បទចម្រៀងប្រចាំខែ

TuneList - Make your site Live

អត្ថបទថ្មីៗ

Tuesday, July 2, 2013

» កម្រងប្រលោមលោក​​ ៖ ហែកមេឃតាមស្នេហ៍អូន​ ( ៣ )





                         មួយសប្តាហ៍កន្លងផុតទៅ កែវក៏បានជាសះស្បើយដាច់ពីជំងឺគ្រុនក្តៅរបស់នាង ។ ចំណែករាជក៏ មិនសូវបានទៅលក់ ដូងក្រអូនគេ ព្រោះតែរវល់មើលថែជំងឺស្រី ។ ថ្ងៃនេះ អាការៈជំងឺស្រីបានធូរស្បើយ រាជក៏ រៀបចំខ្លួនទៅលក់ ដូចថ្ងៃធម្មតា ។ ពេលឃើញកម្លោះរៀបចំខ្លួន កែវក៏ដូរសម្លៀកបំពាក់ដែរ រួចចុះទៅឈរចាំ នៅក្បែរឡាន ។ នាយរាជរៀបចំរួចក៏ដើរទៅឡាន ស្រាប់តែប្រទះឃើញកែវនៅទៅនោះដែរ ក៏សួរ ៖ 
                        - នាងគិតចង់ទៅណា ? 
                        កែវញញឹមដាក់មាណព ទើបតប ៖
                        - គឺទៅធ្វើការជាមួយលោកនឹងណា៎ ! ខ្ញុំដេកនៅផ្ទះឡើងធុញទៅហើយ ! មិនចង់នៅម្នាក់ ឯងទេ ធុញណាស់ ! សុំទៅធ្វើការជាមួយផងណា៎ ! 
                        - តែនេះនាងកំពុងតែឈឺណា៎ ! 
                        - អត់ទេ ! ខ្ញុំជាហើយ ! លោកមិនដែលលឺចាស់ៗនិយាយថា បើឈឺនៅតែផ្ទះ មិនទៅ បញ្ចេញញើស គឺវាមិនជាទេ ! ឲ្យខ្ញុំទៅផងទៅណា៎ ! ខ្ញុំអាចធ្វើការបានដូចគេដូចឯងអញ្ចឹង ! 
                        ធីតាកែវដើរចូលទៅចាប់ដៃរាជ រួចចោលពាក្យយ៉ាងទន់ភ្លន់ទៅកាន់នាយ ៖
                         - កុំធ្វើមុខអញ្ចឹងអី ! ខ្ញុំអាចធ្វើការបានពិតមែន ! លោកមើលចុះខ្ញុំលែងកើតអីហើយ ! ឲ្យ ខ្ញុំសុំទៅផងទៅណា៎ ! នៅផ្ទះធុញណាស់ ! ញ៉ាំបាយគេ ត្រូវតែជួយធ្វើការគេ ! ណា៎ ទៅដែរណា៎ ! 
                          ក្រមុំអង្វរករខ្លាំងពេក រាជក៏លែងបដិសេដ ៖
                          ​- បានបាន! ទៅក៏ទៅចុះ តែហាមសួរច្រើនពេក ! ខ្ញុំមិនចូលចិត្តអ្នកនិយាយច្រើនទេ លឺទេ!  
​                          - ចាស៎ ! ធានាណា៎ ! ខ្ញុំមិននិយាយច្រើនទេ ! អរគុណ........! 
                          ស្រីស្រស់សប្បាយចិត្តឥតឧបមា ព្រោះនាងចង់ស្គាល់សមុទ្រផង ។ ក្រមុំរត់ឡើងឡាន យ៉ាងលឿន បន្ទាប់ពីទទួលការអនុញ្ញាតពីរាជ ។ កម្លោះហួសចិត្តនឹងចរិកស្រី លួចញញឹមពេលស្រីឡើងឡាន ខាងក្រោយបាត់ មិនឲ្យនាង ដឹងឡើយ ។ នាយក៏ឡើងឡានបើកចេញទៅ ។ 
                           មិនបាន ១០ នាទីផង ឡានរបស់រាជក៏បានមកដល់ឆ្នេរអូរត្រេសដ៏ស្រស់ស្អាត ។ គ្រាន់តែ ឡានចតឈប់ ស្ទើរមិនទាន់ កែវបានលោតចុះពីឡាន រត់សំដៅទៅឆ្នេរសមុទ្រទាំងបង្ហាញទឹកមុខសប្បាយរីក រាយ ហាក់បីដូចជា មនុស្ស គ្មានជំងឺអ្វីទាំងអស់ ។ នេះជាលើកទីមួយសម្រាប់ស្រី លើទឹកដីឆ្នេរខ្សាច់កំពង់ សោម ។ រលកបក់បោកឆ្នេរខ្សាច់ ប្រគុំបានជា បទតន្រ្តីដ៏ពិរោះរដំកំដរភ្ញៀវទេសចរណ៍ ដែលមកកំសាន្តឲ្យ រលាយអស់ ភាពហ្មងសៅ ទុក្ខសោកទាងពួង ជាពិសេសអាចធ្វើ ឲ្យមនុស្សឈឺបានជាសះស្បើយយ៉ាង លឿន មួយរំពេច កាលបានឃើញ និងលឺសម្លេងរលកនេះ ។ រាជបើកតូបបណ្តើរ កន្ទុយភ្នែកលួចដៀងសម្លឹង មើលសកម្មភាព របស់កែវបណ្តើរ ។ កែវកំពុងតែឆ្លក់វង្វេងនឹងសម្រស់ឆ្នេរខ្សាច់សរស្អាត ជាមួយលំហទឹក សមុទ្រដ៏ខៀវស្រងាត់ មិនបានខ្វល់ថា កន្លែងការងាររបស់រាជនៅកន្លែងណា ហើយជាអ្វីឡើយ ? កំពុងតែភ្លឹក ស្មារតីជាមួយសម្រស់ នាឆ្នេរសមុទ្រ សម្លេងមួយបានដាស់អារម្មណ៍ស្រីឡើង ៖ 
                            - មិនដែលបានឃើញសមុទ្រពីមុនមកទេមែនទេ ? 
                            មាណវីក៏ងាករកម្ចាស់សម្លេង នោះគឺរាជ !
                           - និយាយមិនលាក់ទៅចុះ ! នេះជាលើកទីមួយហើយសម្រាប់ខ្ញុំលើទឹកដីសមុទ្រដ៏ធំល្វើង ល្វើយបែបនេះ ! មិននឹកស្មានថា ខ្ញុំមានឪកាសបានស្គាល់ឆ្នេរខ្សាច់ដ៏ស្រស់ស្អាតបែបនេះទេ ! ការពិតគួរតែ អរគុណលោកទើបសម ! បើលោកមិនអនុញ្ញាតឲ្យខ្ញុំមក ក៏ខ្ញុំប្រហែលជាមិនស្គាល់សមុទ្រដែរ ! អរគុណ លោកហើយ ! ចុះឯណាកន្លែងធ្វើការរបស់លោក ? 
                            រាជចង្អុលទៅកាន់តូបមួយអែបដើមស្រល់ក្បែរមាត់សមុទ្រ កែវឃើញក៏លាន់មាត់ ៖ 
                            - លោកជាអ្នកលក់ដូងក្រអូប ? 
                            - មែនហើយ ! ខ្ញុំមិនមែនជាអ្នកធ្វើការធំដុំអីនោះទេ ! គ្រាន់តែជាកម្លោះលក់ដូងក្រអូប ប្រចាំត្រកូលម្នាក់តែ ប៉ុណ្ណោះ ! យ៉ាងម៉េច ? ឃើញហើយចង់ត្រឡប់ទៅផ្ទះវិញមែនទេ ? 
                            - អ្នកណាថា ? ខ្ញុំចូលចិត្តការលក់ដូរបែបនេះណាស់ ! តោះចាប់ផ្តើមទៅ ! 
                           ចប់វាចា កែវក៏ដើរតម្រង់តូបលក់ដូងក្រអូបរបស់រាជ ឯកម្លោះក៏ដើរតាមពីក្រោយទាំង គ្រវីក្បាលហួសចិត្តចំពោះអត្តចរិករបស់កែវ ។ តាំងពីគ្រួសាររបស់គេឃ្លៀតឆ្ងាយទៅ កែវម្នាក់គត់ដែលធ្វើឲ្យ រាជបញ្ចេញស្នាមញញឹមពីចិត្ត ។ រាជជញ្ជូនដូងចុះពីឡាន កែវក៏ជួយជញ្ជូន ទោះបីជារាជព្យាយាមឃាត់មិនឲ្យ នាងធ្វើ ព្រោះខ្លាចជំងឺនាងរើឡើង តែស្រីមិនស្តាប់ ។ អស់ដូងកន្លះគូថឡាន កែវក៏ដាក់ខ្លួនអង្គុយចុះ ទាំង លើកដៃជូតញើស ។ កម្លោះឃើញស្រីស្រស់យើងហត់ហូរញើស ក៏ដើរទៅកាប់ដូងពីផ្លែមកឲ្យស្រី ៖ 
                            -​ ញ៉ាំទឹកដូងសិនទៅ ! 
                             កែវទទួលដូងពីដៃរាជ ៖ 
                            - អរគុណ ! និយាយអញ្ចឹង ខ្ញុំនៅមិនទាន់ស្គាល់ឈ្មោះលោកនៅឡើយទេ ! តើលោកឈ្មោះអី ? 
                            - ហៅខ្ញុំថា រាជបានហើយ ! 
                            - ឈ្មោះរាជ ? ពិរោះតើ ! ឯខ្ញុំឈ្មោះកែវ ! 
                            - ហេតុអីក៏នាងមកទីនេះ ទាំងដែលនាងមិនធ្លាប់ស្គាល់ទីនេះសោះ ? 
                            - គឺខ្ញុំ.....
                            - ពូកាប់ដូងឲ្យខ្ញុំពីរ ! ( ក្មេងប្រុស )
                            - បាទបាន ! ចាំតិចក្មួយ ! 
                            រាជងាកមករកកែវ ហើយស្តី ៖ 
                            - ចាំប្រាប់ខ្ញុំពេលក្រោយក៏បាន ! សម្រាកសិនទៅ ! ខ្ញុំទៅលក់ដូងឲ្យក្មេងបន្តិច ! 
                            - តាមសប្បាយចាស៎៎ ! 
                             កែវលើកទឹកដូងក្រេបបន្តិចក៏ដើរចូលបន្ទប់ទឹកបាត់ ។ មួយសន្ទុះក្រោយ ចេញមកវិញ ក៏ឃើញមនុស្សប្រុសមាឌធំៗ បីនាក់កំពុងតែឈរសួរអ្វីម៉្យាងជាមួយរាជ ។ គ្រាន់តែឃើញ មនុស្សបីនាក់នោះ កែវត្រឡប់ខ្លួនចូល បន្ទប់ទឹកវិញយ៉ាងលឿន ហាក់បីដូចជាធ្លាប់ស្គាល់ពួកគេ ។ 
                           - ឯងធ្លាប់ឃើញនារីម្នាក់ក្នុងរូបថតនេះដែរទេ ? 
                              រាជមើលរូបថតដែលពួកគេបានបង្ហាញ ស្រាប់តែជារូបរបស់កែវ ។ នាយបែរមុខ ក្រឡេកទៅមើលកែវតែមិនឃើញស្រី នាយក៏ឆ្លើយ ៖ 
                          - បាទ ! មិនធ្លាប់ឃើញទេបង ! តើមានការអ្វីជាមួយស្រីម្នាក់នេះដែរទៅ ? 
                          - គ្មានអ្វីទេ ! បើមិនឃើញក៏អត់ទៅ មិនបាច់សួរទេ ! តោះពួកឯងទៅមុខទៀត ! 
                          ពួកនោះចេញបាត់ នីក៏មកដល់ ហើយសួររាជទាំងកែវភ្នែកសម្លឹងមើលពួកនោះ ៖ 
                         - បងរាជ ! តើពួកវានិយាយអ្វីជាមួយបង ? 
                          រាជតប ទាំងក្នុងចិត្តកំពុងតែគិត ៖
                         - គេរកអ្នកណាក៏មិនដឹង តែបងមិនស្គាល់ទេ ! 
                             កែវដើរចេញពីបន្ទប់ទឹកទៅរករាជយ៉ាងលឿន ៖
                         - នែ៎ លោក ! តើពួកនោះនិយាយអ្វីជាមួយលោក ? 
                            នីឃើញកែវភ្លាមក៏សួរកម្លោះរាជភ្លាម ៖
                         -​ បងរាជ ! នាងជាអ្នកណា ? ហេតុអីក៏នៅជាមួយបងរាជ ? 
                        - នាងជាមិត្តភ័ក្រ្ករបស់បង ! នី ! ពេលនេះបងរវល់បន្តិច ! ចាំពេលក្រោយចាំ និយាយគ្នាចុះណា៎ ! ខ្ញុំមានរឿងនិយាយជាមួយនាង !
                           ចបវាចាស្ទើរមិនទាន់ រាជក៏អូសដៃកែវចេញឆ្ងាយពីនី ឯនីឃើញរាជស្និទ្ធស្នាល នឹងស្រី ផ្សេងក្រៅពីខ្លួន នាងមានចិត្តខឹងនិងកែវយ៉ាងខ្លាំង ហើយក៏ត្រឡប់ទៅវិញទាំងចិត្តឆេះឆួលពេញដើម ទ្រូង ។ រាជអុសដៃនាងក្រមុំយើងមកដល់មុខបន្ទប់ទឹកក៏លែងដៃស្រីហើយសួរ ៖ 
                          - ប្រាប់ខ្ញុំតាមមកណា៎​ ថានាងជាអ្នកណា ! ហេតុអ្វីក៏មនុស្សប្លែកមុខទាំងបីនាក់ នោះតាមរក នាង ថែមទាំងមានរូបថតនាងនៅនឹងដៃពួកវាទៀត ? នាងពិតជាចោរដូចអ្វីដែលខ្ញុំបានគិតកន្លងមកមែនទេ ? 
                          - ពេលនេះខ្ញុំមិនអាចប្រាប់អ្វីលោកបានទេ ! ខ្ញុំត្រូវការសុវត្តិភាពសិន ! ហើយសំដីខ្ញុំនៅតែ មិនប្តូរ ! ខ្ញុំមិនមែនជាចោរដូចលោកបានគិតនោះទេ ! 
                          - ធ្វើយ៉ាងណាខ្ញុំជឿនាងបាន ? នាងមកពីណាក៏ខ្ញុំមិនដែលស្គាល់ ? នាងជាអ្នកណា ធ្លាប់ ធ្វើអ្វីក៏ខ្ញុំមិនដឹង ? ឲ្យខ្ញុំទុកចិត្តនាងម្តេចនឹងបានទៅ ? មនុស្សស្រីចិត្តពិសពុលណាស់ ! 
                          - មេត្តាកុំគិតថា ខ្ញុំអាក្រក់ពេកបានទេ ! ខ្ញុំយល់ថា វាពិបាកណាស់សម្រាប់ឲ្យមនុស្សដែល មិនធ្លាប់ស្គាល់យើងមកជឿ និងទុកចិត្តយើង តែខ្ញុំសូមធានា ថា ខ្ញុំមិនមែនជាមនុស្សអាក្រក់ដូចលោកគិតនោះ ទេ ! ពេលនេះ ខ្ញុំត្រូវការសុវត្តិភាព ខ្ញុំសង្ឃឹមថា លោកនឹងជួយខ្ញុំ ! 
                       ពួកមនុស្សចម្លែកមុខទាំងបីនោះទៅបាត់មួយសន្ទុះ ស្រាប់តែត្រឡប់មកវិញ រាជឃើញពួក វាមកវិញ ក៏រុញកែវចូលទៅក្នុងបន្ទប់ទឹក រួចស្តីបន្លប់កែវភ្នែក ៖ 
​                       - ធ្វើយ៉ាងណារកពេលឡើងឡានវិញឲ្យបាន​ ! ខ្ញុំជូននាងត្រឡប់ទៅផ្ទះ ! សង្ឃឹមថា ខ្ញុំ ជួយមនុស្សមិនខុសចុះ ! ៥ នាទីក្រោយខ្ញុំទៅតាមក្រោយ ! 
                       ពោលចប់ រាជក៏ដើរធ្វើមិនដឹងអ្វីទាំងអស់ រួចរៀបចំបិទតូប ។ ឆ្លៀតពួកវាដើរហួសតូប រាជបាត់ កែវក៏រត់ឡើងឡានយ៉ាងលឿនតាមដែរនាងអាចធ្វើបាន ។ ៥ នាទីបិទតូបរួច រាជក៏ដើរទៅតាម ក្រោយកែវ រួចក៏បើកឡានត្រឡប់ទៅផ្ទះវិញ ទាំងដែលលក់ដូងបានតែពីរផ្លែគត់ ។ រថយន្តសំចតដល់ផ្ទះ កម្លោះក៏ដើរទៅចាប់អូសដៃកែវ ដែលទើបតែចុះពីឡានទៅក្នុងផ្ទះ ដោយកាយវិកាខឹងសម្បា ។ 
                      - ពេលនេះខ្ញុំមិនខ្វល់ថា នាងជាអ្នកណា មកពីណានោះទេ តែខ្ញុំមិនអាចទុកនាងឲ្យនៅទីនេះ បន្តបានទេ ! 
                      - លោកស្តាប់ខ្ញុំនិយាយសិនបានទេ ? 
                      - ឲ្យខ្ញុំស្តាប់ហេតុផលនាង ទាំងដែលគេកំពុងតែតាមរកនាង ! នាងជាមនុស្សបែបណាក៏ខ្ញុំមិន ដឹង ហេតុអីក៏ខ្ញុំត្រូវស្តាប់ហេតុផលនាង ! 
                      - តែខ្ញុំជាមនុស្សបរិសុទ្ធពិតមែន ! ហេតុអីក៏លោកមិនជឿខ្ញុំ ? 
                      - មនុស្សបរិសុទ្ធដែលគេកំពុងតែតាមរកទាំងតក់ក្រហល់នឹងមែនទេ ? សុំទោស ខ្ញុំមិនជឿ នាងទេ ! 
                        ចប់វាចា រាជក៏ដើរចូលផ្ទះ កែវក៏វាចាឡើងធ្វើឲ្យនាយកម្លោះបញ្ឈប់ដំណើរខ្លួន ៖ 
                      - បាន ! បើលោកចង់ឃើញខ្ញុំជាសាកសពដែលត្រូវគេរំលោភក៏តាមចិត្ត ! មនុស្សប្រុសសុទ្ធ តែអាត្មានិយមទាំងអស់ !  និយាយមិនប្រាកដទាំងអស់ !
                        វាចាមិនទាន់ចប់សំដីផង ធីតាក៏ដើរបង្ហួសដំណើរទៅទាំងទឹកមុខស្រពោន បង្ហាញពីភាពអស់ សង្ឃឹមចំពោះភាពជឿទុកចិត្តលើនាយកន្លងមក ។ នាយកម្លោះលឺបែបនេះ ហាក់ឈរធ្មឹងគិតពីសំដីស្រី តែមួយ សន្ទុះក៏ដើរចូលទៅក្នុងបន្ទប់គេបាត់លែងចេញក្រៅ ។ ចំណែកនាងកែវ រើខោអាវតិចតួចរបស់ខ្លួនដាក់បង្វេច វិញ ខណៈរាជបានបញ្ចេញពាក្យដេញនាង ។ 
                       - អាត្មានិយមបំផុត ! ហេតុផលមួយម៉ាត់ក៏មិនស្តាប់ ! អាមនុស្សឆ្កួត អាមនុស្សចិត្តអាក្រក់ !
                       មាណវីមិនធ្វើជាមនុស្សមុខរឹងទេ ស្រីរៀបចំអ៊ីវ៉ាន់រួចរាល់ក៏ប្រញាប់ចាកចេញទាំងចិត្តមិន ទាន់អស់អាល័យផ្ទះ ដែលបានផ្តល់ស្នាមញញឹម និងក្តីសុខដល់នាង ទោះបីជាវាមិនមែនរយះពេលយូរ តែស្រី នៅចាំរាល់រាត្រីដែលនាងគេងមិនលក់ តែពេលនេះស្រីត្រូវឃ្លាតឆ្ងាយព្រោះតែមនុស្សមិនយល់ពីហេតុផល ។ 
                       កែវឈរសម្លឹងមើលផ្ទះមួយសន្ទុះ ទើបដាច់ចិត្តដើរចេញទៅទាំងអាល័យ ឯនាយរាជបាន លួចមើលស្រីតាមបង្ហួច តែនាយមិនខ្វល់ពីការចាកចេញរបស់នាងទេ ។​ មួយសន្ទុះក្រោយ ភ្លឺក្នុងបន្ទប់រាជក៏បាន រលត់ ។

                       ក្រោមពន្លឺភ្លើងគោមតាមដងវិថីនាតោពីរ យើងមើលឃើញស្រមោលស្រីកែវកំពុងតែដើរ តាមដងផ្លូវ ទាំងទឹកមុខស្រពាប់ស្រពោន បង្ហាញពីក្តីអស់សង្ឃឹម ត្បិតអីស្រីមិនដែលស្គាល់ទឹកដីនេះច្បាស់ ហើយត្រូវមកដើរទាំងយប់បែបនេះទៀត ។ ចុះបើដើរទៅជួបមនុស្សអាក្រក់ទាំងនោះ តើនាងនឹងត្រូវជាយ៉ាង ណា ? អាមនុស្សចិត្តអាក្រក់ នេះឯងធ្វើបែបខ្ញុំហើយដឹងទេ ? ជាតិនេះមិនផ្សងជួបឯងទៀតទេ ! ជៀសឲ្យឆ្ងាយ ពីមនុស្សបែបនេះ ! រអ៊ូក្នុងចិត្តចប់ស្រីក៏ដាក់ខ្លួនអង្គុយចុះយំដូចក្មេង ហើយដកដង្ហើមធំបង្ហាញពីអារម្មណ៍ដ៏ ពិបាករបស់ស្រី ។ នាងងើយមុខឡើយមើលមេឃា រួចវាចា ៖ 
                     - ជីវិតដែលធ្លាប់តែហ៊ឺហារបស់ខ្ញុំទៅណាអស់ហើយ ? ហេតុអីក៏ជីវិតខ្ញុំត្រូវមកជួបរឿងបែប នេះ ? ជួបមនុស្សល្អ មិនប្រកែកទេ​ តែនេះ សុទ្ធមនុស្សអត់ចិត្ត ថែមទាំងចិត្តខ្មៅទៀត ! ប៉ាម៉ាក់ ! ដឹងទេថា កូន នឹកប៉ាម៉ាក់ខ្លាំងណាំស់ ! ប៉ាម៉ាក់ដឹងទេ​ ថា កូនលំបាកណាស់ ! កូនមិនដែលរស់នៅក្នុងសណ្ឋានភាពបែបនេះទេ ! 
ពេលណាកូនបានទៅជួបប៉ាម៉ាក់វិញ ! នេះលុយសូម្បីតែមួយរៀលជាប់ខ្លួនក៏មិនមាន ! ឲ្យខ្ញុំធ្វើយ៉ាងណាទៅ ! 
                    ស្រីដកដង្ហើមធំ ជាញយដង តែនៅតែគ្មានវិធី ។ ស្រីងើបមុខឡើងក៏ឃើញស្លាកយីហោផ្ទះ សំណាក់ ស្រីក៏នឹកឃើញវិធីថាត្រូវធ្វើបែបណា ។ ស្រស់ស្រីក៏លើកវង្វេចអាវដើរតម្រង់ផ្ទះសំណាក់ ។ ប្រុសម្នាក់ ស្លៀកខោខោប៊យ ស៊កអាវយឺតពីលើដើរចេញមកក្រៅផ្ទះសំណាក់បញ្ច្រាស់ដំណើរគ្នា ធ្វើឲ្យកែវទប់ជំហរមិន ជាប់ក៏ដួលផ្ងាក់ក្រោយ តែចៃដន្យកម្លោះរហ័សក៏ស្ទុះទៅទប់ជំហរខ្លួននាងទាន់ពេល មិនឲ្យដួលដល់ដីទាន់ ។ ក្រមុំទប់ជំហរខ្លួនឯងជាប់ហើយ ក៏ប្រឡេសខ្លួនចេញពីដៃនាយកម្លោះទាំងរអៀស ឯកម្លោះសម្លឹងមុខស្រីទាំង រលួសវាចា ៖ 
                   - សុំទោស ! ខ្ញុំគ្មានអចេតនាទេ ! នាងមានកើតអីទេ ! 
                   ធីតាអោនមុខចុះ ទាំងមិនហ៊ានមើលមុខកម្លោះ រួចតប ៖ 
                  ​- មិនមែនកំហុសលោកទេ ! ខ្ញុំទេ​ ដែលត្រូវសុំទោសលោក ! ខ្ញុំសុំទោស ! 
                  - ចុះ អ្នកនាងមកទីនេះមានការអ្វីដែរ ? មានអ្វីខ្ញុំជួយបានទេ ! 
                  ចប់សំដី កម្លោះក៏ដកនាមប័ណ្ឌមួយសន្លឹក រួចហុចឲ្យស្រី ៖ 
                  - ខ្ញុំឈ្មោះយ៉ា ជាម្ចាស់ផ្ទះសំណាក់នេះ ! នេះជានាមប័ណ្ឌខ្ញុំ បើមានអ្វីខូតខាត ខ្ញុំស្ម័គ្រចិត្តទទួល ខុសត្រូវ ! ខ្ញុំពិតជាគ្មានអចេតនាមែន ! សុំទោស ! 
                 ស្រីកែវទទួលកាតនាមប័ណ្ឌកម្លោះ រួចសម្លឹងមើលមុខគេតិចៗ លួចគិតក្នុងចិត្ត ៖ 
                 - ហ៊ឺស..... ! នាយរាជឡប់ ! ទោះបីគ្មានលោក ខ្ញុំក៏ជួបមនុស្សល្អផ្សេង ! អរគុណលោកដែលជេរ ខ្ញុំឈឺៗ ដើម្បីឲ្យខ្ញុំបានមកជួបមនុស្សល្អដូចជាកម្លោះម្នាក់នេះ ! 
                 ធីតាហុចនាមប័ណ្ឌឲ្យទៅកម្លោះវិញ !
                 - ខ្ញុំមិនកើតអីធ្ងន់ធ្ងរទេ ! លោកទុកនាមប័ណ្ឌលោកវិញចុះ ! ខ្ញុំគ្រាន់តែចង់ឲ្យលោកជួយ......
                 នរ៖ក៏ប្រញាប់ឆ្លើយកាត់យ៉ាងរហ័ស ៖ 
                 - រឿងអីក៏បាន ! ឲ្យតែនាងនិយាយមក ខ្ញុំជួយបានគ្រប់យ៉ាង ! 
                 - គឺខ្ញុំមកទីនេះដើម្បីរកការងារធ្វើ ! តើផ្ទះសំណាក់លោករកបុគ្គលិកដែរទេចាស៎ ? 
                 - ចុះអ្នកនាងមានសម្ថតភាពអ្វីខ្លះ ? 
                 - ខ្ញុំគ្មានសម្ថតភាពអ្វីពិសេសទេ ! ខ្ញុំចេះភាសាអង់គ្លេស និងកុំព្យូទ័របន្តិចបន្តួច ! 
                 កម្លោះនឹកអរអ្វីម៉្យាង ក៏ញញឹមឡើងក្រោយលឺសំដីស្រី ទាំងវាចា ៖ 
                 - ត្រូវប៉ាន់ហើយច្ចឹង ! គាប់ជួនផ្ទះសំណាក់ខ្ញុំខ្វះអ្នកទទួលភ្ញៀវ ដូច្នេះអ្នកនាងអាចធ្វើការនេះបាន ? អ្នកទទួលភ្ញៀវ អ្នកនាងអាចធ្វើបានទេ ? 
                 គ្រាន់តែពាក្យថា អ្នកទទួលភ្ញៀវ ស្រីយើងបកក្បាលយ៉ាងងលឿន ទាំងមិនវាចាអ្វីមួយម៉ាត់ កម្លោះ ហាមាត់ឃាត់ស្រី ទាំងឆ្ងល់ ៖ 
                 - សុំទោសអ្នកនាង ! នេះមិនពេញចិត្តមុខតំណែងនេះមែនទេ ? បើអញ្ចឹងខ្ញុំមានមុខតំណែងផ្សេង សម្រាប់អ្នកនាង ! អញ្ចឹងធ្វើជាអ្នករៀបចំបន្ទប់ទៅ តែគ្រាន់តែការងារនេះហត់បន្តិច បើអ្នកមានពេញចិត្តចំពោះ ការងារដែល ខ្ញុំផ្តល់ដំបូង វាស្រួលជាងការងាររៀបចំបន្ទប់នេះ ។ 
                 លឺថា ការងារអ្នកទទួលភ្ញៀវស្រួល ស្រីក៏ចាប់ផ្តើមឆ្ងល់ ព្រោះការងារនេះ ស្រីតែងតែលឺចំពោះ បៀរកាដិន ហើយអ្នកធ្វើការងារនេះ សុទ្ធតែត្រូវអង្គុយកំដរភ្ញៀវផឹក ត្រូវភ្ញៀវខ្លះលូកលាន់ ចុះហេតុអីក៏នាយម្នាក់ នេះនិយាយថា ស្រួយ ។ គិតមិនយល់ ស្រីក៏ដាច់ចិត្តសួរ ៖ 
                 - ចុះការងារអ្នកទទួលភ្ញៀវដែលលោកនិយាយនោះ ធ្វើអ្វីខ្លះទៅ ? 
                 - គឺគ្រាន់តែចុះឈ្មោះភ្ញៀវដែលបានមកស្នាក់នៅទីនេះ ហើយគិតលុយពេលភ្ញៀវចេញវិញ ! គ្រាន់តែអ្នកនាងប្រើភាសាអង់គ្លេសជាមួយភ្ញៀវ វាមិនពិបាកដូចការងាររៀបចំបន្ទប់ដែលត្រូវប្រើកម្លាំងធ្ងន់ៗ នោះទេ ! 
                 យល់លំអិតពីការងារ កែវក៏បន្ធូរដង្ហើមធំ រួចវាចាតិចៗម្នាក់ឯង ៖
                 - ព្រះអើយ ! បែបនេះទេ ! ស្មានតែខ្ញុំត្រូវធ្លាក់ខ្លួនត្រូវធ្វើការងារនោះហើយ ! ខ្ញុំស្មានខុសសោះ ! ហ៊ើយ................! 
                 កម្លោះមិនបានយល់ពីអ្វីដែលស្រីគិតឡើយ ឃើញមុខនាងជូរ នាយកម្លោះក៏សួរ ៖
                 - យ៉ាងម៉េចហើយ ? មិនពេញចិត្តការងារទាំងពីរនេះទេមែនទេ ? អញ្ចឹងចាំខ្ញុំជួយរកការងារផ្សេង ឲ្យអ្នកនាងចុះ ! 
                 កែវក៏ប្រញាប់ស្តីឡើងភា្លម ៖
                 - មិនអីទេលោក ! ខ្ញុំអាចធ្វើបាន ! អញ្ចឹងខ្ញុំសុំធ្វើជាអ្នកទទួលភ្ញៀវចុះណា៎ ! 
                 កម្លោះអរណាស់ ពេលលឺសំដីស្រី នាយក៏តបទាំងចិត្តរំភើប ៖ 
                 - បានណា៎ ! អញ្ចឹង សម្រេចថា នាងធ្វើការទីនេះហើយណា៎ ! ចាំខ្ញុំឲ្យបុគ្គលិចចាស់ជួយបង្រៀនចុះ ! ចុះផ្ទះអ្នកនាងនៅទីណាដែរបាទ ? ឲ្យខ្ញុំជូនទៅផ្ទះទេ ? 
                - គឺខ្ញុំ.............. គ្មានផ្ទះសម្រាប់ស្នាក់នៅទេចាស៎ ! ខ្ញុំជាជនចំណាកស្រុក មិនមែនរស់នៅទីនេះ ទេ ! 
                 - មិនអីទេ ! អញ្ចឹងស្នាក់នៅទីនេះចុះ ! ចាំខ្ញុំឲ្យគេរៀបចំឲ្យនាងជាពិសេសចុះ ! ចុះញ៉ាំបាយហើយ រឺនៅបាទ ? 
                 - ក៏នៅដែរចាស៎ ! 
                 - មិនអីទេអញ្ចឹង ! តាមមកណា៎ ! ខ្ញុំឲ្យគេរៀបចំឲ្យ ! កុំបារម្ភអី ! តាមមកណា៎ !
                 ធីតាកែវក៏អោបបង្វេចដើរតាមនាយយ៉ាជាម្ចាស់ផ្ទះសំណាក់ ។ ញ៉ាំបាយរួចរាល់ គេគ៏រៀបចំ បន្ទប់តូចមួយសម្រាប់កែវស្នាក់នៅ និងធ្វើការទីនេះ ។ ក្រមុំហាក់បីដូចជាមានភាពកក់ក្តៅណាស់ ព្រោះបុគ្គលិក ទីនោះរួសរាយដាក់នាង និងទទួលនាងដ៏ភាពកក់ក្តៅ ។ ឯក្នុងបន្ទប់ដ៏ងងឹតរបស់រាជ កម្លោះនៅតែមិនទាន់គេង ដើរចុះដើរឡើង ក្នុងចិត្តគិតពីសំដីដែលកែវបាននិយាយជាមួយគេកាលពីក្បាលល្ងាច ។ ហាក់លួចអាណិត នាងបន្តិច តែកូនចិត្តមួយប្រាប់គេ ថា នាងជាមនុស្សស្រីដែលមិនស្គាល់មុខ​ ដូច្នេះ មិនត្រូវទុកចិត្តនាង ព្រោះ តែពាក្យសំដីតិចតួចនេះ ទេ ! ឯងត្រូវតែធ្វើខ្លួនជាកូនប្រុស មិនត្រូវរេរាចិត្តព្រោះតែមនុស្សស្រីដែលឯងស្គាល់ ត្រឹមតែមួយអាទិត្យនោះទេ ! កម្លោះក៏ដើរទៅបើកតន្រី្តលាន់បន្ទប់ ដើម្បីបន្លប់ចិត្តអាណិតនាងឲ្យដេកលក់ ជាមួយកូនចិត្តប្រឆាំងរបស់គេ ។ ពីមួយបទទៅមួយបទ រាជនៅតែប្រះខ្លួនទៅមកៗ គេងមិនទាន់លក់ ម៉ោងជិត ២ ទៅហើយ នាយនៅតែបិទភ្នែកមិនជិត ព្រោះតែស្រីចប៉ក់នោះ តែយ៉ាងណាក៏ឈ្នះ ភ្នែកកម្លោះ ទន់ទៅៗ រួចក៏គេងលក់ទាំងតន្ត្រីបើកជាប់រហូត ។ 


សូមរង់ចាំទស្សនាវគ្គ ៤ !
               









No comments: