បទចម្រៀងប្រចាំខែ

TuneList - Make your site Live

អត្ថបទថ្មីៗ

Tuesday, July 10, 2012

សួនកំណាព្យ ៖ សម្រស់ស្នេហ៍បុប្ជាជនបទ





សម្រស់ស្នេហ៍បុប្ជាជនបទ
( បទពាក្យប្រាំពីរ )

-នឹកអនុស្សាកន្លងហួស
ចិត្តធ្លាប់រងគ្រោះព្រោះស្នេហា
បានដល់ជនបទលង់ចិន្តា
ស្រស់ស្រីបុប្ជានៅស្រុកស្រែ ។

-អូនជាក្រមុំអ្នកចម្ការ 
តែមានចរិយាសមជាខ្មែរ
គោរពចាស់ទុំស្តាប់ពាក្យម៉ែ
រៀនសូត្រខំថែវប្បធម៌ខ្លួន ។

-ត្បិតជាបងស្រីក្នុងគ្រួសារ 
ខិតខំធ្វើការបានខ្ជាប់ខ្ជួន
មុនគេងបង្រៀនដល់ប្អូនស្ងួន
ទើបរៀបចំខ្លួនគេងតាមក្រោយ ។

-ព្រលឹមមិនទាន់ភ្ញាក់មុនម្តាយ 
ប្រញាប់រៀបកាយធ្វើឲ្យហើយ
កិច្ចការក្នុងផ្ទះមុខនិងក្រោយ
ទើបស្រស់ត្រាណត្រើយទៅសាលា ។

-ពេលជួងចេញភ្លាមមិនអែអង់
ព្រោះចិត្តតូចតន់គិតគ្រួសារ
ថ្វីពុកនិងម្តាយទៅចម្ការ
មានតែជីវាជាបង្អែក ។

-ពេលភ្លៀងធ្លាក់ភ្លាមមិនចាំយូរ
ប្រញាប់គិតគូរមិនចាំស្អែក
ជួយធ្វើស្រែម្តាយមិនប្រកែក
ទោះចិត្តខំចែកខ្លួនជាស្រី ។

-ការងារក្នុងផ្ទះធ្វើគ្មានសល់
មិនឲ្យម្តាយខ្វល់ទោះយប់ថ្ងៃ
មិនដើរផ្ទះគេនាំអប្រិយ
មានពាក្យពីរបីស្រីមិនល្អ ។

-នេះចំជាស្រីអ្នកចម្ការ 
មាយាទចរិយាស្រស់បវរ
ខិតខំរៀនសូត្រទោះខ្លួនក្រ
ដើម្បីត្រដរដូចគេឯង ។

-តាមដានអូនយូររឹតស្រឡាញ់
ក្នុងចិត្តលួចខ្នាញ់ចង់ថ្លាថ្លែង
ប្រាប់រឿងបេះដូងតែខ្លាចក្រែង
ពេលរៀមហាស្តែងអូនខឹងបង ។

១០-ទោះផ្កាជនបទក៏បងស្ម័គ្រ
ក្នុងចិត្តជំពាក់ស្នេហ៍នួនល្អង
កុំគិតថាមើលងាយស្នេហ៍ស្នង
តែបេះដូងប៉ងស្នេហ៍ស្រីពិត ។

១១-កវីផ្ញើស្នេហ៍ម្ចាស់ចម្ការ
ផ្ញើពាក្យស្នេហាប្រាប់វមិត្រ
កវីស្នេហ៍អូនមិនប្រែចិត្ត
សូមផ្ញើជីវិតដីស្រុកស្រែ ៕       
        
                                                        ក្រុងព្រះសីហនុខេត្តព្រះសីហនុ
សរសេរចប់ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ២០១
និពន្ធដោយ ហៀងធារ៉ា
( ព្រះអាទិត្យតូច )

រក្សាសិទ្ធិ

No comments: