បទចម្រៀងប្រចាំខែ

TuneList - Make your site Live

អត្ថបទថ្មីៗ

Thursday, November 1, 2012

សួនកំណាព្យ ៖ ទឹកដោះម្តាយថ្លៃ



ទឹកដោះម្តាយថ្លៃ
(បទពាក្យប្រាំបី)


          -គយគន់ព្រះចន្ទនឹកដល់អ្នកម៉ែ 
ដួងចិត្តឥតល្ហែនឹកដល់លោកពុក
        ឃ្លាតបងឃ្លាតប្អូនមិនសូវជួបមុខ
មិនដឹងសុខទុក្ខអ្នកជាយ៉ាងណា

-រាត្រីសែនស្ងាត់ខ្យល់ផាត់ប៉ះកាយ
គន់សម្លឹងផ្កាយឆ្ងាយដួងតារា
ពពកជុំជិតបាំងផ្ទៃមេឃា
កូនរស់រងាកណ្តោចកណ្តែង

        -ធ្លាប់រស់ជួបជុំនៅក្រោមដំបូល
ពុកម៉ែជាស្នូលក្នុងការចាត់ចែង
ឲ្យកូនរៀនសូត្រមិនឲ្យលីសែង
ពេលចាស់ខ្លាចក្រែងអនាគតមិនល្អ

        -ទោះបីលំបាកលោកស៊ូញញឹម
ផ្តល់ក្តីសង្ឃឹមដល់កូនបវរ
ត្រូវប្រឹងរៀនសូត្រកុំឲ្យខ្លួនក្រ
បើទោះបីក្រកុំក្រវិជ្ជា។

        -រៀនរស់នឹងគេមិនត្រូវកោងកាង
ចូលកូនកុំសាងគំនុំកម្មពារ
រឿងរ៉ាវតិចតួចអត់អោនឲ្យគ្នា
យើងសុទ្ធតែជាកូនខ្មែរថ្លៃថ្នូរ

        -កូនរស់ថ្ងៃនេះចងចាំពាក្យម៉ែ
ទោះរាប់រយខែនៅតែមិនប្តូរ
រស់ជាកូនល្អនាមខ្មែរថ្លៃថ្នូរ
ទឹកចិត្តបរិបូរណ៍សណ្តោសប្រណី

        -កូនខិតខំរៀនដើម្បីសងគុណ
មិនខ្លាចឈឺគ្រុនស៊ូរៀនយកជ័យ
ត្រឡប់ទៅស្រុកបម្រើអ្នកថ្លៃ
ទឹកដោះម៉ែថ្លៃជាស្ពាននៃកូន    
                
ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ថ្ងៃទី២២ ខែ កក្កដា ឆ្នាំ ២០១២
និពន្ធដោយ ហៀង ធារ៉ា
( ព្រះអាទិត្យតូច )
រក្សាសិទ្ធិ

No comments: