្នុងចិត្តមាសម៉ុមនឹកគ្រប់គ្រា
មានសូរិយាគឺមានចន្ទ្រា
បើនឹកស្ងួនភ្ញាបងមើលចន្ទ

-ទោះមើលព្រះខែមិនដូចស្ងួន
ព្រោះស្រស់នឹមនួនល្អលើសចន្ទ
ត្បិតបងក្រក្រីមិនប្រកាន់
ស្រស់ស្រីតូចតន់នៅស្នេហ៍បង។

-ឱកំពង់ទឹកនឹកអូនណាស់
តើពេលណាម្ចាស់អ្នកមកចង
ក្រងស្នេហ៍ភក្តីនិងស្នេហ៍ស្នង
កុំឲ្យស្នេហ៍បងស្មោះឥតន័យ

ក្រុងព្រះសីហនុខេត្តព្រះសីហនុ
សរសេរចប់ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ២០១
និពន្ធដោយ ហៀងធារ៉ា
( ព្រះអាទិត្យតូច )
រក្សាសិទ្ធិ


No comments: