បទចម្រៀងប្រចាំខែ

TuneList - Make your site Live

អត្ថបទថ្មីៗ

Thursday, November 1, 2012

សួនកំណាព្យ ៖ ភូមិថ្លាចម្ការស្នេហ៍


ភូមិថ្លាចម្ការស្នេហ៍
(បទពាក្យប្រាំបី)

- បារាយណ៍បានជិតជីនិតបានស្នេហ៍
កំពង់ស្វាយក្បែរសន្ទុកប្រាថ្នា
សណ្តាន់ជួបភ័ក្រ្កស្ទឹងសែនស្នេហា
បែកចានវាចាអណ្តូងពោធ៍ស្នេហ៍ស្រី ។

_ ប្រាសាទសំបូរណ៍បរិបូរណ៍ចិត្តស្មោះ
តាំងគោងផ្តងផ្តោះច្រនៀងភក្តី
សៀមរាយចង់ប្រាប់ស្រះបន្ទាយក្តី
កន្ទុំស្នេហ៍ថ្មីស្រីអ្នកចម្ការ ។

- រស្មីរំដោះចិត្តស្មោះឥតល្អៀង
សូយោងព្រមព្រៀងច្រៀងរឿងស្នេហា
ពង្រគួចចិត្តអូរាំងប្រាប់ថា
ផ្កាស្រុកចម្ការផស់ខ្លុយកើតទេ ។

- ខ្លុយលិចច្រណែនខ្ញោមលួចប្រច័ណ្ឌ
តាម៉ីបានកាន់ដៃស្រស់មាសមេ
ថ្មអណ្តែតខកចិត្តជ្រលងនឹកគេ
អណ្តូងច្រុះបំពេរកំណាព្យរាត្រី ។

- វាលតូចឈឺចាប់គ្រើលហូរទឹកភ្នែក
ទួលតាអៀមស្រែកប្រាប់បេះដូងស្រី
រំលងសង្វែកតែងនឹករំពៃ
ជីវភាពនឹកដៃស្រីម្ចាស់ចំការ ។

- ត្រពាំងវែងលឺក៏ចាប់ចិត្តភ្លាម
សំរៀងដាមដៀមព្រោះចង់ស្នេហា
ភូមិប៉ាងស្រម៉ៃចង់ប៉ះកាយា
ហាន់ទ្វាររៀបការតែមិនបាននាង ។

- ខកចិត្តស្ទើរអស់កម្លោះពេញស្រុក
មានខ្លះកើតទុក្ខស្ទើរតែស្រែកច្រៀង
អង្វរក្រមុំសុំស្រឡាញ់នាង
ប៉ុន្តែចម្រៀងច្រៀងមិនបានស្នេហ៍ ។

- ថ្លាក្រៅមិនជ្រួលព្រោះជាគូរព្រេង
មិនមែនថាលេងកុហកអ្នកទេ
ផ្កាស្រុកស្រែនេះគឺមានម្ចាស់ស្នេហ៍
គូរពីបុព្វេរគឺកវីនេះ ៕

ក្រុងព្រះសីហនុ
ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១២
និពន្ធដោយ ៖ ហៀង ធារ៉ា
(ព្រះអាទិត្យតូច)

រក្សាសិទ្ធិ

No comments: